ខេត្តកណ្តាល ៖ លោក អ៊ុច សុវណ្ណ ប្រធានការិយាល័យ ផលិតកម្ម និង បសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកណ្តាល រងនូវពាក្យបណ្តឹងពីម្ចាស់សត្តឃាតដ្ឋានចោទប្រកាន់ពេទ្យសត្វខេត្តកណ្តាលថាមិនដែលចុះពង្រឹងទីសត្តឃាតដ្ឋានគឺចាំតែដើរដាក់ខែពីក្រុមអាជីវករកាប់ជ្រូកតាមផ្ទះនិងជម្រិតទារលុយពីម្ចាស់សត្តឃាតដ្ឋានយ៉ាងចាស់ដៃតែម្តង។នេះបើយោងតាមសារបែកធ្លាយដែលលោក អ៊ុច សុវណ្ណ បានតេគម្រាមទៅម្ចាស់សត្តឃាតដ្ឋាននៅស្រុកកៀនស្វាយដើម្បីជម្រិតទារប្រាក់។ក្រោយពីមានសារបែកធ្លាយរួចមកក៏មានម្ចាស់សត្តឃាតនៅស្រុកកៀនស្វាយឈ្មោះ គល់ ឆាយ បានដាក់ពាក្យបណ្តឹងចូលទៅច្រកចេញចូលតែមួយខេត្តកណ្តាលដោយប្តឹងចោទប្រកាន់លោក អ៊ុច សុវណ្ណ ប្រធានការិយាល័យ ផលិតកម្ម និង បសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកណ្តាល ថាបានតេគម្រាម ជម្រិតទារប្រាក់និងចោទប្រកាន់ថាមន្ត្រីជំនាញពេទ្យសត្វខេត្តកណ្តាលចាំតែដើរទារប្រាក់ពីក្រុមអាជីវករកាប់ជ្រូកតាមផ្ទះតែមិនដែលដាក់មន្ត្រីពេទ្យជំនាញចុះត្រួតពិនិត្យសុខភាពសាច់មុននិងលក់ចែកចាយតាមទីផ្សារអោយប្រជាពលរដ្ឋបរិភោគឡើយ។
ប្រភពបែកធ្លាយពីមន្ត្រីុពេទ្យសត្វ ម្នាក់ដែលសុំមិន ចេញឈ្មោះបានអោយដឹងថាលោកអ៊ុច សុវណ្ណ មិនសមថ្នាក់លើតែងតាំងធ្វើជានាយការិយាល័យសោះឡើយព្រោះអំឡុងនៃការបិទខ្ទប់ការរីករាលដាលនៃជម្ងឺកូវីដ-១៩ គឺលោកអ៊ុច សុវណ្ណ បានប្រព្រឹត្តល្មើសនិងបម្រាមនាំគ្នីគ្នាផឹកសុីក៏ត្រូវនគរបាលខេត្តកណ្តាលឡោមព័ទ្ធចាប់ខ្លួនបានជាច្រើននាក់។ក្រោយពេលឃាត់ខ្លួនអោយទទួលទណ្ឌកម្មតាមច្បាប់រួចមកក៏ស្រាប់តែលោកអ៊ុច សុវណ្ណ មានសំណាងបានឡើងមុខដំណែងជាប្រធានការិយាល័យ ផលិតកម្ម និង បសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកណ្តាលយ៉ាងរំភើយ។
ប្រភពខាងលើបានបន្តថាចាប់តាំងលោកអ៊ុច សុវណ្ណ ឡើងជាប្រធានការិយាល័យរួចមកលោកប្រធានបានដាក់កម្លាំងចាំស្ទាក់យកលុយតាមបណ្តាផ្លូវជាតិជាក់ស្តែងនៅផ្លូវជាតិ៦អាគឺសង្កេតឃើញមន្ត្រីពេទ្យសត្វម្នាក់ឈ្មោះ អាត ចាំយកលុយពីឈ្មួញដឹកជ្រូក គោ មាន់ ទា ជាពិសេសចាំយកលុយពីក្រុមអាជីវករកាប់ជ្រូកតាមផ្ទះដោយមិនមានការត្រួតពិនិត្យពីមន្ត្រីជំនាញជាហេតុធ្វើអោយប៉ះពាល់សុខភាពប្រជាពលរដ្ឋដែលទិញយកមកទទួលទាន។ទាក់ទិននិងការចោទប្រកាន់ខាងលើនេះលោកអ៊ុច សុវណ្ណបានបំភ្លឺថាម្ចាស់សត្តឃាតដែលប្តឹងរូបលោកនោះគឺខាងការិយាល័យប្រជាពលរដ្ឋខេត្តបានកោះហៅសម្របសម្រួលគ្នាចប់អស់ហើយ។ចំណែកមន្រ្តីចុះយកលុយពីក្រុមអាជីវករកាប់ជ្រូកតាមផ្ទះនោះគឺជាការបង់អា.ករចូលរដ្ឋ។ចំពោះមន្ត្រីដែលដាក់តាមផ្លូវជាតិនោះគឺជាមន្ត្រីពេទ្យសត្វប្រចាំស្រុកនីមួយៗមិនមែនជាមន្ត្រីពេទ្យសត្វខេត្តនោះទេ។ជុំវិញការលើកឡើងរបស់លោកអ៊ុច សុវណ្ណ ខាងលើមន្ត្រីពេទ្យសត្វខេត្តកណ្តាលដែលមិនទទួលបានលាភសក្ការៈបាននិយាយខ្សឹបខ្សៀវថាសមត្ថភាពរបស់លោកអ៊ុច សុវណ្ណ មិនគួរណាថ្នាក់លើតែងតាំងជាប្រធានឡើយព្រោះគ្មានបទពិសោធន៍ដឹកនាំការងារជាពិសេសលោកអ៊ុច សុវណ្ណ ធ្លាប់មានពិរុទ្ធពេលចេញពីគុកមិនបានប៉ុន្មានខែផងបែរជាមានសំណាងបានឡើងជាប្រធានការិយាល័យ ផលិតកម្ម និង បសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកណ្តាលយ៉ាងខ្ពស់ត្រដែត។មន្ត្រីបានសំណូមពរដល់ថ្នាក់លើពិនិត្យការតែងតាំងលោកអ៊ុច សុវណ្ណ ដែលគ្មានសមត្ថភាពដឹកនាំរូបនេះផង៕
ដោយ៖ ស្អាង ជ័យ