ព័ត៌មានទាន់ហេតុការណ៍៖

នៅភាគខាងជើងហ្គាហ្សា អ៉ីស្រាអែលយល់ព្រមឈប់បាញ់៤ម៉ោងក្នុងមួយថ្ងៃ

ចែករំលែក៖

សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានផ្សាយថា សេតវិមាន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅក្នុងតំបន់) បាននិយាយថា អ៉ីស្រាអែលបានយល់ព្រមទទួលយកការឈប់បាញ់រយៈពេល៤ម៉ោងក្នុងមួយថ្ងៃ នៅភាគខាងជើងនៃតំបន់ហ្កាហ្សា ដើម្បីសម្រួលដល់ការជម្លៀសខ្លួនសម្រាប់ជនស៊ីវិលចេញពីតំបន់ជម្លោះ។
ក្នុងសន្និសីទសារព័ត៌មានមួយ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខសេតវិមាន លោក John Kirby បាននិយាយថា ការឈប់បាញ់ខាងលើនឹងសម្រួលដល់ការជម្លៀសខ្លួនសម្រាប់ជនស៊ីវិលតាមច្រករបៀងចំនួន២ ហើយអាចនឹងត្រូវបានប្រើប្រាស់ដើម្បីឈានទៅរកការដោះលែងចំណាប់ខ្មាំង។ លោក John Kirby បានគូសបញ្ជាក់ដូច្នេះថា «យើងបានដឹងថា អ៉ីស្រាអែលនឹងអនុវត្តការឈប់បាញ់រយៈពេល៤ម៉ោងក្នុងមួយថ្ងៃ នៅតាមតំបន់មួយចំនួននៃភាគខាងជើងតំបន់ហ្កាហ្សា»។
ប៉ុន្តែ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា ការវាយលុករបស់អ៉ីស្រាអែលប្រឆាំងក្រុមហាម៉ាស់នឹងនៅតែបន្តធ្វើឡើង ហើយការឈប់បាញ់នឹងត្រូវធ្វើឡើងរប៉ាត់រប៉ាយនៅតាមតំបន់ពិសេសដែលត្រូវបានកំណត់តែប៉ុណ្ណោះ។
ការសម្រេចចិត្តខាងលើរបស់អ៉ីស្រាអែលកើតមានឡើងបន្ទាប់ពីមានសេចក្ដីរាយការណ៍ថា លោក ចូ បៃដិន បានស្នើឱ្យលោក Netanyahu ទទួលយកការឈប់បាញ់យ៉ាងហោចណាស់៣ថ្ងៃ ដើម្បីសម្រួលដល់កិច្ចចរចាដោះលែងចំណាប់ខ្មាំង ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទមួយ កាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅនេះ៕ ដោយ៖ធីរីណា

រូបថត​៖ VOV.VN


ចែករំលែក៖