ព័ត៌មានទាន់ហេតុការណ៍៖

ប្ដីប្រពន្ធមួយគូបេីក​រថយន្ដ​ម៉ាក FORTUNERយ៉ាងលឿនទៅបុករបាំងថ្មពុះចែកទ្រូវផ្លូវភ្លើងស្តុបក្ដាន់ពីរក្រឡាប់ផ្ងារជើង

ចែករំលែក៖

​     ភ្នំពេញ​ ៖​ បុរសម្នាក់ជាជនជាតិបរទេស​រួមដំណេីរជាមួយស្ត្រីម្នាក់ទៀតជាប្រពន្ធ​បានបេីករថយន្តម៉ាក FORTUNERយ៉ាងលឿន​និងមិនប្រុងប្រយ័ត្នក៏រេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឱ្យបាក់មួយកង់​ រីឯរថយន្តបង្កបានក្រឡាប់ផ្ងារជើងម្ខាង​ធ្វេីឱ្យប្តីប្រពន្ធ២នាក់នេះរងរបួសស្រាល។

​     គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង​១និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែវិច្ឆិកា​ ឆ្នាំ២០២៣​ នៅចំណុចភ្លើងស្តុបក្ដាន់ពីរ​ តាមបណ្ដោយផ្លូវសហព័ន្ធរុស្សុី​ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

​     តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា​ មុនកើតហេតុគេឃើញរថយន្តម៉ាកFORTUNER​ ពណ៌សមួយគ្រឿង​ ពាក់ផ្លាកលេខកម្ពុជា YIANG.66​ ធ្វេីដំណេីរតាមបណ្ដោយផ្លូវសហពន័្ធរុស្សុី​ ពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿន​ ។ លុះមកដល់ចំណុចកើតហេតុស្រាប់តែរេចង្កូតទៅខាងឆ្វេងដៃជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវចំពាក់កណ្តាលពេញទំហឹងបណ្ដាលឱ្យបាក់ចំនួនមួយកង់ចេញពីកន្លែងដើម។  ដោយឡែករថយន្តបង្កវិញបានក្រឡាប់អូសទៅមុខជាច្រើនម៉ែត្របិទផ្លូវម្ខាងរងការខូចខាតយ៉ាងដំណំ។ 

​     ក្នុងករណីនេះដែរ​ គេឃេីញបុរសជនបរទេសម្នាក់រួមនឹងស្រ្តីជនបរទេសម្នាក់ទៀតត្រូវជាប្រពន្ធបានបើកទ្វារចេញមកក្រៅដោយគ្រាន់តែរងរបួសស្រាលប៉ុណ្ណោះ ហើយមួយសន្ទុះក្រោយមកក៏គេចពីកន្លែងកើតហេតុបាត់តែម្ដង​។ 

​    ក្រោយមក​ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះពិនិត្យដល់កន្លែងកេីតហេតុ​ រួចទាក់ទងទៅមន្ត្រីជំនាញចរាចរណ៍​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​មកធ្វេីការវាស់វែង​ និងស្ទូចយករថយន្តបង្កខាងលើទៅរក្សាទុករង់ចាំឱ្យម្ចាស់រថយន្តបង្កចូលខ្លួនដោះស្រាយតាមនីតិវិធី​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖