ភ្នំពេញ ៖ រដូវវស្សាឆ្នាំ ២០២៣ បានបញ្ចប់ទាំងស្រុងហើយ ដោយខ្យល់មូសុងឦសាន បានមានឥទ្ធិពល ពេញលេញមកលើព្រះរាជាណាចក្រកម្ពុជា តាំងពីថ្ងៃទី ៣១ ខែតុលា មក ។ ទន្ទឹមនឹងនេះ បាតុភូត អែល នីណូ ក៏បន្តនៅមានឥទ្ធិពលស្ទើរតែ១០០% មកលើប្រទេសកម្ពុជា និងតំបន់របស់យើងផងដែរ ។ នេះជាការថ្លែងរបស់ លោក ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម ។
លោករដ្ឋលេខាធិការ បានបន្តថា : ប្រឈមនឹងស្ថានភាពអាកាសធាតុដូចបានជម្រាបជូនខាងលើ ខ្ញុំសូមស្នើដល់ប្រធានមន្ទីរ ធនធានទឹក និងឧតុនិយម គ្រប់រាជធានី-ខេត្ត បង្កើនការយកចិត្តទុកដាក់ និងសហការជាមួយអាជ្ញាធរ ដែនដី ថែរក្សាទឹកទុកឲ្យបានល្អ សម្រាប់បម្រើឲ្យការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ និងការបង្កបង្កើនផល នារដូវប្រាំងខាងមុខ ។
សូមបញ្ជាក់ថា : សម្រាប់ថ្ងៃទី១៣វិច្ឆិកានេះ ក្រសួងធនធានទឹក និង ឧតុនិយម សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ៖ ប្រព័ន្ធសម្ពាធខ្ពស់ពីប្រទេសចិនបន្តឥទ្ធិពលគ្របដណ្តប់មកលើប្រទេសកម្ពុជា ជាមួយនឹងកម្លាំងខ្យល់មូសុងឦសានបក់ក្នុងល្បឿនពីមធ្យមទៅបង្គួរ។
ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ៖
១-តំបន់វាលទំនាប ៖
⁃ សីតុណ្ហភាពអប្បបរមាពី ២៣-២៥°C និងសីតុណ្ហភាពអតិបរមាពី ៣០-៣២°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី ៣-៥ម៉ែត្រ/វិនាទី
⁃ នៅរាជធានីភ្នំពេញ និងបណ្តាខេត្តនៅភាគខាងត្បូងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ ដែលអាចគ្របដណ្តប់លើផ្ទៃដីពី ១០% ទៅ ២០%។
២-តំបន់ខ្ពង់រាប ៖
⁃ សីតុណ្ហភាពអប្បបរមាពី ២២-២៤°C និងសីតុណ្ហភាពអតិបរមាពី ២៩-៣១°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី ៤-៦ម៉ែត្រ/វិនាទី។
៣-តំបន់មាត់សមុទ្រ ៖
⁃ សីតុណ្ហភាពអប្បបរមាពី ២៣-២៥°C និងសីតុណ្ហភាពអតិបរមាពី ២៨-៣០°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី ៣-៥ម៉ែត្រ/វិនាទី
⁃ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ ដែលអាចគ្របដណ្តប់លើផ្ទៃដីពី ១០% ទៅ ២០%
⁃ ចំណែកនៅលើផ្ទៃសមុទ្រ មានភ្លៀងធ្លាក់លាយឡំផ្គររន្ទះនិងខ្យល់កន្ត្រាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម និងរលកសមុទ្រមានកម្ពស់ពី ០,៧៥-១,៥០ម៉ែត្រ៕
ដោយ ៖ សិលា