ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីនេះ នឹងក្លាយជាចលករសម្រាប់លើកស្ទួយសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅក្នុងតំបន់

ចែករំលែក៖

ខេត្តសៀមរាប ៖ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ព្រលានយន្តហោះថ្មីនេះ នឹងក្លាយជាចលករសម្រាប់លើកស្ទួយសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ហើយនឹងក្លាយជាព្រលានយន្តហោះមួយដែលផ្តល់នូវភាពកក់ក្តៅ និងបដិសណ្ឋារកិច្ចល្អ។

សម្តេចធិបតី ហ៊ុន ម៉ាណែត មានជំនឿថា កំណើនភ្ញៀវទេសចរនឹងមានច្រើន ក្រោយពីមានអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ពិសេសគឺអាចជំរុញការអភិវឌ្ឍបន្ថែមទៀតនៅក្នុងតំបន់នេះ។

សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក៏បានជំរុញឱ្យព្រលានយន្តហោះនេះ ក្លាយជាព្រលានយន្តហោះកម្រិតអន្តរជាតិ ដែលមានសកម្មភាពរស់រវើកនិងមមាញឹកផងដែរ។ 

សម្តេចធិបតី នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ថ្លែងថា ៖ បានជំរុញឲ្យអាជ្ញាធរខិតខំធ្វើយ៉ាងណាថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ជូនដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិឲ្យបានល្អប្រសើរបន្ថែមទៀត ដើម្បីជាការផ្តល់ទំនុកចិត្ដដល់ពួកគេបន្ថែម។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ជាថ្មីទៀតថា ខណៈពិភពលោកកំពុងមានការគំរាមកំហែងនៃ វិបត្តិថាមពល កម្ពុជាបានរក្សាលំនឹងបានដដែលនៃតម្លៃអគ្គិសនី ថែមទាំងមានការបញ្ចុះតម្លៃដល់រោង ចក្រសហគ្រាសនានា រហូតដល់ទៅ១៥ភាគរយរយផងដែរក្នុងឆ្នាំ២០២៣នេះ។

សម្ដេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លើកឡើងថា៖  ក្នុងវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ ដែលរៀបចំធ្វើនៅប្រទេសចិន ក្នុងឆ្នាំ២០២៣ ថ្មីៗកន្លងមកនេះ ខ្ញុំ(សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី) បានពិភាក្សា ជាមួយឯកឧត្ដម ស៊ី ជីនពីង ប្រធានាធិបតីចិន ដោយកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្ដូររវាង ប្រជាជន និងប្រជាជន នៃប្រទេសទាំងពីរកម្ពុជា-ចិន ៕ 

ដោយ ៖ សិលា


ចែករំលែក៖