ព័ត៌មានទាន់ហេតុការណ៍៖

ការប្រកួតកីឡាប៊ូល និងប៉េតង់ជើងឯកថ្នាក់ជាតិ ផ្តល់ឱកាសដល់កីឡាករ កីឡាការិនី ទូទាំងប្រទេសអាចចូលរួមប្រកួតប្រជែង និងដុសខាត់សមត្ថភាព

ចែករំលែក៖

    ភ្នំពេញ​ ៖​ ជើងឯកថ្នាក់ជាតិកីឡាប៊ូលនិងប៉េតង់ ឆ្នាំ២០២៣ បានបើកការប្រកួតជាផ្លូវការហើយ នាព្រឹកថ្ងៃទី១៦ ខែ វិច្ឆិកា២០២៣ នៅក្នុងទីលានកីឡាប៊ូល និងប៉េតង់ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ដោយមានការចូលរួមពីសម្ព័ន្ធ ក្លិប ចំនួន ៥៣ មក ពី១២ រាជធានី ខេត្ត។

      ក្នុងពិធីនេះ ឯកឧត្តម សុខ សូកាន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានមានប្រសាសន៍ថា ការប្រកួតកីឡាប៊ូល និងប៉េតង់ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ រៀបចំឡើងក្នុងគោលបំណងលើក ស្ទួយវិស័យ កីឡាប៊ូល និងប៉េតង់កម្ពុជា បង្កើនទំនាក់ទំនងរវាងសម្ព័ន្ធ ក្លិប និងផ្តល់ឱកាសដល់កីឡាករ កីឡាការិនី ទូទាំង ប្រទេសអាចចូលរួមប្រកួតប្រជែង និងដុសខាត់សមត្ថភាព ហើយក៏ជាវេទិកាសម្រាប់សហព័ន្ធកីឡាប៊ូល និង ប៉េតង់កម្ពុជា សម្លឹងមើល កីឡាករ កីឡាការិនី ដែលមានសក្តានុពល និងឧបនិស្ស័យលើកីឡាប៊ូល និងប៉េតង់ មកចូលរួមប្រមូលផ្តុំជាក្រុមជម្រើសជាតិ យុវជន ឬថ្នាល នាឆ្នាំបន្តបន្ទាប់ទៀត។ 

      ឯកឧត្តម ប្រធានសហព័ន្ធ បានគូសបញ្ជាក់ទៀតថា តាមរយៈការប្រកួតនាឆ្នាំ កន្លងមក បានកត់សម្គាល់ឃើញថា កីឡាករ កីឡាការិនី ម្នាក់ៗមានទឹកដៃក្នុងការលេងខុសៗឆ្នាំទៅមួយឆ្នាំ សមត្ថភាពរបស់កីឡាករ កីឡាការិនី ក៏កាន់តែរីកចម្រើនឡើង ដូច្នេះការប្រកួតនេះគឺ អាចចាត់ទុក ទីលានសាកល្បងសមត្ថភាព ជាកន្លែងមួយសម្រាប់ចែករំលែកបទពិសោធ និងរៀនសូត្រពីបច្ចេកទេសក្នុងការ លេងកីឡាប៊ូល និងប៉េតង់រវាងគ្នាទៅវិញទៅមក។ ទន្ទឹមនិងនោះ ប្រធានសហព័ន្ធខាងលើ បន្ថែមទៀតថា ការណ៏ដែលយើងទាំងអស់គ្នាអាចមានវត្តមាននៅក្នុងកម្មវិធីនាថ្ងៃនេះ គឺជាគុណូបការៈដ៏ធំមិនអាច កាត់ថ្លៃបាននៃម្លប់សន្តិភាពដែលរកមកដោយលំបាករបស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន បាននាំមកជូនប្រទេសជាតិ និងប្រជាជនកម្ពុជា តាមរយៈនយោបាយឈ្នះ-ឈ្នះ គិតមកដល់បច្ចុប្បន្នមានរយៈពេល ២៥ឆ្នាំ មកហើយ។

      ជាមួយគ្នានេះ រាជរដ្ឋាភិបាលនិតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំពោពេញដោយថាមពល និងសន្ទុះនៃការបំពេញបេសកម្មដោយជវភាព របស់ សម្តេចមហាបវតិបតី ហ៊ុន ម៉ាណែត បានកំពុងបន្តដឹកនាំនាវាកម្ពុជា នៅក្នុងដំណើរការកសាងជាតិនៃដំណាក់កាលថ្មីមួយ ក្នុងបរិការណ៍នៃពិភពលោកដែលកាន់តែប្រួលប្រែ លំបាក និងមិនប្រាកដប្រជា។ក្នុងស្ថានភាពនេះ កម្ពុជាត្រូវប្រឈមនិងបញ្ញាថ្មីៗ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែលកំណត់យកអាទិភាពគន្លឹះទាំង៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ទាំងអស់នេះ បានសបញ្ជាក់ឲ្យឃើញថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ និងផ្តោតអទិភពក្នុងវិស័យកីឡា និងបន្តនូវពាក្យស្លោក កីឡារស់ក្នុងសន្តិភាព ហើយ ក្នុងនោះដែរ កីឡាប៊ូល និងប៉េតង់ក៏ក្លាយជាផ្នែកមួយ ដែលចូលរួមនៅក្នុងចលនាកសាងនូវធនធានមនុស្ស ដែលមានសុខភាពល្អ មានកាយសម្បទាល្អ សិលធម៌ល្អ ជាមូលធនមនុស្សដែលមានគុណភាពរបស់សង្គមកម្ពុជា។ 

      សូមបញ្ជាក់ថា ការប្រកួតកីឡាប៊ូល និងប៉េតង់ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣នេះ មានសម្ព័ន្ធ ក្លិប ចូលរួមចំនួន ៥៣ មក ពី១២ រាជធានី ខេត្ត និង៣ស្ថាប័ន កីឡាករ កីឡារិនី និងអ្នកទស្សនាសរុបទាំងអស់មានចំនួនប្រមាណ ៧០១នាក់។ ប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយប្រកួតលើវិញ្ញាសាចំនួន៦ រួមមាន៖ ១) បុរសវាយយកពិន្ទុ ២) នារីវាយយកពិន្ទុ ៣) បុរស ៣នាក់ទល់៣នាក់ ៤) នារី ៣នាក់ទល់៣នាក់ ៥) យុវជន អាយុ១៣-១៦ឆ្នាំ និង ៦) យុវនារី អាយុ១៣-១៦ឆ្នាំ៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖