ខេត្តសៀមរាប ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា កាលពីដើម តំបន់សូត្រនិគមនេះ ជាតំបន់សមរភូមិវាយគ្នារហូតដល់ឆ្នាំ១៩៩៨ រវាងកងទ័ពរដ្ឋាភិបាលជាមួយកងកម្លាំងខ្មែរក្រហម ហើយផ្លូវសម្រាប់ធ្វើដំណើរពីទីរួមខេត្តមកកាន់តំបន់នេះ ពោរពេញទៅដោយគ្រាប់មីន ការច្បាំងគ្នា និងការស្លាប់។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា អតីតសមរភូមិក្រៅ បច្ចុប្បន្នបានប្រែក្លាយតំបន់អតីតសមរភូមិ ទៅជាតំបន់អភិវឌ្ឍន៍ ហើយជាតំបន់សេដ្ឋកិច្ចបន្ថែមទៀត ពោលគឺសេដ្ឋកិច្ចឧស្សាហកម្ម និងសេដ្ឋកិច្ចពហុបំណង ដោយបានជួយបំពេញបន្ថែមទៅលើវិស័យទេសចរណ៍ដល់អ្នកខេត្តសៀមរាប ដែលនេះហើយជាចក្ខុវិស័យដ៏វែងឆ្ងាយរបស់សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី ក្នុងការសម្រេចជ្រើសរើសទីតាំងព្រលានយន្តហោះថ្មីនេះឡើង។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។
នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានជំរុញឲ្យប្រើប្រាស់បច្ចេកវិទ្យាសម្រាប់នគរបាលនៅក្នុងព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ ឲ្យបានលឿនដើម្បីសម្រួលទៅដល់ភ្ញៀវទេសចរណ៍ដែលបានមកលេងកម្ពុជា។
ការធ្វើបែបនេះគឺតម្រូវឲ្យមានការបំពេញបែបបទជាលក្ខណៈអេឡិចត្រូនិចទាំងអស់ ទៅដល់ភ្ញៀវទេសចរណ៍ដែលជាការសម្រួលការចំណាយពេលវេលាច្រើន
សម្ដេចថាយ៉ាងយូរត្រឹមចុងឆ្នាំ២០២៣ នេះ ការប្រើប្រាស់អេឡិចត្រូនិចសម្រាប់បំពេញបែបបទ និងឯកសារនិងត្រូវបានដាក់ឲ្យប្រើប្រាស់ហើយ។
សម្ដេចថ្លែងបែបនេះនៅក្នុងពិធីបើកឲ្យប្រើប្រាស់ជាផ្លូវការព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរនៅក្នុងទឹកដីខេត្តសៀមរាប ថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ៕
ដោយ ៖ សហការី