ព័ត៌មានទាន់ហេតុការណ៍៖

លោកទេសរដ្ឋមន្ដ្រី លី ធុជ៖ កម្ពុជាត្រៀមធ្វើម្ចាស់ផ្ទះនៃកិច្ចប្រជុំអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ស្តីពីពិភពលោកគ្មានមីន នៅសៀមរាប

ចែករំលែក៖

ភ្នំពេញ៖ លោកទេសរដ្ឋមន្ដ្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនបានបញ្ជាក់ថា៖ អាជ្ញាធរមីនកម្ពុជាមានសកម្មភាព៣សំខាន់ គឺការជំរុញការអនុវត្តគាំទ្រអនុសញ្ញាអូតាវ៉ាដល់៣៦ប្រទេសមិនទាន់ចូលជាសមាជិក នឹងប្រទេសជាសមាជិកអាស៊ានចំនួន ៤រួមមាន៖ ប្រទេសសិង្ហបុរី មីយ៉ាន់ម៉ា ឡាវ វៀតណាម គឺក្នុងឋានៈជាប្រធាននៃកិច្ចប្រជុំនេះកម្ពុជានឹងកៀងគរប្រទេសទាំងនេះឱ្យចូលជាសមាជិកសន្ធិសញ្ញាអូតាវ៉ា ។

កិច្ចប្រជុំនៅប្រទេសស្វីសនៅខែធ្នូ ឆ្នាំ ២០២៣ នេះកម្ពុជានឹងទទួលញញួរ ធ្វើជាម្ចាស់ផ្ទះរៀបចំនៃកិច្ចប្រជុំអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ ប្រព្រឹត្តទៅក្នុងខេត្តសៀមរាប រយៈពេល១ឆ្នាំពេញនៃឆ្នាំ២០២៤ ក្រោមអធិបតីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ 

លោកទេសរដ្ឋមន្ដ្រី លី ធុជ អនុប្រ ធានទី១ អាជ្ញាធរមីនបានបញ្ជាក់បែបនេះ ក្នុងឱកាសធ្វើសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា នៅអាជ្ញាធរមីន ក្រោមប្រធានបទ ការត្រៀមធ្វើជាប្រធាននិងម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលសៀមរាបអង្គរឆ្នាំ២០២៤នឹងដំណើរបំពេញបេសកកម្មទៅហ្សឺណែវ ប្រទេសស្វីសដើម្បីទទួលញញួរធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលនៃអនុសញ្ញាអូតាវ៉ា។

លោកទេសរដ្ឋមន្ដ្រី លី ធុជ បាន បញ្ជាក់ថា៖ កិច្ចប្រជុំអនុសញ្ញាអូតាវ៉ានៅ ឯខេត្តសៀមរាប នឹងមានប្រទេសចំនួនជិត២០០លើពិភពលោកមកចូលរួមប្រជុំស្តីពីការបោសសម្អាតគ្រាប់មីនប្រឆាំងមនុស្សជាតិ និងការចែករំលែកនូវបច្ចេកទេសបោសសម្អាតគ្រាប់មីននិងការផ្តល់សុវត្ថិភាពអ្នកបោសសម្អាតមីន នឹងរៀបចំផែនការគោលដៅបន្តនៃការអនុវត្តសកម្មភាពបោសសម្អាតមីននៅតាមបណ្តាប្រទេសមួយចំនួនដើម្បីពិភពលោកគ្មានមីន ។ នៅលើពិភពលោកនៅមាន ប្រទេសចំនួន៣៣ដែលមានស្ថានភាពគ្រាប់មីនធ្ងន់ធ្ងរពុំទាន់អាចបោសសម្អាតឱ្យអស់នៅឆ្នាំ២០២៥បានទេ ត្រូវការពេលវេលា។ ការចូលជាសមាជិកអនុសញ្ញាអូតាវ៉ាគឺក្នុងគោលបំណង បញ្ចប់នូវការឈឺចាប់និងសោកនាដកម្ម ដោយសារគ្រាប់មីនដែលទាមទារឱ្យ ប្រទេសជាសមាជិកអូតាវ៉ាជួយគាំទ្រទាំងធនធាន ហិរញ្ញវត្ថុ នឹងបច្ចេកទេសបោសសម្អាតគ្រាប់មីននឹង យុទ្ធភណ្ឌមិនទាន់ផ្ទុះដល់បណ្តាប្រទេសជាសមាជិក។

កម្ពុជា២០២៤ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអនុសញ្ញាអូតាវ៉ា នឹងកៀងគរប្រទេសទាំង៤នៃសមាជិកអាស៊ាន ដូចជា៖ឡាវ សិង្ហបុរី, មីយ៉ាន់ម៉ា, វៀតណាមឱ្យចូលជាសមាជិកអូតាវ៉ា ដើម្បីបំពេញបេសកម្មបោសសម្អាតមីន។

អនុញ្ញាអូតាវ៉ា មានប្រទេសចំនួន១៦៤ ជាសមាជិករួចមកហើយ រដ្ឋភាគីចូលជាសមាជិកអនុសញ្ញាអូតាវ៉ានឹងទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុ ធនធានបច្ចេកទេស ។ កិច្ចប្រជុំអនុសញ្ញាអូតាវ៉ា អនុវត្តរៀងរាល់៥ឆ្នាំម្តង ប្រទេសជាម្ចាស់ផ្ទះកិច្ចប្រជុំនឹងធ្វើផែនការសកម្មភាព៥ឆ្នាំបន្តនៃអនុសញ្ញាអូតាវ៉ា។

សូមបញ្ជាក់ថា៖ នៅឆ្នាំ២០២៥កម្ពុជាគ្មានគ្រាប់មីន ការផ្តល់ដីដោយសុវត្ថិភាព និងដោយស្នាមញញឹម លោកសូមអំពាវនាវសប្បុរសជនមេត្តាបន្តចូលរួមឧបត្ថម្ភទៅតាមលទ្ធភាព។ សូមឱ្យឆ្នាំ២០២៥ ក្លាយជាឆ្នាំគ្មានមនុស្សស្លាប់របួស និងជាឆ្នាំប្រកបដោយស្នាមញញឹមបន្ទាប់ពីរងគ្រោះដោយសារគ្រាប់មីនរយៈពេល៥៥ឆ្នាំ (១៩៧០- ២០២៥)។ខេត្តដែលប្រកាសអស់មីន ក្នុងឆ្នាំ២០ ២៣ (មាន៦ខេត្ត) ខេត្តកំពង់ស្ពឺ ខេត្តក្រចេះ ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី៕

ដោយ ៖ សំរិត


ចែករំលែក៖