ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេច​ធិបតី​ ហ៊ុន​ ម៉ាណែត​ ថ្លែង​ប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពានខ្សែកាបតភ្ជាប់រវាងតំបន់អភិវឌ្ឍន៍កោះនរា និងតំបន់អភិវឌ្ឍន៍កោះពេជ្រ”

ចែករំលែក៖

ភ្នំពេញ​៖​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃពុធទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ​ បានថ្លែង​ប្រសាសន៍​សំខាន់​ៗ​ នាឱកាស​អញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពានខ្សែកាបតភ្ជាប់រវាងតំបន់អភិវឌ្ឍន៍កោះនរា និងតំបន់អភិវឌ្ឍន៍កោះពេជ្រ” ។

សូមអាន​ប្រសាសន៍សំខាន់ៗរបស់​សម្ដេច​មហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ មានដូចខាងក្រោម​៖

-សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា សមិទ្ធផល «ស្ពាននាគភ្លោះកោះនរា និងស្ពានបេតុងខ្សែកាបតភ្ជាប់តំបន់អភិវឌ្ឍន៍កោះនរា និងតំបន់អភិវឌ្ឍន៍កោះពេជ្រ» គឺជាសមិទ្ធផលដ៏ថ្លៃថ្លាកើតចេញក្រោមគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដីនៃកម្ពុជា ដោយបានដាក់ចេញនូវយុទ្ធសាស្រ្ដ «ទីក្រុង ចិញ្ចឹមទីក្រុង និងស្លឹកត្នោតខ្ទប់ស្ករត្នោត»។

-សម្តេចធិបតី ថ្លែង​ថា តាមរយៈសមិទ្ធផល «ស្ពាននាគភ្លោះកោះនរា និងស្ពានបេតុងខ្សែកាបតភ្ជាប់​តំបន់អភិវឌ្ឍន៍កោះនរា និងតំបន់អភិវឌ្ឍន៍កោះពេជ្រ» តំបន់នេះនឹងក្លាយទៅជាតំបន់សេដ្ឋកិច្ចដ៏សំខាន់មួយទៀតរបស់រាជធានីភ្នំពេញមិនចាញ់កោះពេជ្រនោះទេ។

-សម្ដេចធិបតី​ ថ្លែងថា​ ការអភិវឌ្ឍកោះនរា មានលក្ខណៈពិសេសមួយចំនួន គឺស្រោចស្រង់នូវអ្វីដែលបាន បាត់ទៅហើយ ឱ្យមានរូបរាងឡើងវិញ ព្រោះកាលពីអំឡុងសម័យបារាំងទីនេះជាកោះមានទំហំធំ និង ក្រោយមកបានបាក់បាត់រូបរាង ដោយសារចរន្តទឹកហូរបុកជារៀងរាល់ឆ្នាំ។

-សម្តេចធិបតី ថ្លែង​ថា នៅតំបន់អភិវឌ្ឍកោះនរានេះ ក្រៅពីសមិទ្ធផលស្ពានថ្មី ក៏មានគម្រោងធ្វើអគារដ៏ខ្ពស់ជាងគេមួយមានកម្ពស់ ៥៥៥ ម៉ែត្រ នាពេលខាងមុខផងដែរ។

-សម្ដេចធិបតី ថ្លែង​ថា ការអភិវឌ្ឍតំបន់កោះនរា មិនត្រឹមតែផ្ដល់ប្រយោជន៍ដល់ក្រុមហ៊ុនឯកជនប៉ុណ្ណោះទេ តែក៏បានផ្ដល់ប្រយោជន៍ និងចែកផលលាភជាច្រើនដល់ដៃប្រជាពលរដ្ឋទួទៅតាមរយៈបង្កើតសកម្មភាពសេដ្ឋកិច្ច, ពាណិជ្ជកម្ម និងផលិតភាពការងារ ខណៈការអភិវឌ្ឍតំបន់នេះក៏ឆ្ពោះទៅរកភាពរីកចម្រើនទៅទិសខាងកើនកាន់តែខ្លាំងបន្ថែមទៀតផងដែរ។

-សម្ដេចធិបតី ថ្លែងថា​ ពលរដ្ឋនៅតាមបណ្ដោយផ្លូវជាតិលេខ១ ជាពិសេសក្នុងទឹកដីខេត្តកណ្ដាលនឹងមើលឃើញ ពីការរីកចម្រើនកាន់តែខ្លាំង តាមរយៈការតភ្ជាប់ផ្លូវ ថ្នល់ ស្ពាន និងប្រព័ន្ធហេដ្ឋា រចនាសម្ពន្ធនានាជាមួយរាជធានីភ្នំពេញ។

-សម្តេចធិបតី ថ្លែង​ថា​ គោលដៅសម្រាប់ការអភិវឌ្ឍរបស់រាជរដ្ឋាភិបាល​ គឺយករាជធានីភ្នំពេញធ្វើជាចំណុចកណ្ដាល ហើយបន្តពង្រីកការអភិវឌ្ឍន៍ទៅទិសផ្សេងៗទៀត ជាពិសេសការពង្រីការអភិវឌ្ឍន៍ទៅកាន់ទិសខាងកើតនៃកម្ពុជា។

-សម្ដេចធិបតី​ ថ្លែងថា​ កង្វល់របស់ប្រជាពលរដ្ឋនៅក្នុងជីវភាពប្រចាំថ្ងៃ ជាពិសេសពាក់ព័ន្ធនឹង ពន្ធដារ ត្រូវបានរាជរដ្ឋាភិបាលអាណត្តិទី៧ បានគិតគូរតាំងពីដើមអាណត្តិមកម្ល៉េះ។

-សម្តេចធិបតី បានសម្តែងការសោកស្តាយចំពោះស្ពានវែងដែលបានតភ្ជាប់ពីប្រទេសរុស្ស៊ី ជាមួយប្រទេសអ៊ុយក្រែន ដែលបានហិនហោចទៅវិញដោយសារសង្រ្គាម ហើយសម្តេចបានលើកឡើងទៀតថា ប្រសិនជាស្ពាននេះមានវត្តមានលើទឹកដីកម្ពុជាវិញមិនដឹងជាសប្បាយយ៉ាងណានោះទេ។

-សម្ដេចធិបតី​ ថ្លែង​ថា បញ្ហាសន្តិសុខនៅប្រទេសក្នុងតំបន់អឺរ៉ុបមួយចំនួនដែលសម្ដេចធិបតី ធ្លាប់បានទៅដល់ បើធៀបនឹងកម្ពុជា ឃើញថា កម្ពុជាប្រសើរជាងបណ្ដាប្រទេសទាំងនោះ។

-សម្ដេចធិបតី​ ស្នើឱ្យបង្កើនការគ្រប់គ្រងលើសន្តិសុខសណ្ដាប់ធ្នាប់ បញ្ហាគ្រឿងញៀន បងធំ បងតូច នៅតាមភូមិ ឃុំ សង្កាត់ ឱ្យកាន់តែប្រសើរថែមទៀត។

-សម្តេចធិបតី ប្រកាស​ជំរុញឱ្យអាជ្ញាធរចាត់វិធានការឱ្យដូចជាភ្លៀងរលឹម ក្នុងការបង្រ្កាបដល់មន្រ្តីប្រដាប់អាវុធណា ដែលបាញ់បោះសេរី និងប្រើប្រាស់គ្រឿងញៀន ខណៈសម្តេចបញ្ជាក់ថា នាពេលនេះមន្រ្តីប្រដាប់អា វុធចំនួនបួនរូបដែលបានបាញ់រាប់រយគ្រាប់នៅគិរីរម្យត្រូវបានដកចេញពីក្របខណ្ឌ។

-សម្ដេចធិបតី​ ថ្លែងថា​ អ្នកពាក់ព័ន្ធចំនួន ៤ នាក់នឹងត្រូវបណ្ដេញចេញពីក្របខណ្ឌមន្ត្រីសាធារណៈ ក្រោយរកឃើញថា បានបាញ់បោះសេរីនៅគិរីរម្យ។

-សម្តេចធិបតី ថ្លែងថា បច្ចុប្បន្ន រាជរដ្ឋាភិបាល កំពុងធ្វើការជាមួយភាគីពាក់ព័ន្ធ​ដើម្បីដោះស្រាយបញ្ហាអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា។

-សម្ដេចធិបតី​ ថ្លែង​បញ្ជាក់ជាថ្មីថា ជនបរទេស មិនអាចក្លាយជាម្ចាស់កម្មសិទ្ធិដីធ្លីនៅកម្ពុជា បានជាដាច់ខាត។

-សម្ដេចធិបតី​ ស្នើឱ្យពន្លឿនការចែកបណ្ណកម្មសិទ្ធិដីធ្លី និងចុះបញ្ជីដីធ្លីជូនពលរដ្ឋឱ្យ បានលឿន។

-សម្ដេចធិបតី​ ស្នើឱ្យរៀបចំគន្លងផ្លូវសម្រាប់រថយន្តក្រុងដឹកអ្នកដំណើរនៅទីក្រុងកោះនរា ឱ្យបានមុនគេ។

-សម្ដេចធិបតី ស្នើឱ្យរៀបចំទុកជាមុនដោយកំណត់តំបន់សម្រាប់រស់នៅ និងតំបន់ធ្វើអា ជីវកម្ម ឱ្យស្ថិតនៅដាច់ដោយឡែកពីគ្នា ដើម្បីបញ្ជៀសការរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។

សូមជម្រាបជូនថា​ ស្ពាននេះនឹងរួមចំណែក ក្នុងការកាត់បន្ថយដល់ការកកស្ទះចរាចរណ៍ និងបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅប៉ែកខាងកើតនៃរាជធានីភ្នំពេញជាង២០ម៉ឺននាក់ ដែលរស់នៅក្នុងតំបន់ភូមិសាស្ត្រខណ្ឌច្បារអំពៅ ផ្លូវជាតិលេខ ១ និងស្រុកកៀនស្វាយ​ ព្រមទាំងកាត់បន្ថយការកកស្ទះចរាចរណ៍នៅលើស្ពានព្រះមុនីវង្សទាំងពីរផងដែរ។

សមិទ្ធផលថ្មី​ដ៏សំខាន់មួយនេះ គឺជាអាទិភាពគន្លឹះទី២ នៅក្នុងអាទិភាពគន្លឹះទាំង៥ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ ដែលនឹងជួយកាត់បន្ថយចំណាយលើឥន្ធនៈដោយសារការកកស្ទះ និងសម្រួលដល់ការធ្វើដំណើរប្រកបការងារដើម្បីសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ៕

ដោយ៖ ស​ តារា


ចែករំលែក៖