ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជាកំពុងដាក់ចេញយុទ្ធសាស្រ្តកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ស្របនឹងនិន្នាការពិភពលោកដែលកំពុងគិតគូបង្កើតសន្ធិសញ្ញាលើកដំបូងដែលមិនធ្លាប់មាន ដើម្បីទប់ស្កាត់ការបំពុលដោយប្លាស្ទិក…

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួង​បរិស្ថាន​ នៅរសៀល​ថ្ងៃ​ទី​១៣​ ខែវិច្ឆិកា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ កម្ពុជាកំពុងដាក់ចេញយុទ្ធសាស្រ្តកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ស្របនឹងនិន្នាការពិភពលោកដែលកំពុងគិតគូបង្កើតសន្ធិសញ្ញាលើកដំបូងដែលមិនធ្លាប់មាន ដើម្បីទប់ស្កាត់ការបំពុលដោយប្លាស្ទិក…។ 

ខណៈដែលប្រទេសនានាលើពិភពលោក កំពុងឈានចូលកិច្ចចរចាមួយផ្សេងទៀត ក្នុងសប្តាហ៍នេះ ស្តីពីការបង្កើតសន្ធិសញ្ញាលើកដំបូង ដែលមិនធ្លាប់មាន ដើម្បីទប់ស្កាត់ការបំពុលដោយប្លាស្ទិក យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក កំពុងត្រូវបានអនុវត្តនៅទូទាំងប្រទេសកម្ពុជាផងដែរ និងបានកំពុងមានការចូលរួម និងការប្តេជ្ញាចិត្តពី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនៅតាមសាលារៀន និងអ្នកពាក់ព័ន្ធផ្សេងៗទៀត ចំនួនជាងពាក់កណ្តាលប្រទេស តាមទិសស្លោក «ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»។

លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានសំដែងការសាទរចំពោះ ការដាក់ចេញនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលយកចិត្តទុកដាក់ខ្ពស់លើគោលនយោបាយគាំពារប្រជាពលរដ្ឋ  ដែលជាក្តីសង្ឃឹមដ៏កក់ក្តៅរបស់ប្រជាពលរដ្ឋ បានដើរទន្ទឹមគ្នានឹងបរិបទនៃការវិវត្តរបស់ពិភពលោក។ យើងទាំងអស់គ្នាតាមរយៈការផ្តួចផ្តើមរបស់ក្រសួងបរិស្ថាន នឹងចូលរួមការពារបរិស្ថាន ដើម្បីភាពស្អាត បៃតង និងចីរភាព។

សូមបញ្ជាក់ថា នៅក្នុងកិច្ចចរចារក្របខណ្ឌអង្គការសហប្រជាជាតិ បណ្តាប្រទេសជាសមាជិក នៅក្នុងសប្តាហ៍នេះ កំពុងពិនិត្យបង្កើតសន្ធិសញ្ញាកាត់បន្ថយប្លាស្ទិកជាសកល នៅទីក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ា។ ក្រុមមន្ត្រីកំពុងរៀបចំការចរចា លើកឡើងថាតើត្រូវកំណត់បរិមាណប្លាស្ទិក ដែលកំពុងផលិត ឬផ្តោតលើការគ្រប់គ្រងសំណល់ប្លាស្ទិក។ សន្ធិសញ្ញានេះ បើតាមឲ្យដឹងពីមន្ត្រីដែលពាក់ព័ន្ធ នឹងដាក់ក្នុងរបៀបវរៈនៃការចរចានៅចុងឆ្នាំ ២០២៤ ៕

ដោយ​៖ សហការី​


ចែករំលែក៖