ខេត្តព្រះសីហនុ៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឱ្យដឹងនៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះថា៖ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចុះស្រាវជ្រាវបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួនពីរនាក់ ក្នុងករណីអំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូប) បន្ទាប់ពីពួកគេព្យាយាមរត់គេចខ្លួនផងដែរ។
ប្រភពដដែលបន្តថា កាលពីយប់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល២១និង៥០នាទី កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានទទួលព័ត៌មានថា នៅចំណុចផ្លូវកោះទន្យាយ ស្ថិតនៅក្រុមទី២១ ភូមិ១ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ មានករណី អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូប) មួយបានកើតឡើង បង្កឡើងដោយជនសង្ស័យ ០២នាក់ ភេទប្រុស មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ ០១គ្រឿង ម៉ាក ហុងដាសេ១២៥ ពណ៌ស បានធ្វើសកម្មភាព ឆក់កាបូបរបស់នារីជនបរទេសម្នាក់បានសម្រេច និងបណ្តាលឲ្យជនរងគ្រោះដួលបោកទៅលើដី រួចជិះគេចខ្លួនបាត់ ។
បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឱ្យ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានចុះទៅដល់ទីតាំងកើតហេតុ ធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាជនសង្ស័យ រហូតឈានដល់ការស្វែងរកជនសង្ស័យ ដែលកំពុងជិះម៉ូតូគេចខ្លួនតាមបណ្តោយផ្លូវជាតិលេខ៤ ត្រង់ចំណុចភូមិសាស្រ្តស្រុកព្រៃនប់ ខេត្តព្រះសីហនុ ទើបធ្វើការដេញប្រថាត់ចាប់ប្រភីងរហូតដល់ចំណុចចំការដូងប្រេង ស្ថិតនៅ ភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ជនសង្ស័យក៏បានផ្តួលម៉ូតូចោល រួចរត់ចូលទៅក្នុងចំការដូងប្រេង ដើម្បីគេចខ្លួនពីកម្លាំងសមត្ថកិច្ចយើង ដោយមានការសហការពីកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ កម្លាំងសមត្ថកិច្ចយើងបានដាក់កម្លាំងមួយចំនួនធ្វើការហ៊ុមព័ទ្ធ និងកម្លាំងមួយចំនួនទៀតធ្វើការរុករកជនសង្ស័យ រហូតដល់វេលាម៉ោង ០៨និង៣០នាទីព្រឹក ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ទើបចាប់ឃាត់ខ្លួនបានជនសង្ស័យទាំង ០២នាក់ ដែលកំពុងសង្ងំលាក់ខ្លួននៅក្នុងចំការដូងប្រេង ។
ជនសង្ស័យទាំង០២នាក់ មានឈ្មោះដូចខាងក្រោម ៖
១-ឈ្មោះ ឈាង សំណាង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ០៥ សង្កាត់លេខ៤ ខណ្ឌស្ទឹងមានជ័យ២ រាជធានីភ្នំពេញ ។ (ពិការដៃខាងស្តាំ ដាក់ដៃជ័រ)
២-ឈ្មោះ វ៉ាន សាវ៉ាត់ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ខណ្ឌទួលពង្រ រាជធានីភ្នំពេញ ។
វត្ថុតាងចាប់យករួមមាន ៖
ម៉ូតូ ០១គ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០២៣ ពណ៌ស គ្មានផ្លាកលេខ ជាមធ្យោបាយជិះធ្វើសកម្មភាព (កែដៃហ្គ៊ែរមកខាងឆ្វេង) និងទូរស័ព្ទ ០១គ្រឿង ម៉ាក IPHONE ពណ៌ទឹកប្រាក់ ។
បច្ចុប្បន្នករណីនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងបន្តនីតិវិធី៕
ដោយ៖ សហការី