ព័ត៌មានទាន់ហេតុការណ៍៖

Update៖ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានខ្សែកាបតភ្ជាប់រវាងតំបន់អភិវឌ្ឍន៍កោះនរា ទៅតំបន់អភិវឌ្ឍន៍កោះពេជ្រ និងស្ពាននាគភ្លោះកោះនរា

ចែករំលែក៖

ភ្នំពេញ​៖​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា រសៀល ថ្ងៃពុធ ៣កើត ខែកត្តិក ឆ្នាំថោះ​​ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ​ បានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានខ្សែកាបតភ្ជាប់រវាងតំបន់អភិវឌ្ឍន៍កោះនរា និងតំបន់អភិវឌ្ឍន៍កោះពេជ្រ និងស្ពាននាគភ្លោះកោះនរា។ 

ស្ពាននេះ នឹងរួមចំណែក ក្នុងការកាត់បន្ថយដល់ការកកស្ទះចរាចរណ៍ និងបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅប៉ែកខាងកើតនៃរាជធានីភ្នំពេញជាង២០ម៉ឺននាក់ ដែលរស់នៅក្នុងតំបន់ភូមិសាស្ត្រខណ្ឌច្បារអំពៅ ផ្លូវជាតិលេខ ១ និងស្រុកកៀនស្វាយ​ ព្រមទាំងកាត់បន្ថយការកកស្ទះចរាចរណ៍នៅលើស្ពានព្រះមុនីវង្សទាំងពីរផងដែរ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការអភិវឌ្ឍកោះនរា មានលក្ខណៈពិសេសមួយចំនួន គឺស្រោចស្រង់នូវអ្វីដែលបានបាត់ទៅហើយ ឱ្យមានរូបរាងឡើងវិញ ព្រោះកាលពីអំឡុងសម័យបារាំងទីនេះជាកោះមានទំហំធំ និងក្រោយមកបានបាក់បាត់រូបរាងដោយសារចរន្តទឹកហូរបុកជារៀងរាល់ឆ្នាំ។ សម្តេចធិបតីបានមានប្រសាសន៍ទៀតថា នៅតំបន់អភិវឌ្ឍន៍កោះនរានេះ ក្រៅពីសមិទ្ធផលស្ពានថ្មី ក៏មានគម្រោងធ្វើអគារដ៏ខ្ពស់ជាងគេមួយមានកម្ពស់ ៥៥៥ ម៉ែត្រ នាពេលខាងមុខផងដែរ។ សម្តេចបន្តថា ពលរដ្ឋនៅតាមបណ្ដោយផ្លូវជាតិលេខ១ ជាពិសេសក្នុងទឹកដីខេត្តកណ្ដាលនឹងមើលឃើញពីការរីកចម្រើនកាន់តែខ្លាំង តាមរយៈការតភ្ជាប់ផ្លូវ ថ្នល់ ស្ពាន និងប្រព័ន្ធហេដ្ឋា រចនាសម្ព័ន្ធនានាជាមួយរាជធានីភ្នំពេញ។

សម្តេចធិបតីបានមានប្រសាសន៍បញ្ជាក់ថា គោលដៅសម្រាប់ការអភិវឌ្ឍរបស់រាជរដ្ឋាភិបាលគឺយករាជធានីភ្នំពេញធ្វើជាចំណុចកណ្ដាល ហើយបន្តពង្រីកការអភិវឌ្ឍទៅទិសផ្សេងៗទៀត ជាពិសេសការពង្រីការអភិវឌ្ឍទៅកាន់ទិសខាងកើត។ ការអភិវឌ្ឍតំបន់កោះនរា មិនត្រឹមតែផ្ដល់ប្រយោជន៍ដល់ក្រុមហ៊ុនឯកជនប៉ុណ្ណោះទេ តែក៏បានផ្ដល់ប្រយោជន៍ និងចែកផលលាភជាច្រើនដល់ដៃប្រជាពលរដ្ឋទូទៅតាមរយៈបង្កើតសកម្មភាពសេដ្ឋកិច្ច, ពាណិជ្ជកម្ម និងផលិតភាពការងារ ខណៈការអភិវឌ្ឍតំបន់នេះក៏ឆ្ពោះទៅរកភាពរីកចម្រើនទៅទិសខាងកើតកាន់តែខ្លាំងបន្ថែមទៀតនោះ។សម្ដេចធិបតីបានបន្តទៀតថា កង្វល់របស់ប្រជាពលរដ្ឋនៅក្នុងជីវភាពប្រចាំថ្ងៃ ជាពិសេសពាក់ព័ន្ធនឹង ពន្ធដារ ត្រូវបានរាជរដ្ឋាភិបាលអាណត្តិទី៧ បានគិតគូរតាំងពីដើមអាណត្តិមកម្ល៉េះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បច្ចុប្បន្ន រាជរដ្ឋាភិបាល កំពុងធ្វើការជាមួយភាគីពាក់ព័ន្ធដើម្បីដោះស្រាយបញ្ហាអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា។ ជនបរទេស មិនអាចក្លាយជាម្ចាស់កម្មសិទ្ធិដីធ្លីនៅកម្ពុជា បានជាដាច់ខាត។សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក៏បានស្នើឱ្យពន្លឿនការចែកបណ្ណកម្មសិទ្ធិដីធ្លី និងចុះបញ្ជីដីធ្លីជូនពលរដ្ឋឱ្យបានលឿន។

នៅថ្ងៃនេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានស្នើឱ្យរៀបចំគន្លងផ្លូវសម្រាប់រថយន្តក្រុងដឹកអ្នកដំណើរនៅទីក្រុងកោះនរា ឱ្យបានមុនគេ និងបានស្នើឱ្យរៀបចំទុកជាមុនដោយកំណត់តំបន់សម្រាប់រស់នៅ និងតំបន់ធ្វើអា ជីវកម្ម ឱ្យស្ថិតនៅដាច់ដោយឡែកពីគ្នា ដើម្បី​បញ្ចៀស​ការរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក៏បានស្នើឱ្យបង្កើនការគ្រប់គ្រងលើសន្តិសុខសណ្ដាប់ធ្នាប់ បញ្ហាគ្រឿងញៀន បងធំ បងតូច នៅតាមភូមិ ឃុំ សង្កាត់ ឱ្យកាន់តែប្រសើរថែមទៀត។ សម្តេចក៏បានជំរុញឲ្យអាជ្ញាធរចាត់វិធានការឲ្យដូចជាភ្លៀងរលឹម ក្នុងការបង្រ្កាបដល់មន្រ្តីប្រដាប់អាវុធណា ដែលបាញ់បោះសេរី និងប្រើប្រាស់គ្រឿងញៀន ខណៈសម្តេចបានឲ្យដឹងថា នាពេលនេះ មន្រ្តីប្រដាប់អាវុធចំនួនបួនរូប​ដែលបានបាញ់រាប់រយគ្រាប់នៅគិរីរម្យត្រូវបានដកចេញពីក្របខណ្ឌហើយ។ សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានបន្តទៀតថា បញ្ហាសន្តិសុខនៅប្រទេសក្នុងតំបន់អឺរ៉ុបមួយចំនួនដែលសម្ដេចធិបតី ធ្លាប់បានទៅដល់ បើធៀបនឹងកម្ពុជា ឃើញថា កម្ពុជាប្រសើរជាងបណ្ដាប្រទេសទាំងនោះ។

នៅក្នុងឱកាសនោះផងដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានអញ្ជើញផ្ដល់កិត្តិយសបំពាក់មេដាយ និងគ្រឿងឥស្សរិយយស ជូនដល់មន្ត្រីមានស្នាដៃមួយចំនួន ក្នុងការកសាង សាងសង់ស្ពានកោះនរានេះ និងអញ្ជើញកាត់ខ្សែបូរសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ស្ពានឆ្លងកាត់ពីតំបន់កោះពេជ្រ មកកោះនរា និងស្ពាននាគភ្លោះ កោះនរា ចាប់ពីពេលនេះតទៅ៕

ដោយ​៖ សហការី​


ចែករំលែក៖