ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលបានបង្កើតនូវបរិយាបន្នអំណោយផល និងលក្ខខណ្ឌចាំបាច់ជាច្រើនដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍប្រកបដោយចីរភាព

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាគ្រប់ៗអណត្តិបានកំណត់អាទិភាពក្នុងការអភិវឌ្ឍប្រព័ន្ធសន្តិសុខសង្គម និងបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ សំដៅលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ ដែលចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍប្រកបដោយចីរភាព។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីប្រកាសឱ្យអនុវត្តជាផ្លូវការ «កម្មវិធីរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត» និង «កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ» នៅថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអបអរសាទរ និងកោតសរសើរដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអ្នកពាក់ព័ន្ធទាំងអស់ដែលបានរៀបចំកម្មវិធីនេះរហូតទទួលបានជោគជ័យ។ 

បន្ថែមពីលើនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឆ្លៀតសង្កត់ធ្ងន់ថា បងប្អូនកម្មករនិយោជិតជាស្រ្តីទទួលបានការយកចិត្តទុកដាក់និងការគាំពារ ទាំងមុនពេលសម្រាល ក្នុងពេលសម្រាល និងក្រោយពេលសម្រាលទៀតផង។ 

សម្ដេចធិបតីនាយករដ្ឋមន្ត្រី ស្នើដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន រោងចក្រ សហគ្រាស និងស្ថាប័ននានា ដើម្បីទទួលយកយុវជនដែលទទួលបានការបណ្ដុះបណ្ដាលវិជ្ជាជីវៈទៅហាត់ការនៅតាមបណ្ដាក្រុមហ៊ុន រោងចក្រ សហគ្រាស និងស្ថាប័នទាំងនោះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់បណ្ដាក្រុមហ៊ុនឯកជននានា ដែលបានផ្ដល់កិច្ចសហការជាមួយរាជរដ្ឋាភិបាល ផ្ដល់កន្លែងហាត់ការជាក់ស្ដែងដល់ក្រុមយុវជនដែលសិក្សាជំនាញវិជ្ជាជីវៈ។ សម្ដេចធិបតី បន្តស្វាគមន៍បណ្ដាក្រុមហ៊ុន ដ៏ទៃទៀតដែលចង់សហការផ្ដល់ការបណ្ដុះបណ្ដាលជំនាញដល់យុវជន ៕

ដោយ ៖ សហការី


ចែករំលែក៖