ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃអង្គារ ២កើត ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានថ្លែងប្រសាសន៍សំខាន់ៗនាឱកាសអញ្ជើញជាអធិបតីប្រកាសដាក់ឱ្យអនុវត្តន៍ជាផ្លូវការ កម្មវិធីនយោបាយចំនួនពីរក្នុងវិស័យការងារ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់កម្មករ និយោជិត។
សូមអានប្រសាសន៍សំខាន់ៗរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានដូចខាងក្រោម៖
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គម ដែលមានទាំងប្រាក់សោធន និងការថែទាំសុខភាព បានគ្របដណ្ដប់លើប្រជាពលរដ្ឋជាង ៩លាននាក់ ដែលឆ្ពោះទៅការគ្របដណ្ដប់សុខភាពជាសកលនាពេលឆាប់ៗខាងមុខ។
សម្តេចធិបតី ប្រកាសជំរុញឱ្យផ្សព្វផ្សាយឱ្យបានច្បាស់លាស់ និងចំគោលដៅ កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងគ្រោះ ចំនួន ១,៥ លាននាក់ឱ្យបានទូលំទូលាយទៅដល់ប្រជាពលរដ្ឋ ដើម្បីពន្យល់ដល់ពលរដ្ឋឱ្យបានយល់ច្បាស់ ជៀសវាងការច្រឡំភាន់ណាមួយ។
សម្តេចធិបតី ថ្លែងថា បើយើងយឺតមួយថ្ងៃនៅក្នុងការសម្រេចចិត្ត គឺវាអាចយឺតទៅដល់ ១ខែ ទៅ ៣ខែ ដល់ការអនុវត្តចំពោះប្រជាពលរដ្ឋលើកម្មវិធីគោលនយោបាយអាទិភាពនានា ដូច្នេះត្រូវដាក់ចេញភ្លាម អនុវត្តភ្លាមតែម្ដង តាមរយៈការគិតគូរគ្រប់ជ្រុងជ្រោយ ការដាក់ចេញ និងការអនុវត្ត។
សម្តេចធិបតី ថ្លែងអំណរគុណដល់បណ្ដាក្រុមហ៊ុនឯកជននានា ដែលបានផ្ដល់កិច្ចសហការជាមួយរាជរដ្ឋាភិបាល ផ្ដល់កន្លែងហាត់ការជាក់ស្ដែងដល់ក្រុមយុវជនដែលសិក្សាជំនាញវិជ្ជាជីវៈ។ សម្ដេចធិបតី បន្តស្វាគមន៍បណ្ដាក្រុមហ៊ុន ដ៏ទៃទៀតដែលចង់សហការផ្ដល់ការបណ្ដុះបណ្ដាលជំនាញដល់យុវជន។
សម្ដេចធិបតី ស្នើដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន រោងចក្រ សហគ្រាស និងស្ថាប័ននានា ដើម្បីទទួលយកយុវជនដែលទទួលបានការបណ្ដុះបណ្ដាលវិជ្ជាជីវៈទៅហាត់ការនៅតាមបណ្ដាក្រុមហ៊ុន រោងចក្រ សហគ្រាស និងស្ថាប័នទាំងនោះ។
សម្តេចធិបតី បានណែនាំឱ្យក្រសួងការងារ និងក្រសួងពាក់ព័ន្ធដទៃទៀតរៀបចំបង្កើតនូវទារកដ្ឋាន និងមត្តេយ្យសហគមន៍នៅតាមតំបន់ដែលស្ថិតក្បែររោងចក្រនៅទូទាំងប្រទេស។ សម្រាប់សម្តេចធិបតី ការទារកដ្ឋាន និងមត្តេយ្យសហគមន៍នេះ គឺផ្តល់សារៈសំខាន់ណាស់ដល់ប្រជាពលរដ្ឋ ជាពិសេស កម្មករ និយោជិត ក្នុងការថែទាំសុខភាពកូនៗរបស់ពួកគេ និងទទួលបានការបណ្តុះបណ្តាលថ្នាក់មត្តេយ្យដែលស្ថិតក្បែរផ្ទះរបស់ពួកគេ។
សម្តេចធិបតី បានណែនាំបែបនេះនៅក្នងពិធីប្រកាសឱ្យអនុវត្តជាផ្លូវការ “កម្មវិធីរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្ត” និង “កម្មវិធីបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ” សណ្ឋាគារ សុខា នៅព្រឹកថ្ងៃអង្គារ នេះ។
សម្តេចធិបតី ថ្លែងថា សម្តេចបានណែនាំបែបនេះដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រោះវានឹងផ្តល់នូវមូលដ្ឋានសុខភាពល្អ និងមូលដ្ឋាននៃការអប់រំដល់ក្មេងៗតាំងតូចទៅតែម្តង។
សម្តេចធិបតី ថ្លែងបន្ថែមថា បញ្ហាសុខភាពនេះ ត្រូវគិតគូរតាំងពីដើមទីទៅ ពោល គឺតាំងពីមុនកើត និងក្រោយកើត ដើម្បីធានាថា កុមារកម្ពុជា មានសុខភាពល្អ។
សម្តេចធិបតី ថ្លែងថា នៅពេលមានទារកដ្ឋាន គឺទារកដ្ឋាននេះ នឹងរួមចំណែកយ៉ាងខ្លាំងទាំងលើបញ្ហាសុខភាព ក៏ដូចជា បញ្ហាហូបចុក ហើយពិសេសនេះ គឺទារកដ្ឋាន នឹងផ្តល់នូវអាហារូបត្ថម្ភផ្សេងៗទៀតដល់ទារកដែលទើបនឹងកើត។
សម្ដេចធិបតី ថ្លែងថា បានយល់ស្របនឹងការអះអាងរបស់លោក ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ដែលថាវិស័យអប់រំនៅពេលដែលកុមារបានឆ្លងកាត់មត្តេយ្យសិក្សាមុន គឺពួកគេនឹងឆាប់យល់ និងឆាប់ចាប់បាននៅពេលឈានចូលទៅសិក្សានៅកម្រិតផ្សេងៗទៀត។ នេះ គឺអ្វីដែលសម្តេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុកថា មត្តេយ្យសហគមន៍នៅតាមតំបន់ដែលស្ថិតក្បែររោងចក្រ គឺជារឿងសំខាន់។
សូមជម្រាបថា កម្មវិធីនយោបាយទាំងពីរនេះ រួមមាន៖ ១៖ របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់បុគ្គលនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិកបេឡាជាតិរបបសន្តិសុខសង្គម, ២៖ កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងគ្រោះ៕
ដោយ៖ ស តារា