ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ បញ្ជូនខ្លួនក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀនជនជាតិថៃ-ឡាវសរុប ៣នាក់ ថ្នាំញៀនជាង ១០០គីឡូក្រាមទៅកាន់តុលាការ

ចែករំលែក៖

ភ្នំពេញ ៖ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបឧក្រិដ្ឋជនជួញដូរគ្រឿងញៀនជនជាតិថៃ-ឡាវសរុប ៣នាក់ រឹបអូសបានថ្នាំញៀនជាង ១០០គីឡូក្រាម រួចបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

ប្រតិបត្តិការចុះបង្ក្រាបនេះ ដោយអនុវត្តន៍តាមបទបញ្ជារបស់នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ការដឹកនាំបញ្ជារបស់នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀន និងការដឹកនាំផ្ទាល់របស់លោកឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងនៅថ្ងៃទី០៩ ខែ វិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១៤៖៣០នាទី ដោយមានការសម្របសម្រួលពីលោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន (ក៧), (ក៤) និង (ក១) សហការជាមួយកម្លាំងស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានឆ្មក់បង្ក្រាបបទល្មើសជួញដូរគ្រឿងញៀនឆ្លងដែន នៅចំណុចក្នុងផ្ទះលេខ ៣០៤ ផ្លូវលំស្ថិតនៅភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនសង្ស័យទាំង៣នាក់រួមមាន៖ ១.ឈ្មោះ Cheng veut ភេទប្រុស ជនជាតិ ឡាវ កើតឆ្នាំ១៩៨៨, ២.ឈ្មោះ Wasin Saekue ភេទប្រុស ជនជាតិថៃ កើតឆ្នាំ១៩៩៩ និង៣.ឈ្មោះ Saeli Chinnawat ភេទប្រុស ជនជាតិថៃ កើតឆ្នាំ២០០៥។ វត្ថុតាងចាប់បានរួមមាន៖  សារធាតុញៀនប្រភេទមេតំហ្វេតាមីន(ICE) ១០១កញ្ចប់ ស្មើទម្ងន់ ១០១គក្រ ៤៤៩.២០ក្រាម៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖