ព័ត៌មានទាន់ហេតុការណ៍៖

ថ្ងៃទី១៤ ខែវិច្ឆិកា ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រគឺខួប៣២ ឆ្នាំ នៃការយាងវិលត្រឡប់ចូលប្រទេសវិញ របស់អតីតព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋ និងសម្តេចម៉ែ

ចែករំលែក៖

ភ្នំពេញ៖ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ គឺខួប ៣២ឆ្នាំ នៃការយាងវិលត្រឡប់ចូលប្រទេសកម្ពុជាវិញ របស់អតីតព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋ និងសម្តេចម៉ែ អមដង្ហែដោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

គួររំលឹកថា សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី កាលពីពេលកន្លងទៅនេះ បានមានប្រសាសន៍ ឲ្យដឹងថា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ១៩៩១ សម្តេចក្នុងនាមជាប្រមុខរដ្ឋាភិបាលនៃសម័យរដ្ឋកម្ពុជា និងក៏ប្រៀបបានជាអង្គរក្សដ៏មោះមុតម្នាក់ ពាក់អាវក្រោះការពារគ្រាប់កាំភ្លើង ឈរយ៉ាងអង់អាចទន្ទឹមក្បែរព្រះអង្គជានិច្ច នៅពេលធ្វើដំណើរពីព្រលានយន្តហោះ ឆ្ពោះទៅព្រះបរមរាជវាំង ហើយប្រសិនបើមានអ្វីកើតឡើងចំពោះព្រះអង្គ សម្តេចនឹងឱបព្រះអង្គដើម្បីការពារគ្រាប់កាំភ្លើងឲ្យបានជាដាច់ខាត។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទម្លាយក្នុងកិច្ចសម្ភាសន៍ពិសេសនាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ យ៉ាងដូច្នេះថា៖ «នៅថ្ងៃដែលព្រះអង្គយាងត្រឡប់មកកាន់មាតុភូមិវិញ កាលពីថ្ងៃទី១៤ វិច្ឆិកា ១៩៩១ កាលណោះក្នុងនាមខ្ញុំជាប្រមុខរដ្ឋាភិបាល នៃសម័យរដ្ឋកម្ពុជា និងព្រះអង្គក្នុងនាមប្រធាន SNC (ក្រុមប្រឹក្សាជាតិជាន់ខ្ពស់នៃកម្ពុជា) បានធ្វើដំណើរតាមយន្តហោះពីរដ្ឋធានីប៉េកាំង ប្រទេសចិន មកចូលក្នុង ប្រទេសកម្ពុជា, ហើយនៅមុនពេលយន្តហោះចុះចតប្រមាណ៣០នាទី ខ្ញុំបានចូលទៅក្នុងបន្ទប់ទឹកនៅលើយន្តហោះ ដើម្បីពាក់អាវក្រោះការពារគ្រាប់កាំភ្លើងពីខាងក្នុង គោលបំណងដើម្បីការពារព្រះអង្គ, ក្រោយចាកចេញពីយន្តហោះ ពោលនៅពេលព្រះអង្គគង់ប្រថាប់នៅលើរថយន្តក្បួនពីព្រលានយន្តហោះពោធិ៍ចិនតុង ឆ្ពោះទៅកាន់ព្រះបរមរាជវាំង ខ្ញុំនៅឈរទន្ទឹមក្បែរព្រះអង្គជានិច្ចប្រៀបបាននឹងអង្គរក្សម្នាក់របស់សម្តេចឪ ដែលប្រុងប្រយ័ត្នខ្ពស់ ប្រសិនបើមានហេតុការណ៍អ្វីកើតឡើងភ្លាម ខ្ញុំនឹងឱបព្រះអង្គ ដើម្បីការពារព្រះអង្គឲ្យបានជាដាច់ខាត»។

សម្តេចតេជោ បានបន្តឲ្យដឹងថា «កាលណោះព្រះអង្គមិនបានដឹងថា សម្តេចពាក់អាវក្រោះការពារគ្រាប់កាំភ្លើងទេ លុះរំលងបានប្រមាណជាង២ឆ្នាំក្រោយមក ទើបសម្តេចបានទូលព្រះអង្គអំពីរឿងហ្នឹង» នេះជាប្រសាសន៍បន្ថែមរបស់សម្តេចតេជោ ហ៊ុន សែន។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់បន្ថែមឲ្យកាន់ច្បាស់ថា នៅក្នុងដំណើរយាងនិវត្តន៍នោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានរួមដង្ហែព្រះ ករុណា សម្តេចព្រះនរោត្តម សីហនុ និងសម្តេចម៉ែ ផ្ទាល់ពីទីក្រុងប៉េកាំង មកកាន់ទីក្រុងភ្នំពេញ។ ដោយឡែកតាមរថយន្តពីព្រលានយន្តហោះពោធិ៍ចិនតុង ទៅកាន់ព្រះបរមរាជវាំង សម្តេចតេជោ ហ៊ុន សែន ស្ថិតនៅលើរថយន្តជាមួយសម្តេចឪ ចំណែកសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ជិះរថយន្តជាមួយសម្តេចម៉ែ៕

ដោយ៖ សហការី


ចែករំលែក៖