ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអ្នកឧកញ៉ាគិត ម៉េង ប្រធានសភាពាណិជ្ជកម្មរួមទាំងប្រធានសមាគមនិយោជកសរុបចំនួន១៨ នៅព្រឹកថ្ងៃសៅរ៍ ទី១១ ខែវិច្ឆិកានេះ បានចុះអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើការហាត់ការ និងកម្មសិក្សាដើម្បីគាំទ្រដល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដែលធ្វើឡើងនៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។
ថ្លែងក្នុងពិធីចុះអនុស្សរណៈ លោករដ្ឋមន្ត្រី បានឱ្យដឹងថា ការចុះអនុស្សរណៈយោគយល់គ្នាដ៏ធំនេះនឹងបើកផ្លូវឱ្យមានការហាត់ការសម្រាប់អ្នកសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈឱ្យមានសមត្ថភាពជាក់លាក់ដើម្បីអាចក្លាយជាកម្លាំងពលកម្មដ៏មានប្រសិទ្ធភាពក្នុងសង្វាក់ការងារដោយសារតែជាការផ្សារភ្ជាប់ទ្រឹស្តីជាមួយនឹងការអនុវត្តក្នុងការចូលរួមចំណែកជួយកសាង អភិវឌ្ឍ និងពង្រឹងធនធានមនុស្សនៅកម្ពុជា។
លោករដ្ឋមន្ត្រី បានបន្ថែមថាកិច្ចសហប្រតិបត្តិការនេះ នឹងផ្តល់ជំនាញ បង្កើនជំនាញ ផ្លាស់ប្តូរជំនាញ និងបង្កើនផលិតភាពការងារ ដើម្បីធានាថា ពលរដ្ឋកម្ពុជាមានជំនាញមួយពិតប្រាកដ ដែលអាចទទួលបានការងារ និងមុខរបរសមរម្យ និងមានស្ថិរភាពចំណូលស្របតាមការអំពាវនាវរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
ទន្ទឹមនឹងនេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រកាសគាំទ្រការចុះអនុស្សរណៈនេះជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដើម្បីអភិវឌ្ឍធនធានមនុស្សកម្ពុជាឱ្យមានជំនាញជាក់លាក់ច្បាស់លាស់សម្រាប់ធានាការប្រកួតប្រជែង និងទាក់ទាញការវិនិយោគបន្ថែម។
ការចុះអនុស្សរណៈយោគយល់គ្នារវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាមួយវិស័យឯកជននេះ ធ្វើឡើងនៅមុនពេលដែលរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខនឹងប្រកាសដាក់ឱ្យដំណើរការកម្មវិធីបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈកម្រិត C1 ដល់ក្រុមយុវជនគោលដៅប្រមាណ១.៥លាននាក់មកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យឱ្យមានជំនាញជាក់លាក់ និងឆាប់ទទួលបានការងារធ្វើដើម្បីលើកម្ពស់ជីវភាពនិងកាត់បន្ថយការលំបាក៕
ដោយ ៖ សហការី