ខេត្តបន្ទាយមានជ័យ៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តបញ្ជូនជនសង្ស័យ២នាក់ទៅសាលាដំបូងខេត្តនៅព្រឹកថ្ងៃសុក្រ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ដើម្បីអនុវត្តតាមនីតិវិធី។ សមត្ថកិច្ចប្រាប់ថាៈ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំង ឃាត់ខ្លួនជនសង្ស័យ០២នាក់ ពាក់ព័ន្ធករណីជួញដូរ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត នៅវេលាម៉ោង០៧និង០០នាទី ថ្ងៃទី០៧ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចកែងដីស ស្ថិតនៅក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បញ្ជាក់ថា ជនសង្ស័យ ១-ឈ្មោះ ជូ ផាន់ណា ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់អុីនធើណេត បច្ចុប្បន្នរស់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្ត។ ២-ឈ្មោះ កុកកូសាន់ សុងស៊ិរី ហៅ នីវ ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិថៃ មុខរបរបុគ្គលិកអនឡាញ បច្ចុប្បន្នស្នាក់នៅផ្ទះជួល ភូមិប៉ោយប៉ែត សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ចំពោះសម្ភារៈវត្ថុតាងរួមមាន ៖-គ្រឿងញៀនប្រភេទម្ស៉ៅក្រាមពណ៌សថ្លា (ខេ) ចំនួន ០២ថង់កិប ទម្ងន់ ១៨៤,២០ក្រាម (មួយរយប៉ែត្រសិបបួនក្បៀសម្ភៃក្រាម),-កញ្ឆាក្រៀម ចំនួន ០២ថង់កិប ទម្ងន់ ៣១,៦ក្រាម (សាមសិបមួយក្បៀសប្រាំមួយក្រាម), -កាំភ្លើងខ្លី ចំនួន ០១ដើម (ម៉ាកBIRETTA លេខតួ៩៨៤៧៨១), -បង់កាំភ្លើងខ្លី ចំនួន ០១បង់, -គ្រាប់កាំភ្លើង ចំនួន ៤០គ្រាប់, -សំបកគ្រាប់ ចំនួន ០៣គ្រាប់, -ទូរស័ព្ទ ចំនួន ០១គ្រឿង (ម៉ាកIPhone 14Pro Max ពណ៌ខ្មៅ), -ខ្សែ.កលោហៈធាតុ ពណ៌លឿង មានបណ្តោងបី ចំនួន ០១ខ្សែ ប្រវែង ៦៦ស.ម។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បន្តថា ក្រោយពីទទួលបានព័ត៌មាន លោកបានដឹកនាំកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ចុះទៅដល់ចំណុចកើតហេតុខាងលើ បានធ្វើការឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ ព្រមទាំងចាប់យកវត្ថុតាង មកកាន់មូលដ្ឋានអាវុធហត្ថក្រុង ដើម្បីចាត់ការតាមនីតិវិធី ។
ក្រោយឃាត់ខ្លួននិងសួរនាំរួច ជនសង្ស័យទាំង០២នាក់បានសារភាពថា ពួកខ្លួនពិតជាបានជួញដូរ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាតពិតប្រាកដមែន។
ដោយផ្អែកលើចម្លេីយរួមនិងមានវត្ថុតាង ជនសង្ស័យត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងក្រុងប៉ោយប៉ែត កសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀនបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបន្ទាយមានជ័យផងដែរ។
ជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធី៕
ដោយ៖ វណ្ណា