ព័ត៌មានទាន់ហេតុការណ៍៖

ទេសរដ្ឋមន្រ្តី លី ធុជ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចនូវសមិទ្ធផលជាប្រវត្តិសាស្រ្តជូនប្រជាជនខេត្តមណ្ឌលគិរី ឱ្យរួចចាកផុតពីការគំរាមដោយសារមីន

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖  លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានលើកឡើងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់នូវអំណោយជាសមិទ្ធផលសកម្មភាពមីនសម្រាប់ចុងឆ្នាំ២០២៣ ជូនដល់ប្រជាជនខេត្តមណ្ឌលគិរីឱ្យរួចចាកផុតពីការគំរាមកំហែងដោយសារមីន។ នេះជាការលើកឡើង នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាលាខេត្តមណ្ឌលគិរី របស់លោកទេសរដ្ឋមន្រ្តី លី ធុជ ក្នុងនាមសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរការប្រកាសខេត្តមណ្ឌលគិរី ជាខេត្តអស់មីន។ 

    លោកបណ្ឌិតបានគូសបញ្ជាក់បន្ថែមទៀតថា ខេត្តមណ្ឌលគិរី គឺជាខេត្តទី១៤ ដែលប្រកាសជាខេត្តអស់មីន ដែលបានបោសសម្អាតចាប់ពីឆ្នាំ២០០២ ដោយប្រតិបត្តិករចំនួន៣ រួមមាន មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព អង្គភាពស៊ីម៉ាក់ និងអង្គការម៉ែក ក្នុងទំហំផ្ទៃដីប្រមាណជា ១៧.៨៨៦.៥៦៤ ម៉ែត្រក្រឡា ដោយមានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈ “មូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥” ប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍។ នេះគឺជាស្នាដៃប្រវត្តិសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រាប់ប្រជាជនខេត្តមណ្ឌលគិរីទាំងមូល ឱ្យទទួលបាននូវសេរីភាពរួចចាកផុតពីការគំរាមដោយសារមីនដែលជាមរតកពីសង្រ្គាម ក្រោមម្លប់សន្តិភាពកើតចេញពី នយោបាយ ឈ្នះ=ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ដែលបានខិតខំប្រឹងប្រែងពលីស្វែងរកមកយ៉ាងលំបាក។ 

   លោកទេសរដ្ឋមន្រ្តីបានបន្តទៀតថា ជាមួយនឹងផ្លែផ្កានៃសន្តិភាព ការងារបោសសម្អាតមីន ពិតជាបានរួមចំណែកធ្វើឱ្យមានភាពខុសប្លែកគ្នាយ៉ាងខ្លាំងចំពោះសុខសុវត្ថិភាព សន្តិសុខ និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ដែលកំពុងរស់នៅក្នុងសហគមន៍ដែលរងផលប៉ះពាល់ដោយសារសំណល់ជាតិផ្ទុះពីសង្រ្គាម។

    លោកទេសរដ្ឋមន្រ្តីបានបន្តលើកឡើងអំពីភាពជោគជ័យនៃការងារបោសសម្អាតមីននិងសំណល់ជាតិផ្ទុះពីសង្រ្គាមរយៈពេលជាង៣០ឆ្នាំនៅកម្ពុជា ដែលរាជរដ្ឋាភិបាលចំណាយថវិកាអស់ជាង ២០០លានដុល្លារអាមេរិក ដើម្បីធានាសុខសុវត្ថិភាព និងសុខក្សេមក្សាន្តជូនប្រជាពលរដ្ឋទូទាំងប្រទេស។ ជាមួយនឹងភាពជោគជ័យនេះ កម្ពុជានឹងទទួលបាននូវការវាយតម្លៃខ្ពស់ពីសហគមន៍អន្តរជាតិ ហើយនៅឆ្នាំ២០២៤ ខាងមុខ កម្ពុជាមានកិតិ្តយសទទួលធ្វើជាប្រធាននៃអនុសញ្ញាអូតាវ៉ា ដោយសម្រេចជ្រើសយកខេត្តសៀមរាបជាទីកន្លែងសម្រាប់ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ដែលមានតំណាងមកពីរដ្ឋភាគីនិងរដ្ឋសង្កេតការណ៍ប្រមាណជាង ២០០ប្រទេសចូលរួម។ 

    លោកបានបន្ថែមទៀតថា ភាពជាម្ចាស់ផ្ទះរបស់កម្ពុជា នឹងធ្វើឱ្យគណៈប្រតិភូមកពីជាង ២០០ ប្រទេស ផ្លាស់ប្តូរផ្នត់គំនិតអវិជ្ជមានពីកម្ពុជា ក៏ដូចជាក្លាយជាឯកអគ្គរដ្ឋទូត ផ្សព្វផ្សាយដំណឹងល្អ និងវិជ្ជមានពីកម្ពុជាទៅកាន់សកលលោក៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖