ព័ត៌មានទាន់ហេតុការណ៍៖

វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ព្រឹកនេះ ធ្វើឡើងដោយមានរបៀបវារៈចំនួន៦

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៣ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញដឹកនាំ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន នៅវិមានសន្តិភាព នៃទីស្ដីការគណៈរដ្ឋមន្ត្រី ក្រោមរបៀបវារៈចំនួន ៦ គឺ៖

ទី១៖ មតិបើកវេទិកាដោយសម្តេចផ្ទាល់

ទី២៖ របាយការណ៍របស់ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី ១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការងារសម្រាប់យន្តការ និងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ស្តីពីការរៀបចំយន្តការការសម្របសម្រួល និងវឌ្ឍនៈភាពទូទៅនៃក្រុមការងារទាំង ១៤

ទី៣៖ បទអន្តរាគមន៍របស់អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ទទួលបន្ទុកសម្របសម្រួលរួមនៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ស្តីពីលទ្ធផលសង្ខេបនៃកិច្ចពិភាក្សាទាំងឡាយរបស់ក្រុមការងារតាមវិស័យ

ទី៤៖ បទអន្តរាគមន៍ស្តីពីបញ្ហាប្រឈមរបស់

វិស័យឯកជនដោយអ្នកឧកញ៉ា លូ ម៉េង តំណាងក្រុមការងារផ្នែកទេសចរណ៍ក្រុម «ខ», ឧកញ៉ា សូ ងួន តំណាងក្រុមការងារផ្នែកដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធក្រុម «ច», ឧកញ៉ាបណ្ឌិត ណាង សុធី តំណាងក្រុមការងារផ្នែកទំនាក់ទំនងវិជ្ជាជីវៈក្រុម «ជ»

ទី៥៖ របាយការណ៍របស់ឯកឧត្តមបណ្ឌិសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីវឌ្ឍនៈភាពនៃការអភិវឌ្ឍវិស័យឯកជន និងការដោះស្រាយបញ្ហា ដែលមានចរិកលក្ខណៈជាប្រព័ន្ធ និងជារចនាសម្ព័ន្ធនៃការកែទម្រង់ពាក់ព័ន្ធទៅនឹងគោលនយោបាយអន្តរវិស័យ 

ទី៦៖ បទអន្តរាគមន៍គន្លឹះ និងមតិបូកសរុបរបស់សម្ដេចមហាបវរធីបតី។ 

សម្ដេចធិបតីនាយករដ្ឋមន្ត្រីថ្លែងថា ៖ រាជរដ្ឋាភិបាលអាណត្តិទី៧ បន្តថែរក្សាសមិទ្ធផលចាស់ ដែលមានស្រាប់ និងបង្កើតសមិទ្ធផលថ្មីៗឱ្យបានច្រើន។

សម្ដេចធិបតីនាយករដ្ឋមន្ត្រី ស្នើជៀសវាងឱ្យបាននូវពាក្យថា ពេលខាតរដ្ឋចេញ ពេលចំណេញឯកជនយក។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានគូសបញ្ជាក់ថា វេទិកា «រាជរដ្ឋាភិបាល-ផ្នែកឯកជន» លើកទី១៩ នេះបានបង្ហាញនូវភាពបន្ទាន់និងចាំបាច់នៃរបៀបវារៈសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលនៅក្នុងអាណត្តិទី៧ ដែលយើងមានបំណងរៀបចំដំណើរការរួមគ្នារវាងរាជរដ្ឋបាលនិងផ្នែកឯកជនតាំងពីដើមអាណត្តិឱ្យមានភាពស៊ីចង្វាក់គ្នា និងភាពសុខដុមដើម្បីឈានទៅសម្រេចបាននូវមហិច្ឆតារួមរបស់កម្ពុជាគឺ ចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ៕ 

ដោយ ៖ សហការី


ចែករំលែក៖