ព័ត៌មានទាន់ហេតុការណ៍៖

រកឃេីញយានយន្តល្មើសចំនួន ៦២១គ្រឿងទៀត​ ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស

ចែករំលែក៖

ភ្នំពេញ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក បានឱ្យដឹងថា​ កម្លាំងសមត្ថកិច្ច​ទូទាំងប្រទេស​កម្ពុជា​ ធ្វេីការផាកពិន័យយានយន្តល្មើសចំនួន ៦២១គ្រឿងទៀត​ តាមអនុក្រឹត្យលេខ៣៩ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ម្សិលមិញនេះ​។ 

នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈបានគូសបញ្ជាក់ថា ក្នុងប្រតិបត្តិការនោះ​ មានចំនួនគោលដៅសរុប ៧០គោលដៅ ដោយយានយន្តចូលគោលដៅចំនួន ៧០០គ្រឿង, រថយន្តធំ ០១គ្រឿង, រថយន្តតូច ១០៥គ្រឿង និងម៉ូតូ ៥៩៤គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៦២១គ្រឿង  រថយន្តធំ ០១គ្រឿង រថយន្តតូច ៤៧គ្រឿង និងម៉ូតូចំនួន ៥៧៣គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

តាមរបាយការណ៍លទ្ធផលរយៈពេល ១២ថ្ងៃ ពីថ្ងៃទី១-១២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឲ្យដឹងថា យានយន្តចូលគោលដៅចំនួន ៦,៣៣១គ្រឿង រថយន្តធំ ១៤០គ្រឿង រថយន្តតូច ១,២១៧គ្រឿង ម៉ូតូ ៤,៩៧៥គ្រឿង  ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៤,៧៦១គ្រឿង, រថយន្តធំ ៣៣គ្រឿង, រថយន្តតូច ៦៣០គ្រឿង និងម៉ូតូ ៤,០៩៨គ្រឿង (៤,០៩៨ករណី) ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្ចរាចរណ៍យ៉ាងល្អប្រសើរ ៕

ដោយ​៖ សហការី​


ចែករំលែក៖