ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងអាវុធខេត្តបញ្ជូនជនសង្ស័យ០២នាក់ទៅសាលាដំបូងខេត្ត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យ​២នាក់ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ ​កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា​ ឆ្នាំ​២០២៣​នេះ​ អនុវត្តតាមនីតិវិធី​។   

  សមត្ថកិច្ចប្រាប់ថា កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ​ ដឹកនាំដោយលោក​វរសេនីយ៍ត្រី​ យ៉ាន់​ សុវណ្ណ​ មេបញ្ជាការ​មូលដ្ឋានអាវុធហត្ថក្រុង​ បានចុះប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីលួច (កាបូបប្រាក់) និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង២៣និង០០នាទី ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចសួនមានជ័យ ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ។ យោងតាមពាក្យបណ្តឹងជនរងគ្រោះឈ្មោះ ចៅ ស៊ាវម៉ី ភេទស្រី អាយុ៣០ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ។

លោក​វរសេនីយ៍ត្រី​ យ៉ាន់​ សុវណ្ណ​ មេបញ្ជាការ​មូលដ្ឋានអាវុធហត្ថក្រុង​សិរីសោភ័ណបានឱ្យដឹងថា​ ជនសង្ស័យទាំង២នាក់​ ១-ឈ្មោះ​ អង់ ម៉ុន ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។​ ២.ឈ្មោះ​ ទូច លីជ្រុយ (ហៅតេវ) ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ។ វត្ថុតាងចាប់យកមាន​ ១.ទូរស័ព្ទដៃម៉ាក VIVO ពណ៌ទឹកប៊ិច ចំនួន០១គ្រឿង,​ ២.ប្រាក់ខ្មែរ ចំនួន៣០០,០០០រៀល និងប្រាក់ដុល្លារ ចំនួន២០ដុល្លារ,​ ៣.ម៉ូតូម៉ាកនិច ពណ៌ស គ្មានផ្លាកលេខ ចំនួន០១គ្រឿង,​ ៤.ទូរស័ព្ទម៉ាកNOKIA ចុចពិល ចំនួន០១គ្រឿង,​ ៥.គ្រឿងញៀនមេតំហ្វេតាមីនម្សៅក្រាមសថ្លា ចំនួន០១កូនថង់កិប។

លោកវរសេនីយ៍ត្រី​ យ៉ាន់​ សុវណ្ណ​ បន្តថា​ នៅវេលាកេីតហេតុ​ ក្រុមជនសង្ស័យបាននាំគ្នាធ្វើសកម្មភាព លួចយកកាបូបប្រាក់ និងទូរស័ព្ទដៃដែលជនរងគ្រោះខណៈទៅមើលការតាំងពិពណ៌នៅសួនមានជ័យ ភ្លាមៗជនរងគ្រោះបានរាយការណ៍ជូនកងកម្លាំងអាវុធហត្ថប្រចាំការនៅទីនោះ​ លោកក៏បានដឹកនាំកងកម្លាំងដោយផ្ទាល់ចុះស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យ ចំនួន០២នាក់ ព្រមទាំងដកហូតវត្ថុតាងម៉ូតូ០១គ្រឿង និងកាបូបលុយរបស់ជនរងគ្រោះ នាំយកមកកាន់មូលដ្ឋានកងរាជអាវុធហត្ថ ក្រុងសិរីសោភ័ណ ដើម្បីចាត់ការតាមនីតិវិធី។

ក្រោយឃាត់ខ្លួន​ និងសួរចម្លេីយ​ ជនសង្ស័យ​បានសារ​ភាពថា​ ពួកខ្លួនពិតជាបានលួចកាបូបលុយ​ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ពិតប្រាកដមែន។​

ដោយផ្អែកលេីចម្លេីយសារភាព​ ជនសង្ស័យត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថក្រុង​ បញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថ​ខេត្ត​ ចាត់ការបន្តតាមនីតិវិធី​។ 

លោកវរសេនីយ៍ឯក ម៉ែន​ ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ​ និងបង្ក្រាបបទល្មេីស​បានឱ្យដឹងថា​ ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។ 

ក្រោយពីសួរនាំ  ជនសង្ស័យ​ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ ​កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត​ដើម្បី អនុវត្តតាមនីតិវិធី​។

ចំណែកវត្ថុតាងរបស់ជនរងគ្រោះ​ត្រូវបានកម្លាំងកងរាជអាវុធហត្ថ​ ប្រគល់ជូនម្ចាស់ដេីមវិញ៕

ដោយ ៖ វណ្ណា


ចែករំលែក៖