ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ស្ពាននាគភ្លោះកោះនរា និងស្ពានបេតុងខ្សែកាបតភ្ជាប់តំបន់អភិវឌ្ឍកោះនរា និងតំបន់អភិវឌ្ឍកោះពេជ្រ គឺជាសមិទ្ធផលដ៏ថ្លៃថ្លាកើតចេញពីគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោ ហ៊ុន សែន

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា សមិទ្ធផល «ស្ពាននាគភ្លោះកោះនរា និងស្ពានបេតុងខ្សែកាបតភ្ជាប់តំបន់អភិវឌ្ឍកោះនរា និងតំបន់អភិវឌ្ឍកោះពេជ្រ» គឺជាសមិទ្ធផលដ៏ថ្លៃថ្លាកើតចេញក្រោមគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដីនៃកម្ពុជា ដោយបានដាក់ចេញនូវយុទ្ធសាស្រ្ដ «ទីក្រុង ចិញ្ចឹមទីក្រុង និងស្លឹកត្នោតខ្ទប់ស្ករត្នោត»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ស្ពាននាគភ្លោះកោះនរា និងស្ពានបេតុងខ្សែកាប តភ្ជាប់តំបន់អភិវឌ្ឍកោះនរា ទៅតំបន់អភិវឌ្ឍកោះពេជ្រ»។ 

ទន្ទឹមនឹងនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ប្រជាពលរដ្ឋជាច្រើនម៉ឺននាក់ នឹងទទួលបានផលប្រយោជន៍ នៅតំបន់ស្ពាននាគភ្លោះកោះនរា និងស្ពានបេតុងខ្សែកាបតភ្ជាប់តំបន់អភិវឌ្ឍកោះនរានេះ។

លើសពីនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តំបន់ស្ពាននាគភ្លោះកោះនរា និងស្ពានបេតុងខ្សែកាបតភ្ជាប់តំបន់អភិវឌ្ឍកោះនរា នឹងជួយសម្រួលដល់ប្រជាពលរដ្ឋយ៉ាងច្រើន ទាំងចរាចរណ៍ និងលើកកម្ពស់សេដ្ឋកិច្ចផងដែរ។ 

ស្ពាននាគភ្លោះកោះនរា និងស្ពានបេតុងខ្សែកាបតភ្ជាប់តំបន់អភិវឌ្ឍកោះនរា និងតំបន់អភិវឌ្ឍកោះពេជ្រ បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដែលនឹងរួមចំណែកកាត់បន្ថយដល់ការកកស្ទះចរាចរណ៍ និងផ្តល់ភាពងាយស្រួលដល់អ្នកដំណើរដែលស្ថិតប៉ែកខាងកើតនៃរាជធានីភ្នំពេញជាង ២០ម៉ឺននាក់។

ស្ពាននេះនឹងរួមចំណែក ក្នុងការកាត់បន្ថយដល់ការកកស្ទះចរាចរណ៍ និងបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅប៉ែកខាងកើតនៃរាជធានីភ្នំពេញជាង២០ម៉ឺននាក់ ដែលរស់នៅក្នុងតំបន់ភូមិសាស្ត្រខណ្ឌច្បារអំពៅ ផ្លូវជាតិលេខ១ និងស្រុកកៀនស្វាយ ព្រមទាំងកាត់បន្ថយការកកស្ទះចរាចរណ៍នៅលើស្ពានព្រះមុនីវង្សទាំងពីរផងដែរ។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពាននាគភ្លោះកោះនរាជាផ្លូវការនេះ សម្តេចធិបតីលើកឡើងថា រដ្ឋាភិបាលបានគិតគូរជាខ្លាំងចំពោះការអភិវឌ្ឍន៍ដែលមានគោលដៅក្នុងការផ្ដល់ផលប្រយោជន៍ដល់ពលរដ្ឋជាចម្បង។

សម្តេចថ្លែងថា៖ «ហេដ្ឋារចនាសម្ព័ន្ធ គឺជាសរសៃឈាមតភ្ជាប់ដ៏សំខាន់របស់ជាតិ ដែ លរាជរដ្ឋាភិបាលកតែងយកចិត្តទុកដាក់ជាអាទិភាពក្នុងការអភិវឌ្ឍប្រទេសជាតិ»។

គួរឱ្យដឹងដែរថា សមិទ្ធផលថ្មីដ៏សំខាន់មួយនេះ គឺជាអាទិភាពគន្លឹះទី២ នៅក្នុងអាទិភាពគន្លឹះទាំង៥ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ ដែលនឹងជួយកាត់បន្ថយចំណាយលើឥន្ធនៈដោយសារការកកស្ទះ និងសម្រួលដល់ការធ្វើដំណើរប្រកបការងារដើម្បីសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ៕

ដោយ ៖ សហការី


ចែករំលែក៖