ភ្នំពេញ ៖ ក្នុងកម្មវិធី «វេទិកា រាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩» នៅព្រឹកថ្ងៃចន្ទទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលប្រារព្ធធ្វើឡើងនៅវិមានសន្តិភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ថ្វីត្បិតនៅពេលនេះ យើងឃើញមានចំនួនតួលេខភ្ញៀវទេសចរជាតិ និងអន្តរជាតិ មានការកើនឡើងបន្តិចវិញយ៉ាងណាក្តី ក៏ពុំទាន់ឈានដល់ចំនួនមួយល្អដូចមុនពេលកើតមានជំងឺកូវីដ-១៩នោះទេ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល ជំរុញផែនការ ដើម្បីធ្វើយ៉ាងណាធ្វើឱ្យវិស័យទេសចរនៅខេត្ដរៀមរាបមានការកើនឡើងវិញដើម្បីចូលរួមក្នុងការស្តារនិងលើកស្ទួយវិស័យទេសចរណ៍ក្រោយពីរងផលប៉ះពាល់ដោយសារវិបត្តិនៃជំងឺកូវីដ-១៩។
លើសពីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល នឹងដាក់ចេញនូវផែនការ «ទស្សនាសៀមរាប ឆ្នាំ២០២៤» ដើម្បីទាក់ទាញ និងជំរុញភ្ញៀវទេសចរជាតិនិងអន្តរជាតិឱ្យមកទស្សនានៅខេត្តសៀមរាប។
សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសលើកលែងពន្ធប្រថាប់ត្រាបន្ថែមទៀត ចំពោះលំនៅឋានដែល មានតម្លៃលើសពី ៧០,០០០ដុល្លារឡើងទៅ។ អ្នកទិញលំនៅឋានដែលមានតម្លៃ ៧០,០០០ ដុល្លារចុះ នឹងត្រូវរួចពន្ធប្រថាប់ត្រា។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលនៅអាណត្តិទី៧ នេះមិនមានការបង្កើតពន្ធថ្មីនោះទេ ចំពោះពន្ធដែលមានស្រាប់ ក៏នឹងមិនមានការដំឡើងពន្ធនោះដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថាដីមិនប្រើប្រាស់ដែលតម្រូវឱ្យបង់ពន្ធគឺគិតចាប់ពីទំហំ ៥ហិកតាឡើងទៅដីក្រោម ៥ហិចតាមិនត្រូវតម្រូវឲ្យបង់ពន្ធនោះទេ៕
ដោយ ៖ សហការី