ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងកោតសរសើរចំពោះបញ្ជាការដ្ឋានទ័ពពិសេស៩១១ ដែលសម្រេចបាននូវសមិទ្ធផលជាច្រើនជូនជាតិ និងប្រជាជនកម្ពុជា ក្នុងរយៈពេល ២៨ឆ្នាំកន្លងមកនេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងការកោតសរសើរនេះ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីអបអរសាទរ «ខួបអនុស្សាវរីយ៍លើកទី២៨ ថ្ងៃបង្កើតបញ្ជាការដ្ឋានទ័ពពិសេស(៩វិច្ឆិកា ១៩៩៥-៩វិច្ឆិកា ២០២៣)»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ឲ្យដឹងថា បញ្ជាការដ្ឋានទ័ពពិសេស៩១១ បានដើរតួនាទីសំខាន់លើគ្រប់វិស័យ និងចូលរួមនូវគ្រប់បេសកកម្ម។ ក្នុងនោះ ពួកគេបានចូលរួមក្នុងកិច្ចការពារបូរណភាពទឹក ការពារសន្តិសុខជាតិ ការប្រឆាំងភេវរកម្ម ការប្រឆាំងគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងការដោះមីនចេញពីក្នុងដីនិងក្នុងទឹក ជាពិសេសការចូលរួមជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះហន្តរាយផ្សេងៗបានទាន់ពេលវេលា។
សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យធ្វើការពង្រឹងដល់សាលានាយទាហាន តាមគោលនយោបាយ ឯករាជ្យ និងប្រទាក់ក្រឡា ដើម្បីដំឡើងកម្រិត និងការបណ្ដុះបណ្ដាលនាយទាហាន។ ចំណែកសាកលវិទ្យាល័យការពារជាតិ គួរផ្តោតលើការពង្រឹងយុទ្ធសាស្រ្តស្រាវជ្រាវ និងកិច្ចការងារការពារជាតិ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ៖ ការធ្វើទំនើបកម្មទ័ពពិសេស គឺផ្ដោតលើការធ្វើទំនើបកម្មចំនួន ៣ យ៉ាង ក្នុងនោះ មានការធ្វើទំនើបកម្មរចនាសម្ព័ន្ធ ការធ្វើទំនើបកម្មហ្វឹកហ្វឺន និងការធ្វើទំនើបកម្មសម្ភារៈ ឬគ្រឿងបំពាក់សម្រាប់យោធា។
សម្តេចធិបតី បញ្ជាឱ្យកងទ័ពកម្ពុជា ត្រូវយកចិត្តទុកដាក់បន្ថែមលើការធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យា ដើម្បីការពារជាតិ និងប្រយុទ្ធប្រឆាំងនឹងក្រុមភារវកម្មតាមប្រព័ន្ធបច្ចេកវិទ្យាដែលកំពុងកើតមាននាពេលបច្ចុប្បន្ននេះ៕
ដោយ ៖ សហការី