លោក Erik ten Hag គ្រូបង្វឹករបស់ក្លិបបិសាចក្រហម Manchester United នឹងខកខានការដឹកនាំក្រុមនៅប្រកួតក្របខ័ណ្ឌ Premier League បន្ទាប់របស់គាត់ ដែលត្រូវលេងតទល់ជាមួយក្រុម Everton ដោយសារតែគ្រូបង្វឹកសញ្ជាតិហុល្លង់រូបនេះទទួលបានកាតលឿងទី៣ ក្នុងរដូវកាលនេះអំឡុងពេលប្រកួតទល់នឹង Luton Town កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។
ក្រុមបិសាចក្រហមបានយកឈ្នះក្រុមភ្ញៀវ Luton Town ក្នុងលទ្ធផល១–០ដែលជាការរកគ្រាប់បាល់បានពីសំណាក់ខ្សែការពារ Victor Lindelof នៅនាទីទី៥៩។ លោក Erik ten Hag នឹងមិនអាចនៅឈរបញ្ជាកូនក្រុមរបស់ខ្លួនពេលប្រកួតទល់នឹងក្រុមម្ចាស់ផ្ទះ Everton នៅថ្ងៃទី២៦ ខែវិច្ឆិកាខាងមុខនេះបានទេ។
ដោយឡែកកាតលឿង២លើកដំបូងដែលលោក Erik ten Hag ទទួលបាន គឺការប្រកួតទល់នឹងក្រុមកាំភ្លើងធំ Arsenal និងទល់នឹងក្រុម Tottenham Hotspur ជាហេតុធ្វើឲ្យគាត់ត្រូវបានព្យួរមួយប្រកួតបន្ទាប់។
គួរបញ្ជាក់ថា ក្រុមបិសាចក្រហមបច្ចុប្បន្នកំពុងឈរលេខរៀងទី៦នៅ Premier League មាន២១ពិន្ទុ ពីការប្រកួតចំនួន១២។ ក្រុមនេះហាក់មិនទាន់ធ្វើបានល្អសោះក្នុងដើមរដូវកាលនេះ ដោយមានពិន្ទុដាច់ឆ្ងាយពីក្រុមកំពូលតារាង ហើយបានបាត់បង់ការប្រជែងពានរង្វាន់ League Cup ផងដែរនៅរដូវកាលនេះ ខណៈនៅ Champions league ក្រុមបិសាចក្រហមកាន់តែដុនដាបដោយកំពុងឈរបាតតារាងប្រឈមនឹងការធ្លាក់ចេញពីក្នុងវគ្គជម្រុះតាមពូលផងដែរ ៕
ដោយ៖ ភារៈ(រូបភាព ៖ dailypost.com)