ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត សម្ដែងការសោកស្តាយចំពោះស្ពានវែងមួយដែលតភ្ជាប់ពីរុស្ស៊ីទៅអ៊ុយក្រែន ដែលត្រូវបានបំផ្លាញដោយសារសង្រ្គាម

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានសម្តែងការសោកស្តាយចំពោះស្ពានវែងមួយដែលតភ្ជាប់រវាងប្រទេសរុស្ស៊ី ជាមួយប្រទេសអ៊ុយក្រែន ដែលបានហិនហោចទៅវិញដោយសារសង្រ្គាម និងបានលើកឡើងទៀតថា បើសិនជាអាចលើកស្ពាននោះមកដាក់នៅលើទឹកដីកម្ពុជាវិញ មិនដឹងជាល្អយ៉ាងណាទេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ស្ពាននាគភ្លោះកោះនរា និងស្ពានបេតុងខ្សែកាប តភ្ជាប់តំបន់អភិវឌ្ឍកោះនរា ទៅតំបន់អភិវឌ្ឍកោះពេជ្រ»។ 

ទន្ទឹមនឹងនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ចូលរួមថែរក្សាសុខសន្តិភាពឱ្យបានគង់វង្ស ទើបយើងអាចថែរក្សាសមិទ្ធផលនានាដែលមានស្រាប់ និងអាចបង្កើតសមិទ្ធផលថ្មីៗជាច្រើនថែមទៀតបាន។ 

នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ពុំមានការអនុញ្ញាតឲ្យជនបរទេសអាចទិញផ្ទះជាន់ផ្ទាល់ដី ឬដីនៅក្នុងប្រទេសកម្ពុជានោះទេ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានលើកឡើង ថា ការអភិវឌ្ឍកោះនរា គឺជាការស្រោចស្រង់នូវអ្វីដែលបានបាត់ទៅហើយ ឱ្យមានរូបរាងឡើងវិញ ព្រោះកាលពីអំឡុងសម័យបារាំងទីនេះជាកោះមានទំហំធំ និងក្រោយមកបានបាក់បាត់រូបរាង ដោយ សារចរន្តទឹកហូរបុកជារៀងរាល់ឆ្នាំ។

សម្ដេចធិបតីនាយករដ្ឋមន្ត្រីបន្ថែមថា ៖ នៅក្នុងការអភិវឌ្ឍនេះ គឺក្រៅពីការបង្កើតឱ្យមានដីកោះឡើងវិញ ទីនេះក៏នឹងក្លាយទៅជាទីក្រុងថ្មីដែលទំនើប និងឆ្លាតវៃថែមទៀត។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់បន្ថែមថា ៖ ក្រៅពីក្លាយជាទីក្រុងថ្មីទំនើប និងឆ្លាតវៃ កោះនរា ក៏នឹង មានអគារដែលខ្ពស់ជាងគេក្នុងតំបន់ ដែលមានកម្ពស់រហូតដល់ទៅជាង ៥០០ ម៉ែត្រផងដែរ។

កោះនរាបានបាត់រូបរាងទាំងស្រុងប្រហែលនៅអំឡុងឆ្នាំ២០០៥។ រយៈពេលប្រមាណ ១០ ឆ្នាំក្រោយ មកកោះនេះ បានមានរូបរាងឡើងវិញ និងកំពុងមមាញឹកនៅក្នុងការសាងសង់។ ទីក្រុងថ្មីទំនើប និង ឆ្លាតវៃមួយនឹងលេចរូបរាងនាពេលឆាប់ៗខាងមុខនេះនៅលើផ្ទៃដីកោះនរា ដែមានទំហំប្រមាណ ១០០ ហិកតា៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖