ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តសណ្តោងទូកុងតឺន័របុករថយន្តកុងតឺន័រ២គ្រឿងចតនៅចិញ្ចើមផ្លូវគាបជាប់គ្នាទៅមុខលែងរួច

ចែករំលែក៖

    ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តសណ្ដោងទូកុងតឺន័រយ៉ាងលឿនជ្រុលទៅបុកកៀររថយន្តកុងតឺន័រមួយគ្រឿងដែលចតនៅលើដងផ្លូវរងការខូចខាត រួចបន្តល្បឿនទៅបុកផ្ទប់ពីក្រោយរថយន្តកុងតឺន័រមួយគ្រឿងទៀតដែលចតនៅលើចិញ្ចើមផ្លូវដូចគ្នាបណ្ដាលឱ្យខូចខាត។

    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីម៉ោង១០និង ៤០នាទីយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

     ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តកុងតឺន័រ២គ្រឿងបានចតនៅជាប់ចិញ្ចើមផ្លូវជាតិលេខ៤ ក្នុងនោះមួយគ្រឿងក្បាលពណ៌សពាក់ស្លាកលេខកំពង់ស្ពឺ 3A-2528 និងមួយគ្រឿងទៀតក្បាលពណ៌សដូចគ្នាពាក់ស្លាកលេខ រដ្ឋ 25 3.0193 ហើយម្ចាស់បានចូលទៅហូបបាយនៅជាប់កន្លែងកើតហេតុ។ លុះ មួយសន្ទុះក្រោយមកស្រាប់តែមានបុរសម្នាក់បើករថយន្តសណ្តោងទូកុងតឺន័រក្បាលពណ៌សមួយគ្រឿង ពាក់ស្លាកលេខ ត្បូងឃ្មុំ 3A-0077 បើកបរតាមបណ្តោយផ្លូវជាតិលេខ៤ពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿន។ ពេលបើកមកដល់ចំណុចកើតហេតុក៏បានរេចង្កូតទៅកៀររថយន្តកុងតឺន័រដែលចតស្ងៀម រួចបន្តល្បឿនទៅបុកពីក្រោយរថយន្តកុងតឺន័រមួយគ្រឿងទៀតបណ្តាលឱ្យគាបជាប់គ្នា ហើយភ្លាមៗនោះអ្នកបើករថយន្តបង្កបានបើកទ្វាររត់គេចពីកន្លែងកើតហេតុបាត់ស្រមោល។

    បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ពិនិត្យជុំវិញទីតាំងកើតហេតុ  រួចក៏បានទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ឱ្យចុះមកវាស់វែង ធ្វើកំណត់ហេតុយករថយន្តទាំងបីគ្រឿងទៅរក្សាទុករង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖