ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន បានចូលរួមកិច្ចប្រជុំស្ដីពីការអប់រំសុខភាព លើកកម្ពស់សុខភាព នៅមជ្ឃមណ្ឌលជាតិលើកកម្ពស់សុខភាព

ចែករំលែក៖

ភ្នំពេញ ៖ នាព្រឹកថ្ងៃអង្គារ ២កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារអភិវឌ្ឍ និងគ្រប់គ្រងក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋម (ក.ជ.ថ.ស.ប) បានចូលរួមកិច្ចប្រជុំស្ដីពីការអប់រំសុខភាព លើកកម្ពស់សុខភាព នៅមជ្ឃមណ្ឌលជាតិលើកកំពស់សុខភាព ដែលមានសមាសភាពចំនួន ២៤រូប មកពីបណ្ដានាយកដ្ឋានផ្សេងៗដូចជា នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នាយកដ្ឋានការពារសុខភាព នាយកដ្ឋានសុខភាពផ្លូវចិត្ត រួមទាំងមជ្ឈមណ្ឌលជាតិនានា ដែលមានដូចជាមជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក  មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើរស្បែក និងកាមរោគ មជ្ឈមណ្ឌលជាតិផ្ដល់ឈាម មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត។ 

គោលបំណងនៃកិច្ចប្រជុំនេះមានដូចជា៖

  ពង្រឹងកិច្ចសម្របសម្រួល អំពីការងារអប់រំសុខភាព លើកកម្ពស់សុខភាពទាក់ទងនឹងជំងឺឆ្លង មិនឆ្លង សុខភាពមាតាទារក អាហាររូបត្ថម្ភ និងសុខភាពសាធារណផ្សេងទៀត ដើម្បី ពង្រឹងគុណភាពនៃការផលិតសម្ភារ ការអនុវត្តយុទ្ធនាការនានា ការអប់រំសុខភាព ការចែកចាយសម្ភារៈដែលបានផលិត(one stop service សម្រាប់ការពិនិត្យគុណភាព និង resource center for IEC/BCC) ។

  រៀបចំផែនការសម្រាប់ការផលិត និងការអប់រំសុខភាព តាមតម្រូវការសុខភាព។

  និង កំណត់យន្តការសហការគាំទ្រគ្នាដើម្បីជំរុញការងារអប់រំសុខភាព លើកកម្ពស់សុខភាព ៕ 

ដោយ ៖ សហការី


ចែករំលែក៖