ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ យើងត្រូវថែរក្សាឱ្យបាននូវសន្តិភាព និងការបង្រួបបង្រួមជាតិ

ចែករំលែក៖

ភ្នំពេញ ៖ នៅក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី២៨ ថ្ងៃបង្កើតបញ្ជាការដ្ឋានទ័ពពិសេស (៩ វិច្ឆិកា ១៩៩៥ – ៩ វិច្ឆិកា ២០២៣) នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលប្រារព្ធធ្វើឡើងនៅខណ្ឌកំបូល រាជធានីភ្នំពេញ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា  បានថ្លែងថា សន្តិភាពនិងការបង្រួបបង្រួមជាតិ គឺពិបាកណាស់ទម្រាំរកបាន ដូច្នេះយើងត្រូវតែចូលរួមថែរក្សាការពារឱ្យបាននូវសន្តិភាពនិងការបង្រួបបង្រួមជាតិដែលយើងរកបានដោយលំបាក។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា យើងក៏ត្រូវអនុវត្តយុទ្ធសាស្រ្តការពារដើម្បីអភិវឌ្ឍ និងអភិវឌ្ឍដើម្បីការពារ ដើម្បីជាផលប្រយោជន៍ដល់ប្រទេសជាតិ និងប្រជាជនកម្ពុជាយើង។

នៅក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា សមិទ្ធផលទាំងនេះ ក៏បានកើតចេញពីការលះបង់នូវសាច់ស្រស់ឈាមស្រស់ របស់យោធិនជំនាន់មុនរបស់កម្ពុជា។ សម្ដេចនាយករដ្ឋមន្រ្ដី ក៏បានឧទ្ទិសនូវសមិទ្ធផលដែលកម្ពុជា កំពុងទទួលបាននាពេលនេះ ដល់យោធិនដែលបានពលីទាំងអស់ ក្នុងការការពារជាតិ និងបូរណភាពទឹកដីកម្ពុជា។ 

សម្តេចធិបតីនាយករដ្ឋមន្រ្តីថ្លែងថា ៖ ការបញ្ជូនកងទ័ពមួកខៀវទៅកាន់ប្រទេសនានា នៅលើពិភពលោក គឺជាសកម្មភាពមនុស្សធម៌សុទ្ធសាធ និងដើម្បីបញ្ជាក់ថា កម្ពុជាស្រឡាញ់នូវសុខសន្តិភាពផងដែរ។

សម្តេចធិបតី បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តសកម្មភាព សហការជាមួយអង្គការសហប្រជាជាតិ បញ្ជូនកងទ័ពកម្ពុជា ដើម្បីចូលរួមក្នុងបេសកកម្មរក្សាសន្តិភាព។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា វាយតម្លៃខ្ពស់ចំពោះ បញ្ជាការដ្ឋានទ័ពពិសេស ដែលក្នុងរយៈពេល២៨ ឆ្នាំកន្លងមកនេះ បានចូលរួមចំណែកយ៉ាងសកម្មក្នុងការការពារជាតិ និងបូរណភាពទឹកដីកម្ពុជា ក្នុងនោះរួមទាំងការចូលរួមចំណែកបោសសម្អាតមីនចេញពីផ្ទៃដីកម្ពុជាផងដែរ ៕ 

ដោយ ៖ សហការី


ចែករំលែក៖