ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលបាននិងកំពុងខិតខំយកចិត្តទុកដាក់ទៅលើសុខុមាលភាព និងការអប់រំរបស់ប្រជាពលរដ្ឋគ្រប់រូប ដោយត្រូវគិតគូរតាំងពីដើមទី។ ជាក់ស្ដែង ការថែទាំសុខភាពត្រូវគិតតាំងពីមុនកើត ពេលកើត និងនៅពេលក្រោយកើត ហើយក្រោយមក គេត្រូវគិតពីការអប់រំ។ ដូច្នេះហើយ ទើបយើងចាំបាច់ត្រូវបង្កើតទារកដ្ឋាននិងមត្តេយ្យសហគមន៍ឱ្យច្រើន ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញប្រកាសឱ្យអនុវត្តជាផ្លូវការស្តីពីកម្មវិធីនយោបាយចំនួន ២ ក្នុងវិស័យការងារ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់កម្មករនិយោជិត ដែលពិធីនេះបានប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ការសិក្សារបស់កុមារតូចៗនាពេលកន្លងទៅ ដែលទទួលបានការវាយតម្លៃតាមរយៈក្រសួងអប់រំយុវជននិងកីឡា បានបង្ហាញឱ្យដឹងថា សិស្សដែលបានចូលរៀននៅបឋមសិក្សា បើសិនជាបានឆ្លងកាត់ការសិក្សានៅមត្តេយ្យសិក្សាមួយជំហានមុន នោះកុមារទាំងនោះនឹងមានភាពងាយស្រួល និងរៀនសូត្រងាយចាប់បាន។ ដូចនេះ ការខិតខំពង្រីកសាលាមត្តេយ្យសិក្សា គឺជាកិច្ចការងារសំខាន់ណាស់ បានន័យថា «រៀន គឺរៀនតាំងពីដំបូងតែម្តង»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានឆ្លៀតរំលេចថា ការបង្កើតទារកដ្ឋាននិងមត្តេយ្យសហគមន៍ឱ្យបានច្រើន គឺជាការចូលរួមចំណែកយកចិត្តទុកដាក់ទៅលើការថែទាំសុខុមាលភាពកុមារនិងទារក ដែលរួមមានដូចជា ការជួយបំប៉នផ្នែកស្មារតី និងការហូបចុកដែលមានអាហារូបត្ថម្ភ ព្រមទាំងការបង្ហាត់បង្រៀនចំណេះដឹងផ្សេងៗជាច្រើនទៀត។
ករណីមួយទៀត សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងថា ការផ្សព្វផ្សាយបានច្បាស់លាស់ និងចំគោលដៅ អំពី ការអប់រំបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់យុវជន និងប្រជាពលរដ្ឋនៅមូលដ្ឋានបែបនេះ គឺពិតជាមាន សារៈសំខាន់ណាស់ ដើម្បីពន្យល់ដល់ពលរដ្ឋឱ្យបានយល់ច្បាស់អំពីកម្មវិធីគោល នយោបាយ អាទិភាពនេះ ក៏ដូចជាគោលនយោបាយអាទិភាពផ្សេងៗទៀត ដើម្បីជៀសវាង ការ ភ័ន្តច្រឡំ ណាមួយពីសំណាក់ប្រជាពលរដ្ឋ។
សូមជម្រាបថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់ក្រុមគោលដៅ យុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរង ហានិភ័យ នៅទូទាំងប្រទេស ចំនួន ១,៥ លាននាក់ ដោយមិនបង់ថ្លៃសិក្សា ក្រុមយុវជនគោលដៅក៏នឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែផងដែរ។
កម្មវិធីគោលនយោបាយនេះ ប្រៀបដូចជាការបង្រៀនដល់យុវជនជាក្រុមគោលដៅឱ្យចេះស្ទូចត្រី បន្ថែម ពីលើកម្មវិធីបើកផ្ដល់សាច់ប្រាក់ដល់ក្រុមគ្រួសារក្រីក្រជាង ៧០ ម៉ឺនគ្រួសារ ដែលរាជ រដ្ឋាភិបាលកំពុងអនុវត្ត។
តាមរយៈកម្មវិធីនេះយុវជនបានចុះឈ្មោះចូលរៀន នឹងទទួលបានការសិក្សាដោយមិនបង់ថ្លៃ, ទទួល បានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ២៨ ម៉ឺនរៀលក្នុង១ខែ, ទទួលបានការប្រឹក្សាយោបល់ ពីការ ជ្រើសរើសជំនាញ និងព័ត៌មានទីផ្សារការងារ, ចុះកម្មសិក្សានៅតាមសហគ្រាស គ្រឹះស្ថាន ឧស្សាហកម្ម និងក្រុមហ៊ុនឯកជន, ជំនាញមួយពិតប្រាកដដែលទីផ្សារការងារកំពុងត្រូវការ និង ឱកាសការងារធ្វើសមរម្យ និងប្រាក់ចំណូលទៀងទាត់៕
ដោយ ៖ សហការី