ព័ត៌មានទាន់ហេតុការណ៍៖

ត្រូវធ្វើសកម្មភាព មិនមែននិយាយតែមាត់នោះទេ ក្នុងដំណោះស្រាយសង្គ្រាមនៅហ្គាហ្សា

ចែករំលែក៖

សារព័ត៌មាន Reuters បានផ្សាយថា ប្រធានាធិបតីអ៉ីរ៉ង់ លោក អ៉ីប្រាហ៊ីម រ៉ៃស៊ី នៅថ្ងៃសៅរ៍ ទី១១ ខែវិច្ឆិកានេះបាននិយាយថាដល់ពេលវេលាដែលត្រូវធ្វើសកម្មភាពហើយ ដើម្បីដោះស្រាយសង្រ្គាមនៅក្នុងតំបន់ហ្គាហ្សា ជាជាងនិយាយតែមាត់ ខណៈដែលរូបលោកឡើងជិះយន្ដហោះចេញដំណើរទៅចូលរួមកិច្ចប្រជុំកំពូលមួយស្ដីពីសង្រ្គាមរវាងអ៉ីស្រាអែលនឹងហាម៉ាស់ រៀបចំឡើងក្នុងប្រទេសអារ៉ាប៊ីសាអូ៊ឌីត។
ថ្លែងនៅឯអាកាសយានដ្ឋានក្នុងទីក្រុងតេហេរ៉ង់ មុនចេញពីដំណើរទៅចូលរួមកិច្ចប្រជុំប្រជាជាតិអារ៉ាប់ និងអ៊ិស្លាម ក្នុងទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូ៊ឌីត លោក អ៉ីប្រាហ៉ីម រ៉ៃស៊ី បានគូសបញ្ជាក់ដូច្នេះថា «ហ្គាហ្សាមិនមែនជាទីលាននិយាយតែមាត់នោះទេ តែគឺត្រូវធ្វើសកម្មភាព។ សព្វថ្ងៃនេះ សាមគ្គីភាពនៃបណ្ដាប្រទេសអ៊ិស្លាម គឺជាពិតជាមានសារៈសំខាន់បំផុត»។ ប្រធានាធិបតីអ៉ីរ៉ង់រូបនេះបន្តថា «សហរដ្ឋអាមេរិកនិយាយថាខ្លួនមិនចង់ឱ្យសង្រ្គាមរាលដាលកាន់តែធំនោះទេ និងបានបញ្ជូន សារជាច្រើនទៅកាន់អ៉ីរ៉ង់ រួមទាំងប្រទេសជាច្រើនផ្សេងទៀត។ ប៉ុន្តែ សារទាំងអស់នេះមិនមានសោះឡើយសកម្មភាពរបស់សហរដ្ឋអាមេរិក»។
បន្ថែមពីលើនេះ លោក រ៉ៃស៊ី ក៏បានចោទប្រកាន់ផងដែរថា សហរដ្ឋអាមេរិកជាអ្នករារាំងមិនឱ្យមានបទឈប់បាញ់ក្នុងតំបន់ហ្គាហ្សា និងមានបំណងពង្រីកសង្រ្គាម ហើយថាពិភពលោកត្រូវតែមើលឱ្យច្បាស់ពីមុខពិតរបស់សហរដ្ឋអាមេរិក។ កាលពីប៉ុន្មានថ្ងៃមុននេះ អ៉ីស្រាអែលបានយល់ព្រមឈប់បាញ់រយៈពេល ៤ម៉ោងក្នុងមួយថ្ងៃ តាមការទាមទាររបស់សហរដ្ឋអាមេរិក តែទាំងអ៉ីស្រាអែល និងអាមេរិកបានបដិសេធបទឈប់បាញ់ទាំងស្រុងជាមួយហាម៉ាស់ដែលលោកនាយករដ្ឋមន្ត្រីអ៉ីស្រាអែល Benjamin Netanyahu ចាត់ទុកថាមានន័យស្មើនឹងសុំចុះចាញ់ក្រុមហាម៉ាស់។
ទស្សនកិច្ចរបស់លោក អ៉ីប្រាហ៊ីម រ៉ៃស៊ី គឺជាដំណើរទស្សនកិច្ចលើកដំបូងបំផុតរបស់ប្រមុខរដ្ឋអ៉ីរ៉ង់ម្នាក់ទៅកាន់អារ៉ាប៊ីសាអូ៊ឌីត ចាប់តាំងពីទីក្រុងតេហេរ៉ង់ និងទីក្រុងរីយ៉ាដ បិទបញ្ចប់ការពាក់មុខយក្សដាក់គ្នាអស់រយៈពេលជាច្រើនឆ្នាំមកនេះ តាមរយៈការចុះកិច្ចព្រមព្រៀងស្តារទំនាក់ទំនងការទូតឡើងវិញ កាលពីខែមីនាកន្លងទៅ ក្រោមការសម្របសម្រួលពីចិន៕ ដោយ៖ ធីរីណា

រូប​ថត​៖ Reuters


ចែករំលែក៖