ព័ត៌មានទាន់ហេតុការណ៍៖

ភ្ញៀវទេសចរចូលរួមទស្សនាបុណ្យអុំទូក២ថ្ងៃនៅខេត្តបន្ទាយមានជ័យ ប្រមាណជាង១៥មុឺននាក់

ចែករំលែក៖

    ខេត្តបន្ទាយមានជ័យ៖ នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ រដ្ឋបាលខេត្តបន្ទាយមានជ័យបានរៀបចំពិធីបិទការប្រណាំងទូកងថ្នាក់ខេត្ត នៅដងស្ទឹងសិរីសោភ័ណ ក្រោយសាកលវិទ្យាល័យមានជ័យ ក្នុងសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ឆ្នាំ២០២៣នេះ មានភ្ញៀវទេសចរចូលរួមទស្សនាយ៉ាងច្រើនកុះករប្រមាណសរុប២ថ្ងៃ ចំនួន ១៥២.៨៥៦នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ១៥២.៨៤៧នាក់ ភ្ញៀវបរទេសមានចំនួន០៩នាក់។

   ពិធីបិទការប្រណាំងទូក អបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ថ្ងៃនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពលោកកែ គឹមយ៉ាន អ្នកតំណាងរាស្ត្រមណ្ឌលបន្ទាយមានជ័យ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះខេត្តបន្ទាយមានជ័យ និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំខេត្ត សមាជិកព្រឹទ្ធសភា រដ្ឋសភា មេបញ្ជាការ ស្នងការកងកម្លាំងគ្រប់កងឯកភាព ប្រតិភូខេត្តស្រះកែវប្រទេសថៃ កុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបង។

    លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានគូសបញ្ជាក់ថាៈការរៀបចំពិធីប្រណាំងទូកនេះ គឺធ្វើឡើង ដើម្បីជាការកម្សាន្តសប្បាយរំសាយ ការនឿយហត់របស់ប្រជាពលរដ្ឋទាំងនៅ ក្នុងខេត្តក៏ដូចជាមកពីបណ្តាខេត្តជិតឆ្ងាយ និងដើម្បីចូលរួមអបអរសាទរព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ ដែលនឹងមកដល់នៅថ្ងៃទី២៧ដល់ ២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ ក្នុងគោលដៅចូលរួមថែរក្សាទំនៀមទម្លាប់វប្បធម៌ ប្រពៃណីជាតិដែលមានជាយូរលង់ណាស់មកហើយ សំដៅធ្វើឱ្យកូនចៅជំនាន់ក្រោយបានចូលរួមយល់ដឹងពីពិធីបុណ្យជាតិ ដែលដូនតារបស់ខ្លួនបានបន្សល់ទុកឱ្យនិងឱ្យថែរក្សាបានគង់វង្សទៀតផង។

   លោកបានបន្តថា ៖ ការរៀបចំប្រណាំងទូកឆ្នាំនេះមានពុកម៉ែបងប្អូនប្រជាពលរដ្ឋមកយ៉ាងច្រើនកុះករ ជាមួយការមកទស្សនាការតាំងពិព័រណ៍ផលិតផលខ្មែរ ការបណ្តែតប្រទីបពេលរាត្រីពេលចប់កម្មវិធីប្រណាំងទូក។ការរៀបចំរយៈពេល២ថ្ងៃមកនេះ ទទួលបានជោគជ័យ មិនមានបញ្ហាអ្វីនោះទេ កងកម្លាំងប្រដាប់អាវុធទាំង២ប្រភេទ កម្លាំងស្នងការ កម្លាំងអាវុធហត្ថខេត្ត និងមន្ត្រីពាក់ព័ន្ធ គណៈកម្មការនីមួយៗបានដំណើរការដោយជោគជ័យរលូនល្អ បង្កការកម្សាន្តសប្បាយជូនពលរដ្ឋមកពីគ្រប់ទិសទី រក្សាសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយល្អ។

    លោកកែ គឹមយ៉ាន អ្នកតំណាងរាស្ត្រមណ្ឌលបន្ទាយមានជ័យ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះខេត្តបន្ទាយមានជ័យ បានថ្លែងការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការដឹកនាំរៀបចំកម្មវិធីប្រណាំងទូក និងព្រឹត្តិការណ៍ផ្សេងៗទៀតរបស់ខេត្តនេះ ដើម្បីបង្ហាញពីភាពរីកចម្រើនរបស់ខេត្ត ក្រោមម្លប់សុខសន្តិភាពរបស់ជាតិយើង ។ជាមួយគ្នានោះលោកក៏បានបានធ្វើការអរគុណដល់ចំណុះទូកទាំងអស់ ត្រូវចេះសាមគ្គីគ្នា ទឹកចិត្តជាកីឡាប្រឹងប្រែងក្នុងការប្រកួតដណ្តើមយកជ័យជម្នះសម្រាប់វគ្គមូលដ្ឋានរបស់ខ្លួន។

    នៅក្នុងឱកាសនេះដែរ អ្ន្តកតំណាងរាស្ត្រក៏បានធ្វើការអំពាវនាវទៅកាន់ដល់ស្រទាប់មហាជនទាំងអស់ពិសេសយុវជនត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀន និងសូមមេត្តាបន្តការចូលរួមទាំងអស់គ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀន និងគោរពឱ្យបានខ្ជាប់ខ្ជួននូវច្បាប់ចរាចរណ៍ផ្លូវគោក។

   ក្នុងឱកាសបិទនោះ គណៈអធិបតីក៍បានប្រគល់ពានរង្វាន់ជ័យលាភី ថវិកា គ្រឿងឧបភោគបរិភោគមួយចំនួនដល់គណៈកម្មការទូកទាំងអស់ទៅតាមចំណាត់ថ្នាក់នីមួយៗគ្រប់ទូកទាំង២៨ ដែលបានចូលរួមប្រកួត និងផ្តល់ថវិកាឧបត្ថម្ភដល់អនុគណៈកម្មការនីមួយៗរបស់ខេត្ត ដែលបានដឹកនាំទទួលខុសត្រូវតាមផ្នែករបស់ខ្លួនផងដែរ៕

ដោយ៖ វណ្ណា


ចែករំលែក៖