ឥណ្ឌូនេស៊ី÷តបតាមការអញ្ជើញរបស់លោក ប្រាបូវូ ស៊ូប៊ីនតូ (Prabowo Subianto) រដ្ឋមន្រ្តីការពារជាតិ នៃសាធារណរដ្ឋឥណ្ឌូនេស៊ី និងជាប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន (ADMM) និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អមដោយនាយឧត្តម សេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាន នយោ បាយនិងកិច្ចការបរទេសនិងជាប្រធានឧត្តមមន្ត្រីការពារ ជាតិអាស៊ាន( ADSOM ) នៅថ្ងៃទី១៥ខែវិច្ឆិកា ឆ្នាំ ២០២៣ បានដឹកនាំប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិ ចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន លើកទី១៧ (17th ADMM) នៅទីក្រុងហ្សាកាតា សាធារណរដ្ឋឥណ្ឌូនេស៊ី។
ថ្លែងបើកកិច្វប្រជុំលោក ប្រាបូវូ ស៊ូប៊ីនតូ រដ្ឋមន្រ្តីការពារជាតិឥណ្ឌូនេស៊ី បានសម្តែងការអបអរសាទរ និង ថ្លែង អំណរគុណដល់ប្រទេសកម្ពុជា ដែលបានធ្វើជាម្ចាស់ផ្ទះទទួលបានជោគជ័យ ក្នុងការរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី ១៦ កាលពីឆ្នាំ ២០២២ កន្លងមក ហើយតាមរយៈកិច្ចប្រជុំនៅកម្ពុជា ប្រទេសឥណ្ឌូនេស៊ីបានប្តេជ្ញាចិត្តបន្តនូវលទ្ធផល ដែលកម្ពុជាសម្រេចបាន ។លោក ប្រាបូវូ ស៊ូប៊ីនតូ ក៏បានសម្តែងការស្វាគម៍ រដ្ឋមន្រ្តីការពារជាតិ ដែលទើបបានតែងតាំងថ្មី មកពី ព្រះរាជាណាចក្រកម្ពុជា,ម៉ាឡេស៊ី,ហ្វីលីពីន និង មកពីប្រទេសថៃ។
លោក ប្រាបូវូ ស៊ូប៊ីនតូ រដ្ឋមន្រ្តីការពារជាតិឥណ្ឌូនេស៊ីបានបញ្ជាក់ថា សន្តិភាព,ស្ថិរភាព និង សន្តិសុខគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ ក្នុងការបង្កើននូវសេដ្ឋកិច្ច។ ប្រសិនបើសន្តិសុខមិនរឹងមាំទេគឺមិនអាចធ្វើបានឡើយក្នុងទាក់ទាញវិនិយោគទុន និងការសម្រេចបាននូវស្ថិរភាពនៅក្នុងសង្គមរបស់យើង និងប្រជាជនរបស់យើង ។ ដូចនេះកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន គឺសំដៅដោះស្រាយបញ្ហាសន្តិសុខ ។
លោករដ្ឋមន្រ្តីការពារជាតិឥណ្ឌូនេស៊ី បានបញ្ជាក់បន្ថែមថា កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ អាស៊ានលើកទី១៧ ឆ្នាំ ២០២៣ បន្តស្វែងរកនូវការបង្កើននិងពង្រឹង,សន្តិសុខ ក៏ដូចជាការជំរុញឱ្យមានបរិយាបន្ននៅលើពិភពលោក ។
លោកបានអំពាវនាវដល់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី ១៧ ពិក្សាគ្នា ដើម្បីស្វែងរកនូវយន្តការផ្សេងៗ ក្នុងការដោះស្រាវបញ្ហាផ្សេងៗ ដូចជាបញ្ហានៅក្នុងតំបន់ ។
ថ្លែងនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី ១៧ នាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់ថាជាមួយនឹងការរួមចំណែកប្រកបដោយ ថាមវន្ត របស់រដ្ឋមន្ត្រីពីអតីត និងបច្ចុប្បន្ន ក៏ដូចជារដ្ឋមន្ត្រីដែលមានវត្តមាននៅថ្ងៃនេះ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន បានជំរុញបុព្វហេតុនៃសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ដោយផ្អែកលើគោលការណ៍នៃមជ្ឈភាព និងឯកភាពអាស៊ាន ព្រមទាំងការគោរពគ្នាទៅវិញទៅមក និងផលប្រយោជន៍រួម។ គឺជាការរួមចំណែកដ៏ធំក្រៃលែងក្នុងការកសាងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានដ៏រឹងមាំ និងធន់។
កិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន លើកទី១៧ ឆ្នាំ ២០២៣ នៅប្រទេសឥណ្ឌូនេស៊ីប្រព្រឹត្តទៅក្រោមមូល បទ “សន្តិភាព វិបុលភាព និងសន្តិសុខ”ដោយផ្តោតលើកិច្ចពិភាក្សាស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការការពារជាតិ ការពង្រឹងជំនឿទុកចិត្ត និងការលើកកម្ពស់សមត្ថ ភាពនិងភាពធន់របស់តំបន់ដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខ។ រដ្ឋមន្រ្តីការពារជាតិអាស៊ាន បានពិភាក្សាផ្លាស់ប្តូរទស្សនៈគ្នា លើបញ្ហាក្នុងតំបន់ និងអន្តរជាតិដែលជាក្តីបារម្ភ និងផលប្រយោជន៍រួម។
សូមបញ្ជាក់ថា កិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន លើកទី១៧ នៅប្រទេសឥណ្ឌូនេស៊ីក៏មានការអញ្ជើញចូលរួមពីរដ្ឋមន្ត្រីការពារជាតិ ប្រទេសទីម័រខាងកើត ដែលបានចូលរួមប្រជុំក្នុងនាមជាអ្នកសង្កេតការណ៍៕
ដោយ៖ សូរិយា