ភ្នំពេញ ៖ អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានពិនិត្យ ឃើញមានការផ្សព្វផ្សាយនៅតាមបណ្តាញសង្គមអំពីល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអនឡាញ រួមមាន ល្បែងបាការ៉ាត់ ស្លតម៉ាស៊ីន បក្សីកីឡា និងភ្នាល់បាល់ទាត់ជាដើម ក្រោមឈ្មោះ កាស៊ីណូអនឡាញ PK 777 ។
ការដំណើរការ ការលេង និងការចូលរួមក្នុងសកម្មភាពល្បែងអនឡាញខាងលើនេះ គឺជាអំពើល្មើសច្បាប់ ដែលប្រឈមនឹងការផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរទៅតាមច្បាប់ជាធរមាន។ មិនត្រឹមតែប៉ុណ្ណោះ ការប្រព្រឹត្រ ឬ លេងល្បែងស៊ីសងខុសច្បាប់បានបង្កឱ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខនិងសណ្តាប់ធ្នាប់សង្គម និងប៉ះពាល់ដល់អាជីវកម្មកាស៊ីណូដែលមានអាជ្ញាបណ្ណស្របច្បាប់ផងដែរ។
ចំពោះករណីនេះ អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. សូមជំរុញឱ្យអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ធ្វើការចាត់វិធានការយ៉ាងក្តៅគគុកក្នុងការបង្ក្រាប កាស៊ីណូអនឡាញ PK777 នេះជាបន្ទាន់។ ជាមួយគ្នានេះ អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. សូមក្រើនរំលឹកដល់សាធារណជនទាំងអស់ សូមកុំប្រព្រឹត្ត ឬលេង ឬ ចូលរួមគាំទ្រល្បែងស៊ីសងខុសច្បាប់នេះ ដែលប្រឈមនឹងការដាក់ទោសទណ្ឌ ទៅតាមច្បាប់ជាធរមាន។
អាស្រ័យដូចបានជម្រាបខាងលើ សូម សាធារណជន និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ជ្រាប និងចូលរួមសហការអនុវត្តឱ្យបានម៉ឺងម៉ាត់ ៕
ដោយ ៖ សហការី