ភ្នំពេញ ៖ នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មការវិនិយោគកម្ពុជា បានអនុញ្ញាតឱ្យលោក អ៊ីនឹហ្សឹកា ណាអុតុ នាយកប្រតិបត្តិប្រចាំតំបន់អាស៊ីនៃក្រុមហ៊ុនដេនសូ (Denso) និងក្រុមការងារចូលសម្តែងការគួរសម និងពិភាក្សាការងារ។
បើតាមសេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា : ជាកិច្ចចាប់ផ្តើម លោកអគ្គលេខាធិការបានសម្តែងនូវការស្វាគមន៍ និងគាំទ្រដល់ក្រុមហ៊ុនជប៉ុនធំ មួយនេះ ដែលមានសកម្មភាពវិនិយោគនៅព្រះរាជាណាចក្រកម្ពុជាតាំងពីឆ្នាំ២០១៣ ហើយឆ្នាំនេះផងដែរ ជាខួបរយៈពេល១០ឆ្នាំក្នុងការបង្កើតក្រុមហ៊ុន Denso នៅក្នុងប្រទេសកម្ពុជា។ លោក ម៉ឹនីហ្ស៊ីកា ណាអូតូ បានជម្រាបជូនលោក អគ្គលេខាធិការថា នាពេលបច្ចុប្បន្ន មានកម្មករប្រមាណជាង៥០០នាក់ បាននិង កំពុងបម្រើការងារនៅក្នុងរោងចក្រ Denso ហើយនៅឆ្នាំក្រោយនេះ ក្រុមហ៊ុននឹងមានគម្រោងផ្តល់ ឱកាសការងារបន្ថែមទៀតប្រមាណ៧០០កន្លែង។ លើសពីនេះទៀត លោក ម៉ឹនីហ្ស៊ីកា ណាអូតូ បាន ជម្រាបជូន លោកអគ្គលេខាធិការពីកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន Denso និងវិទ្យាស្ថានបច្ចេកវិទ្យា កម្ពុជា (សាលាតិចណូ) រហូតឈានដល់ការចុះអនុស្សារណៈយោគយល់គ្នា ស្ដីពីការអភិវឌ្ឍមូលធនមនុស្ស ហើយក្នុងនោះផងដែរ បុគ្គលិកដែលជាវិស្វករចំនួន ១០០នាក់ដែលបាននិងកំពុងបម្រើការនៅក្នុងរោងចក្រ Denso បច្ចុប្បន្ន មាន៥០នាក់គឺជាសិស្សដែលបានបញ្ចប់ការសិក្សាមកពីសាលាតិចណូ។
លោកអគ្គលេខាធិការ បានសម្តែងនូវការអបអរសាទរចំពោះការរីកចំរើនរបស់ក្រុមហ៊ុនដែល ឈានទៅដល់គម្រោងពង្រីករោងចក្រ ជាពិសេសការបណ្តុះបណ្តាលមួលធនមនុស្សកម្ពុជាដើម្បីបង្កើន ផលិតភាពរបស់ក្រុមហ៊ុន ៕
ដោយ ៖ សហការី