ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរជាតិអប្សរា ចេញលិខិតបកស្រាយពីករណីនារីទេសចរបរទេសម្នាក់ដែលថតវីដេអូនៅប្រាសាទអង្គរវត្ត នាំឱ្យប៉ះពាល់ដល់វប្បធម៌របស់កម្ពុជា

ចែករំលែក៖

ខេត្តសៀមរាប ៖ នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ អាជ្ញាធរជាតិអប្សរា បានចេញសេចក្តីជូនដំណឹង ដោយបញ្ជាក់ថា៖ អាជ្ញាធរជាតិអប្សរាមានកិត្តិយសសូមជម្រាបសាធារណជន មេត្តាជ្រាបថា ថ្មីៗនេះមានការចែក រំលែកក្នុងប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គមនូវវីដេអូខ្លីថតនៅប្រាសាទអង្គរវត្ត អមដោយភ្លេងនិងរូបភាពកាត់ តបញ្ចូលផ្សេងៗដែលធ្វើឱ្យប៉ះពាល់ដល់វប្បធម៌ និងបេតិកភណ្ឌដ៏ផូរផង់របស់កម្ពុជា។ អាជ្ញាធរជាតិអប្សរា សូមបញ្ជាក់ជូននូវករណីនេះដូចខាងក្រោម៖

១- កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ ក្រុមភ្នាក់ងារទេសចរណ៍របស់អាជ្ញាធរជាតិអប្សរា បានហាមឃាត់អ្នកទេសចរបរទេសមួយចំនួន ដែលមានបំណងថតសម្លៀកបំពាក់ឆ្នៃប្រឌិត ជាមួយនឹងសម្ភារៈមួយចំនួន។ បន្ទាប់ពីហាមមិនឱ្យប្រើប្រាស់សម្ភារៈមួយចំនួនមក ភ្នាក់ងារ ទេសចរណ៍ ក៏បានតាមពិនិត្យ និងបានស្នើសុំឱ្យលុបចោលរូបភាពមួយចំនួនផ្សេងៗទៀត ដែលមានលក្ខណៈមិនសមស្រប។ ជាយថាហេតុ សមាជិកនៅក្នុងក្រុមនោះដែលបានប្រើប្រាស់ ទូរសព្ទដៃជាឧបករណ៍ថត អាចនឹងធ្វើការលាក់កំបាំងហើយប្រើប្រាស់រូបភាពមួយចំនួន ទាំង ក្នុងនិងក្រៅប្រាសាទយកមកកាត់តបញ្ចូលគ្នាទាំងសម្លេង និងរូបភាពផ្សេងៗ ដើម្បីផ្សព្វផ្សាយ ក្នុងគោលបំណងមិនល្អ។

២-ដោយសកម្មភាពជាវីដេអូឃ្លីប មានលក្ខណៈញុះញង់ក្នុងសង្គម អាជ្ញាធរជាតិអប្សរាបានស្នើសុំ ក្រុមហ៊ុនបណ្តាញសង្គម Tik Tok ទប់ស្កាត់ការបង្ហោះវីដេអូឃ្លីប ក៏ដូចជាសំណូមពរដល់ សាធារណជនទាំងអស់ សូមមេត្តាកុំចូលរួមចែករំលែកបន្ត ពីព្រោះជាការគាំទ្រនូវការញុះញង់ ដល់សកម្មភាពអវិជ្ជមានទាំងនោះ។ ជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរាសូមអភ័យទោស ចំពោះការខ្វះខាតមួយចំនួនដែលកើតមានឡើងជាយថាហេតុ ហើយប្តេជ្ញានឹងពង្រឹងកិច្ច ការងារក្នុងការថែរក្សានូវរូបភាពដ៏បវរនៃរមណីយដ្ឋានអង្គរបន្ថែមទៀត។

៣- អាជ្ញាធរជាតិអប្សរា សូមថ្លែងអំណរគុណដ៏ស្មោះស្ម័គ្រចំពោះស្មារតីចូលរួមរបស់សាធារណមតិ ទាំងអស់ ដែលបានរួមចំណែកជួយទប់ស្កាត់នូវករណីអវិជ្ជមាននានា ដែលកើតមានឡើង ក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលជាកិច្ចជួយពង្រឹងនូវតម្លៃនៃមរតកវប្បធម៌ ដែលជាដួង ព្រលឹងរបស់ជាតិ។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបអំពីបញ្ហាដែលបានកើតឡើងខាងលើ ៕

ដោយ ៖ សិលា


ចែករំលែក៖