ភ្នំពេញ៖ នៅទីស្ដីការក្រសួងមហាផ្ទៃ នាថ្ងៃចន្ទ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) រៀបចំសិក្ខាសាលាថ្នាក់ជាតិការវាយតម្លៃការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ៥ឆ្នាំ (២០១៩-២០២៣) និងការបង្កើតផែនការយុទ្ធសាស្ត្រជាតិ៥ឆ្នាំ (២០២៤-២០២៨) ក្រោមអធិបតីភាពលោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ តំណាងអង្គការជាដៃគូរ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបផងដែរ។
ជាកិច្ចចាប់ផ្ដើម លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា សិក្ខាសាលានៅក្នុងថ្ងៃនេះគឺជាកិច្ចប្រជុំក្បាលម៉ាស៊ីនថ្នាក់ជាតិដើម្បីវាយតម្លៃចំណុចខ្វះខាត ចន្លោះប្រហោង នៃការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ៥ឆ្នាំ (២០១៩-២០២៣) ក៏ដូចជាពិភាក្សាប្រមូលធាតុចូល និងទិន្នន័យពីអ្នកពាក់ព័ន្ធទាំងអស់ដែលជាសមាជិកនៃគណៈកម្មាធិការជាតិគ.ជ.ប.ជ សម្រាប់រៀបចំផែនការយុទ្ធសាស្ត្រជាតិ៥ឆ្នាំបន្ត (២០២៤-២០២៨)។
លោកស្រីបានបញ្ជាក់ថា ការរៀបចំផែនការយុទ្ធសាស្ត្រជាតិ៥ឆ្នាំ (២០២៤-២០២៨)នេះគឺផ្អែកលើការវាយតម្លៃយុទ្ធសាស្ត្រចាស់ដែលជាមូលដ្ឋានគ្រឹះ ពោលគឺការអនុវត្តយុទ្ធសាស្ត្រ៥ឆ្នាំកន្លងទៅ (២០១៩-២០២៣) និងផែនការយុទ្ធសាស្ត្រឆ្នាំមុនៗ រួមមាន ផែនការសកម្មភាព ឆ្នាំ២០១១-២០១៣, ផែនការសកម្មភាព២០១៤-២០១៨, និងឯកសារគោលសម្រាប់អនុវត្ត ឆ្នាំ២០១៦-២០១៨ ជាដើម។
លោកស្រី បានបន្តថា ការប្រមូលព័ត៌មាន និងធាតុចូលពីអ្នកអនុវត្តផ្ទាល់ និងអ្នកអនុវត្តសកម្មលើការងារប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស សម្រាប់ការរៀបចំផែនការយុទ្ធសាស្ត្រនេះ គឺពិតជាមានសារៈសំខាន់ សម្រាប់ជាព័ត៌មានមូលដ្ឋាន ដោយពួកគាត់ជាអ្នកចុះផ្ទាល់ជាមួយស្ថាប័នពាក់ព័ន្ធ ចុះតាមសហគមន៍ដើម្បីប្រមូលមតិ សម្លេងពីជនរងគ្រោះ។
លោកស្រី សង្ឃឹម និងជឿជាក់ថា តាមរយៈការបែងចែងជាក្រុមពិភាក្សា នៃកិច្ចប្រជុំថ្ងៃនេះនឹងផ្ដល់ជាទិន្នន័យ ធាតុចូល និងព័ត៌មានខុសៗគ្នា ដើម្បីយកមកបញ្ចូលគ្នាសម្រាប់កំណត់នូវចំណុចជាអាទិភាពក្នុងផែនការ៥ឆ្នាំទៅមុខ ក៏ដូចជារួមគ្នាប៉ាន់ប្រមាណនូវការវិវត្តនៃបទល្មើសនានាបន្តទៀត។ លោកស្រីក៏បានសង្កត់ធ្ងន់ផងដែរថា ពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស រហូតមកដល់ពេលនេះ ប្រទេសកម្ពុជាមានស្ថានភាពនឹងនរ ហើយការងារនេះគឺជាការងាររួម រវាងអន្តរក្រសួងស្ថាប័ន និងអង្គការជាដៃគូទាំងថ្នាក់ជាតិ និងអន្តរជាតិ រួមទាំងកិច្ចសហការជាមួយបណ្ដាប្រទេសនានា ដើម្បីកាត់បន្ថយនូវការរងគ្រោះរបស់ជនរងគ្រោះ និងដើម្បីឆ្ពោះទៅរកទស្សនវិស័យលុបបំបាត់នូវបទល្មើសតែម្ដង។
គួរជម្រាបថា ផែនការយុទ្ធសាស្ត្រជាតិ៥ឆ្នាំ សម្រាប់ឆ្នាំ២០២៤-២០២៨ មានយុទ្ធសាស្ត្រចំនួនបួន រួមមាន៖ ១. ពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការកសាង និងអនុវត្តច្បាប់ គោលនយោបាយ និងបទដ្ឋានគតិយុត្តនានា, ២. លើកកម្ពស់ការបង្ការទប់ស្កាត់រាល់ទម្រង់ នៃអំពើជួញដូរមនុស្ស និងការរំលោភបំពានផ្លូវភេទលើកុមារ, ៣. ពង្រឹងប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌ ឆ្លើយតបទៅនឹងអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ និង ៤. បង្កើនកិច្ចការពារជនរងគ្រោះ៕
ដោយ៖ សហការី