ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងថា ៖ យើងត្រូវពិនិត្យនិងវាយតម្លៃជាប្រចាំចំពោះទំនើបកម្មរចនាសម្ព័ន្ធ ជាពិសេសគឺទៅលើការកែសម្រួល និងពង្រឹងរចនាសម្ព័ន្ធ ដើម្បីឆ្លើយតបទៅនឹងភារកិច្ចបច្ចុប្បន្ន និងទៅអនាគត។
សម្តេចធិបតី បានថ្លែងបន្តថា ៖ កម្ពុជាមានហានិភ័យតិចណាស់ពីការប្រឈមមុខនឹងសង្គ្រាមបែបប្រពៃណី ពោលគឺការប្រឈមមុខគ្នារវាងកងទ័ពនិងកងទ័ព ដូច្នេះយើងត្រូវបង្កើនការយកចិត្តទុកដាក់ចំពោះហានិភ័យខាងសន្តិសុខបែបមិនប្រពៃណី ដូចជាការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម ឧក្រិដ្ឋកម្មផ្សេងៗ គ្រោះមហន្តរាយគ្រប់ប្រភេទ និងហានិភ័យផ្នែកសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត (សន្តិសុខសាយប័រ)។
ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ «ខួបអនុស្សាវរីយ៍លើកទី២៨ ថ្ងៃបង្កើតបញ្ជាការដ្ឋានទ័ពពិសេសនៅថ្ងៃទី១០ វិច្ឆិកា ឆ្នាំ ២០២៣» សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្នើសុំឱ្យគ្រប់ស្ថាប័នជាតិ កម្លាំងសន្តិសុខ និងកងទ័ព បន្តយកចិត្តទុកដាក់ក្នុងការវាយតម្លៃ និងកែសម្រួលរចនាសម្ព័ន្ធដើម្បីឆ្លើយតបទៅនឹងហានិភ័យខាងលើឱ្យមានប្រសិទ្ធភាព ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញឱ្យក្រសួង ការពារជាតិ បង្កើតស្ថាប័នមួយសម្រាប់យោធាក្នុងការស្រាវជ្រាវយុទ្ធសាស្រ្ដ យោធានានា ហើយ ការធ្វើការស្រាវជ្រាវយុទ្ធសាស្រ្តនេះដោយធ្វើយ៉ាងណាឱ្យសមស្របទៅនឹងកងទ័ពរបស់កម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា ៖ សន្ដិភាព និងការបង្រួបបង្រួមជាតិ គឺរកបានដោយលំបាកបំផុត ដែលសមិទ្ធផលទាំងនេះ បានកើតចេញពីការ លះបង់នូវសាច់ស្រស់ឈាមស្រស់របស់យោធិនជំនាន់មុនរបស់កម្ពុជា។ ដូច្នេះសម្ដេចនាយករដ្ឋមន្រ្ដីបានជំរុញឱ្យក្រសួងការពារជាតិ ត្រូវរៀបចំបង្កើតស្ថាប័នមួយសម្រាប់ យោធាក្នុងការស្រាវជ្រាវយុទ្ធសាស្រ្ដយោធានានា ដើម្បីធ្វើយ៉ាងណាឱ្យសមស្របទៅនឹង គោលនយោបាយ កងទ័ពរបស់កម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានជំរុញយោធាត្រូវពង្រឹងដល់សាលានាយទាហាន តាមគោល នយោបាយ ឯករាជ្យ និងប្រទាក់ក្រឡា ដើម្បីដំឡើងកម្រិតលើការបណ្ដុះបណ្ដាល នាយទាហាន។ ចំណែកសាកលវិទ្យាល័យការពារជាតិត្រូវផ្តោតលើការពង្រឹងយុទ្ធសាស្រ្តស្រាវជ្រាវ និង កិច្ចការងារការពារជាតិនេះបន្ថែមតៀត។
សម្ដេចថា៖ «ពីមុនគឺយើងត្រៀមសម្រាប់សង្គ្រាមបែបប្រពៃណី តែត្រូវការត្រៀមឆ្លើយតបនឹងសង្គ្រាមបែបថ្មី រួមទាំងការជួយសង្គ្រោះក្នុងពេលគ្រោះមហន្តរាយ»។
សម្ដេចអធិបតីជំរុញឲ្យកងទ័ពទាំងអស់ពង្រឹងនិងសមត្ថភាព និងផ្ដោតជាពិសេសបំផុតទៅលើការធ្វើទំនើបកម្មសមត្ថភាពជាពិសេសគឺសមត្ថភាពការពារខ្លួន និងបច្ចេកវិទ្យា៕
ដោយ ៖ សហការី