ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលបង្ហាញមុខក្រុមក្មេងទំនើង១០នាក់ ជិះម៉ូតូដើរកាប់ពលរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ក្រុមក្មេងទំនើង១០នាក់ ដែលតែងតែជិះម៉ូតូធ្វើសកម្មភាព ដើរកាប់ប្រជាពលរដ្ឋនៅតាមដងផ្លូវ និង កន្លែងសួន ត្រូវបានសមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងធ្វើការបង្ហាញមុខក្រុមក្មេងទំនើងទាំងនេះ ក្រោយពីសមត្ថកិច្ចបានធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនបានជាបន្តបន្ទាប់ ។

នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះសមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង បានបង្ហាញមុខក្រុមក្មេងទំនើង នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ។

  លោកវរសេនីយឯក ពេជ្រ សុឃឿ ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានប្រាប់ឱ្យដឹងថា ក្រុមក្មេងទនើងទាំងនេះបានធ្វើសកម្មភាព កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ មុនពេលធ្វើសកម្មភាពក្រុមក្មេងទំនើងទាំងនេះបានណាត់ជួបគ្នា ហើយបានរៀបចំធ្វើសកម្មភាពជិះម៉ូតូពីក្រុងកំពង់ឆ្នាំង ជិះតាមផ្លូវជាតិលេខ៥ ឆ្ពោះទៅរង្វង់មូលស្រ្តីស្មូនឆ្នាំង ពេលទៅដល់ក៏ឃើញជនរងគ្រោះ២នាក់ បានជិះម៉ូតូ ហើយបានទាញដាវកាប់ទៅលើជនរងគ្រោះតែម្តង បណ្តាលឱ្យជនរងគ្រោះរងរបួសជាទម្ងន់ ក្រោយពីធ្វើសកម្មភាពរួចហើយ ក្រុមក្មេងទំនើងទាំងនេះបានជិះម៉ូតូតាមផ្លូវវាងក្រុង ហើយសំដៅមករង្វង់មូលឆ្នាំងថ្មី ហើយបានឃើញយុវជនម្នាក់ទៀតកំពុងអង្គុយ លើម៉ូតូ ហើយបានចុះធ្វើសកម្មភាពដេញកាប់តែម្តង តែជនរងគ្រោះឃើញទាន់ ក៏បានរត់ចោលម៉ូតូ ។ ពេលនោះក្រុមក្មេងទំនើងឃើញជនរងគ្រោះរត់ចោលម៉ូតូ ក៏យកដាវ កាប់ទៅលើម៉ូតូ និង កាប់ផ្តាច់ស្លាកលេខម៉ូតូជនរងគ្រោះយកទៅបាត់តែម្តង ។

  លោកវរសេនីយឯក ពេជ្រ សុឃឿ ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានឱ្យដឹងទៀតថា ដោយអនុវត្តតាមបទបញ្ជាររបស់លោកឧត្តមសេនីយទោ ខូវ លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងបាន កម្លាំងជំនាញ បានសហការជាមួយអាជ្ញាធរមូលដ្ឋានធ្វើការស្រាវជ្រាវ និង តាមឃាត់ខ្លួនបានជាបន្តបន្ទាប់ យកមកស្នងការដ្ឋាននគរបាលខេត្ត កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីអនុវត្តបន្តតាមនីតិវិធី ។  

  យោងតាមចំលើយសារភាពរបស់ជនសង្ស័យ បានសារភាពប្រាប់សមត្ថកិច្ចថា ពួកគេពិតជាបានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះពិតប្រាកដមែន ចំពោះការកាប់ទៅលើជនរងគ្រោះពុំមានគុំនំនឹងគ្នានោះទេ  គឺពួកគេកាប់ដើម្បីកាត់សាញតែប៉ុណ្ណោះ ។ 

  គួរបញ្ជាក់ថា ក្រុមកមក្មេងទំនើងនេះតែងតែបានធ្វើសកម្មភាព បង្ករអោយមានការភ័យខ្លាចដល់ប្រជាពលរដ្ឋជាខ្លាំង ទាំងសន្តិសុខនិងសុវត្ថិភាពនៅក្នុងមូលដ្ឋាន ប្រជាពលរដ្ឋបានសាទរចំពោះចំណាត់ការរបស់សមត្ថកិច្ច ក្នុងការស្រាវជ្រាវនិងបង្រ្កាបនាពេលនេះ ៕

ដោយ ៖ ចន្ថា


ចែករំលែក៖