ខេត្តស្វាយរៀង៖ រដ្ឋបាលស្រុករមាសហែក បានរៀបចំពិធីក្រុងពាលីបួងសួងសុំសេចក្តីសុខសប្បាយ និងធ្វើពិធីបញ្ចុះទូកអ៊ុំក្នុងទន្លវៃគោ ដើម្បីត្រៀមក្រកួត ដែលនឹងប្រារព្ធឡើងនាពេលខាងមុខ ដោយក្នុងពិធីនេះមានការចូលរួមពីសំណាក់ លោកស៊ូម៉ុល អភិបាលស្រុកនិងលោកស្រី លោកសមាជិកក្រុមប្រឹក្សាស្រុកនិងមន្ត្រីរាជការចំណុះអោយរដ្ឋបាលស្រុករមាសហែក ជាច្រើននាក់ នាព្រឹកថ្ងៃទី១៣ខែវិច្ឆិកាឆ្នាំ២០២៣។
ក្នុងឱកាសនោះលោកស៊ូ ម៉ុល អភិបាលស្រុករមាសហែក បានមានប្រសាសន៏ ថាក្នុងស្រុក រមាសហែករបស់យើង នេះគឺ មានទូកចំនួន០២ សម្រាប់ចូលរួមក្នុងពិធីប្រណាំងទូកខ្នាតអន្តរជាតិ និងទូកក្តារ៣សន្លឹកនៅ ដងទន្លេវៃគោ ស្ថិតក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀងដែលប្រព្រឹត្តទៅ នៅថ្ងៃសៅរ៍-អាទិត្យ ទី៦-៧កើត ខែកក្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨-១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីបង្កឲ្យមានភាពសប្បាយរីករាយ ជូនបងប្អូនប្រជាពលរដ្ឋទស្សនា កម្សាន្ត និង អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះ ព្រះខែ និង អកអំបុក ដែលជាប្រពៃណីជាតិខ្មែរ។
លោកបន្តថា ដើម្បីឲ្យពិធីប្រណាំងទូកនាឆ្នាំនេះ ប្រព្រឹត្តទៅទទួលបានលទ្ធផលជោគជ័យល្អប្រសើរ និងមាន ភាពអធិកអធមសប្បាយរីករាយ ក្នុងនាមលោក ជាអភិបាលស្រុក សូមធ្វើការអំពាវនាវដល់ ព្រះថេរានុត្ថេរៈ ទ្រង់ លោកឧកញ៉ា លោក លោកស្រីម្ចាស់ក្រុមហ៊ុនពាណិជ្ជករ អាជីវករ និងសប្បុរសជន នានា មេត្តាចូលរួមគាំទ្រជួយឧបត្ថម្ភជាថវិកា និងសម្ភារផ្សេងៗ ទៅតាមលទ្ធភាពជាក់ស្ដែង ដល់កម្មវិធី ប្រណាំងទូក នៅខេត្តស្វាយរៀងនាពេលខាងមុខ។
សូមបញ្ជាក់ថា ពិធីប្រណាំងទូក នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀងឆ្នាំនេះ គឹប្រព្រឹត្តិទៅនៅថ្ងៃសៅរ៍-អាទិត្យ ទី១៨-១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខ ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ក៏ដូចជាបង្កនូវបរិយាកាសជូនបងប្អូនប្រជាពលរដ្ឋបានទស្សនាកម្សាន្តប្រកបដោយភាពសប្បាយរីករាយផងដែរ ៕
ដោយ៖ សុថាន