ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីជូនដំណឹង ស្ដីពីការចុះធ្វើបច្ចុប្បន្នភាពទិន្នន័យ និងត្រួតពិនិត្យលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណតាម មូលដា្ឋនអាជីវកម្មក្នុងភូមិសាស្ត្រសង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ នេះបេីយោងប្រភពព័ត៌មានដែលទើបទទួលបាននៅព្រលប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។
ជាក់ស្ដែងនៅក្នុងសេចក្ដីជូនដំណឹងខាងលេីនេះ បានបញ្ជាក់ថា រដ្ឋបាលខេត្តព្រះសីហនុ មានកិត្តិយស សូមជម្រាបជូនដំណឹងដល់ម្ចាស់អាជីវកម្មដែលមានទីតាំងស្ថិត ក្នុងភូមិសាស្ត្រសង្កាត់លេខ២ ក្រុងព្រះសីហនុទាំងអស់ជ្រាបថា៖ ដើម្បីពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងការធ្វើ អាជីវកម្មគ្រប់ប្រភេទឱ្យមានសណ្តាប់ធ្នាប់ ទប់ស្កាត់អាជីវកម្មពុំមានលិខិតអនុញ្ញាត ឬអាជ្ញាប័ណ្ណ និងការពារ ផលប្រយោជន៍ស្របច្បាប់របស់អាជីវករ ក្រុមការងារស្រង់ស្ថិតិទិន្នន័យមូលដ្ឋានអាជីវកម្មនៃអង្គភាពច្រកចេញ ចូលតែមួយរដ្ឋបាលខេត្ត នឹងចុះធ្វើបច្ចុប្បន្នភាពទិន្នន័យ និងត្រួតពិនិត្យលិខិតអនុញ្ញាត ឬអាជ្ញាប័ណ្ណប្រកប អាជីវកម្មពាក់ព័ន្ធនានានៅតាមមូលដ្ឋានអាជីវកម្ម ចាប់ពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះរហូតដល់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤(ក្រុមការងារនឹងជូនដំណឹងជាក់លាក់អំពីកាលបរិច្ឆេទ និងឯកសារត្រូវត្រៀមក្នុងសេចក្តីជូន ដំណឹងតាមប្រភេទអាជីវកម្មនីមួយៗ)។
ក្នុងន័យនេះ ដើម្បីធ្វើបច្ចុប្បន្នភាពអាជីវកម្មប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលល្អប្រសើរ សូមម្ចាស់អាជីវកម្មទាំងអស់ដែលមានទីតាំងក្នុងសង្កាត់លេខ២ ក្រុងព្រះសីហនុផ្តល់នូវកិច្ចសហការ និងត្រៀម រៀបចំឯកសារចាំបាច់នានា ដើម្បីផ្ដល់ជូនក្រុមការងារធ្វើការត្រួតពិនិត្យផ្ទៀងផ្ទាត់។
រដ្ឋបាលខេត្តព្រះសីហនុសង្ឃឹមយ៉ាងមុតមាំថា ម្ចាស់អាជីវកម្មទាំងអស់នឹងចូលរួមអនុវត្តតាមខ្លឹមសារ ខាងលើប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ ទទួលបានសេចក្ដីជូនដំណឹងនេះ សូមអាជ្ញាធរមានសមត្ថកិច្ច និងមន្ទីរ-អង្គភាពពាក់ព័ន្ធត្រូវយកចិត្ត ទុកដាក់ ផ្សព្វផ្សាយ និងអនុវត្តតាមខ្លឹមសារខាងលើឱ្យមានប្រសិទ្ធភាពខ្ពស់ និងទទួលបានលទ្ធផលល្អ៕
ដោយ៖ សហការី