ព័ត៌មានទាន់ហេតុការណ៍៖

ផ្អាកតួនាទីភិក្ខុ កែវ ខូយ ពីចៅអធិការវត្តពោធិលង្កា ជាបណ្ដោះអាសន្ន រហូតដល់ មានការសម្រេចជាថ្មីពីគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា

ចែករំលែក៖

ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ថេរសភាខេត្តសៀមរាប បានផ្អាកតួនាទីភិក្ខុ កែវ ខូយ ពីចៅអធិការវត្តពោធិលង្កា ជាបណ្ដោះអាសន្ន រហូតដល់ មានការសម្រេចជាថ្មីពីគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និង ប្រកាសរំសាយភិក្ខុ សាមណេរទាំងអស់ នៅក្នុងវត្តពោធិលង្កា ដែលសេចក្តីប្រគេន និងជូនដំណឹងនេះ បានធ្វើឡើងតាំងពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣ បានអនុវត្តថ្ងៃនេះ និងមានកម្លាំង សមត្ថកិច្ចចម្រុះ ចុះពង្រឹង សន្តិសុខ សណ្តាប់ធ្នាប់ ផងដែរ។ 

សាលាអនុគណក្រុងសៀមរាប សូមពិតប្រគេន ភិក្ខុ សាមណេរ លោកតា លោកយាយ ឧបាសក ឧបាសិ កា ប្អូនៗ សិស្ស និស្សិត និងអ្នកដែលកំពុងស្នាក់នៅ ក្នុងវត្តពោធិលង្កា ស្ថិតនៅក្នុងភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាបទាំងអស់ឱ្យបានជ្រាបថា៖

បើតាមសេចក្តីប្រគេន-ជូនដំណឹង បានបញ្ជាក់ថា : សាលាអនុគណក្រុងសៀមរាប សូមពិតប្រគេន ភិក្ខុ សាមណេរ លោកតា លោកយាយ ឧបាសក ឧបាសិកា ប្អូនៗ សិស្ស និស្សិត និងអ្នកដែលកំពុងស្នាក់នៅក្នុងវត្តពោធិលង្កា ស្ថិតនៅក្នុងភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាបទាំងអស់ឱ្យបានជ្រាបថា ៖ សាលាអនុគណក្រុង សូមធ្វើការប្រកាសរំសាយភិក្ខុ សាមណេរទាំងអស់នៅក្នុងវត្តពោធិលង្កាឲ្យនិមន្តទៅគង់តាមបណ្តាវត្តក្នុងក្រុងសៀមរាប ។ ព្រះសង្ឃ សរុបមាន ចំនួន ១៤០ អង្គ និង តាជី យាយជី ក្មេងវត្ត មានចំនួន ៣១ នាក់ ក្នុងនោះ ៖

-ព្រះសង្ឃជាសមណសិស្សពុទ្ធិកវិទ្យាល័យរាជបូណ៌ ចំនួន ៣៨ អង្គ ត្រូវនិមន្តទៅគង់វត្តរាជបូណ៌ ។

-ព្រះសង្ឃចំនួន ១០២ អង្គទៀត សូមនិមន្តទំនាក់ទំនងជាមួយសាលាអនុគណក្រុងសៀមរាប ដើម្បីរក វត្តស្នាក់នៅបន្ត ។

ដោយឡែក តាជី យាយជី និង ក្មេងវត្តចំនួន ៣១ នាក់ ត្រូវធ្វើការទំនាក់ទំនងជាមួយសាលាអនុគណ ក្រុងសៀមរាប ដោយផ្ទាល់នៅវត្តទេពពោធិវង្ស សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីបានវត្តស្នាក់ នៅបន្ត ។

សាលាអនុគណក្រុងមិនអនុញ្ញាតឲ្យបុគ្គលណាមួយបន្តស្នាក់នៅក្នុងវត្តពោធិលង្កាទៀតឡើយ ។ បើ បុគ្គលណាមួយមិនព្រមចាកចេញតាមការជូនដំណឹងនេះ សាលាអនុគណក្រុង នឹងសហការជាមួយកម្លាំងមាន សមត្ថកិច្ចអនុវត្តតាមផ្លូវច្បាប់ ដោយមិនទទួលខុសត្រូវលើការបាត់បង់ឬ ខូចខាតទ្រព្យសម្បត្តិណាមួយឡើយ ។

សេចក្ដីដូចបានពិតប្រគេននឹងជូនដំណឹងខាងលើ សូមភិក្ខុ សាមណេរ តាជី យាយជី ប្អូនៗ សិស្ស និស្សិត និងអ្នកដែលកំពុងស្នាក់នៅក្នុងវត្តពោធិលង្កាទាំងអស់ត្រូវរុះរាន់ធ្វើការទំនាក់ទនងជាមួយសាលាអនុគណ ក្រុងឲ្យបានទាន់ពេលវេលាចាប់ពីថ្ងៃជូនដំណឹងនេះតទៅ…. ក្នុងករណី សាម៉ីអង្គ សាម៉ីខ្លួនមិនបានធ្វើការ ទំនាក់ទំនងទេ សាលាអនុគណក្រុងមិនទទួលខុសត្រូវឡើយ ។

ដោយឡែក ថេរសភាខេត្តសៀមរាប សម្រេច : 

ប្រការ១ ៖ ចោទប្រកាន់ភិក្ខុ កែវ ខូយ ចៅអធិការវត្តពោធិលង្កា ស្ថិតក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ឲ្យត្រូវអាបត្តិសង្ឃាទិសេស ។

ប្រការ២ ៖ ផ្លាកតួនាទីភិក្ខុ កែវ ខូយ ពីចៅអធិការវត្តពោធិលង្កា ជាបណ្ដោះអាសន្ន រហូតដល់ មានការសម្រេចជាថ្មីពីគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ។ 

ប្រការ៣ : ក្នុងចន្លោះអន្តរកាលព្រះមេគណខេត្ត និងព្រះអនុគណក្រុង ត្រូវចាត់តាំងក្រុមការងារសង្ឃគ្រប់គ្រងដឹកនាំវត្តពោធិលង្កាទាំងមូលរហូតដល់មានការសម្រេចជាថ្មី ។ 

ប្រការ៤ ៖ សង្ឃសម្រេចនេះ មានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ។

ដោយ ៖ សហការី


ចែករំលែក៖