ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចោរលួចសត្វគោ០២នាក់​រួមទាំងវត្ថុតាង​

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃ អង្គារ ២កើត ខែកគ្គិក ឆ្នាំ​ថោះ ចត្វាស័ក ព​.ស​២៥៦៧ ត្រូវនឹងថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៣ នេះ លោក ឧត្ដមសេនីយ៍​ត្រី ម៉ូ​លីដា ស្នងការ​រងទទួលផែនការងារព្រហ្មទណ្ឌនៃស្នងការដ្ឋាននរគបាលខេត្តពោធិ៍សាត់ ទទួល​បទបញ្ជា​លោក ឧត្ដមសេនីយ៍​ទោ ស ថេង ស្នងការ​ដ្ឋាននគរបាពោធិ៍សាត់ បានដឹកនាំ និងបញ្ជាផ្ទាល់​មន្ត្រី​ជំនាញ​ព្រហ្ម​ទណ្ឌ​នៃស្នងការ ចុះសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ស្រុកភ្នំក្រវាញ ស្រុកវាលវែង និងស្រុកបាកាន ពួនស្ទាក់និងបង្រ្កាបករណីចោរលួចសត្វគោដឹកតាមរថយន្ត លទ្ធផលៈ ឃាត់ខ្លួន​ជនសង្ស័យ​ចោរលួច​សត្វ​គោ២នាក់ រួមទាំងវត្ថុតាង​រថយន្ត និងសត្វគោចំនួន០៤ក្បាល ខណៈ​ចំនួន​០៤ក្បាលទៀតហក់ចេញពីរថយន្តអស់ ។​

លោក ឧត្តមសេនីយ៍ត្រី ម៉ូ លីដា ស្នងការ​រង​ទទួល​ផែនការ​ងារព្រហ្មទណ្ឌ​ដែលបានដឹកនាំកម្លាំង និងបញ្ជាផ្ទាល់ បានឲ្យ​ដឹងនាល្ងាច​ថ្ងៃ​ដដែល​នេះថា ជនសង្ស័យ​ទាំងចំនួន​២នាក់ រួមទាំងវត្ថុតាង បង្រ្កាប​បានស្ថិតនៅ ភូមិថ្នល់បត់ ឃុំព្រៃស្វាយ ស្រុកមោងឬស្សី ខេត្តបាត់​ដំបង  ។ ជនសង្ស័យ​ទី១. ឈ្មោះ ឈឿន ម៉ាប់​ ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិ​ខ្មែរ រស់នៅ ភូមិដងទង់ ឃុំដងទង់ថ្មី ស្រុកឈូក ខេត្តកំពត​(ម្ចាស់រថយន្ត)និងទី២. ឈ្មោះ ស៊ន ម៉ៅ ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិ​ខ្មែរ រស់នៅ ភូមិបែកចាន សង្កាត់​ចោមចៅ ខណ្ឌ​ដង្កោ រាជ​ធានីភ្នំពេញ(កម្មករ)ចំណែក​ឯ​វត្ថុតាង រថយន្ត​១គ្រឿង​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌ស លាយខៀវ​ ពាក់ស្លាកលេខ ដ 0327 ភព 3 និងសត្វគោចំនួន០៤ក្បាល បច្ចុប្បន្ន ជនសង្ស័យ​កំពុងបន្តនីតិវិធី ចំណែក​សត្វ​គោចំនួន០៤ក្បាលនោះ បានប្រគល់ទទួលជូនម្ចាស់វិញ ។​

លោក ស្នងការ​រង​ឲ្យដឹងទៀតថា ជនសង្ស័យ​បានធ្វើសកម្មភាព(លួចគោ)នៅចំណុចអូរពងមាន់ ស្ថិតនៅ​ភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង បានចំនួន០៤ក្បាល ប៉ុន្តែ​ពេលដឹកឡើងលើរថយន្ត(គោ)បានហក់ចេញអស់ចំនួន០៣​ក្បាល​នៅសល់ចំនួន០១ក្បាល ជនសង្ស័យបានបន្តធ្វើសកម្មភាពស្ថិតនៅភូមិ.ឃុំប្រម៉ោយ  ស្រុកវាលវែង​ដដែលបានចំនួន​០៣ក្បាលទៀត សរុប​ចំនួន​០៤ក្បាល ។ ហើយម្ចាស់គោទី១.ឈ្មោះ ទឹម សុខា ភេទស្រី អាយុ ៦៦ឆ្នាំ ជនជាតិ​ខ្មែរ មានទីលំនៅ ភូមិស្ទឹងថ្មី ឃុំប្រម៉ោយ​ស្រុកវាលវែង  ខេត្តពោធិ៍សាត់(ចំនួន០៣ក្បាល)និងទី២.ឈ្មោះ ខឹម សុខា ភេទប្រុស អាយុ​៥៩ឆ្នាំ ជនជាតិ​ខ្មែរ មានទីលំនៅ ភូមិ.ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់(គោចំនួន០១ក្បាល)៕

ដោយ៖ ប៉ឹម ពិន

 


ចែករំលែក៖