ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ តំបន់ចំនួន ២ បានក្លាយជាសាលាហ្វឹកហាត់ជំនាញកងទ័ពយូរអង្វែង

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ កងយោធពលខេមរភូមិន្ទបានបង្កើតសាលាហ្វឹកហ្វឺនមួយនៅតំបន់ឱរ៉ាល់ ដែលមានលក្ខណៈយូរអង្វែង សម្រាប់បង្វឹកជំនាញលោតឆ័ត្រយោង ជំនាញប្រឆាំងភេរវកម្ម និងជំនាញទ័ពពិសេស។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២៣ នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ «ខួបអនុស្សាវរីយ៍លើកទី២៨ ថ្ងៃបង្កើតបញ្ជាការដ្ឋានទ័ពពិសេស (៩ វិច្ឆិកា ១៩៩៥ – ៩  វិច្ឆិកា ២០២៣)»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា នៅកោះតាគៀវ ក៏មានកសាងសាលាហ្វឹកហ្វឺននៅទីនោះមួយដែរ ដោយក្នុងនោះក៏មានទាំងការកសាងសមិទ្ធិផលផ្សេងៗទៀតជាច្រើន។ 

សម្ដេចធិបតី បានគូសបញ្ជក់ថា សមិទ្ធផលទាំងនេះ មិនអាចកាត់ផ្តាច់ពីការចូលរួមចំណែករបស់កងទ័ពជាមិត្ត និងប្រទេសជាមិត្ត ស្ថាប័នដៃគូសម្ព័ន្ធមេត្រីភាព ព្រមទាំងសប្បុរសជនជាច្រើន ដែលបានចូលរួមចំណែកនៅក្នុងកសាងកងទ័ព ជាពិសេសគឺបញ្ជាការដ្ឋានកងទ័ពតែម្តង។ 

សម្ដេចធិបតីនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានណែនាំ និងដាស់តឿន ដល់កងកម្លាំងនៃកងយោធពលខេមរភូមិន្ទទាំងអស់ ត្រូវបង្កើនជំនាញ ប្រឆាំង អំពើភេរវកម្មឱ្យបានសកម្ម និងខ្លាំងក្លាបន្ថែមទៀត ខណៈសព្វថ្ងៃកម្ពុជាពុំដែលមានការ គំរាមកំហែងណាមួយពីភេរវករ ក៏ដោយនោះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កងទ័ពទាំងអស់ត្រូវតែបង្កើនការប្រុងប្រយ័ត្ន ចំពោះ ភេវរកម្ម បើទោះបីបច្ចុប្បនេះកម្ពុជា ពុំដែលមានការ គំរាមកំហែង ណាមួយពីភេរវករក្តី ប៉ុន្តែយើងក៏មិនអាចធ្វេសប្រហែស បានដែរចំពោះករណីមួយនេះ។

នៅក្នុងឱកាសនោះដែរសម្តេចធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ក៏បានលើកឡើងផងដែរថា ដើម្បី ទំនើបកម្មកងទ័ពបន្ថែមទៀតនោះ គ្រប់អង្គភាពទាំងអស់ត្រូវ យកចិត្តទុកដាក់ខ្ពស់បន្ថែមទៀត លើការហ្វឹកហ្វឺនឱ្យបានជាប់ជាប្រចាំ ដោយផ្ដោតជាសំខាន់ទៅលើការពង្រឹងកសាងសាលា ហ្វឹកហ្វឺន ទីលានហ្វឹកហ្វឺន និងជាពិសេសនោះ គឺការពង្រឹងសមត្ថភាពគ្រូ ក៏ដូចជាយោធាចារ្យជាដើមផងដែរ៕

ដោយ ៖ សហការី


ចែករំលែក៖