ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ៖ នៅក្នុងបរិបទសង្គមកម្ពុជាដែលកាន់តែអភិវឌ្ឍ កាន់តែទំនើប ការលើកកម្ពស់វិធានរស់នៅស្របតាមដំបូន្មានសាសនា គឺពិតជាសំខាន់ និងចាំបាច់ណាស់។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញស្រោចស្រព ព្រះសុគន្ធវារី ប្រគេនព្រះមន្ត្រីសង្ឃជាន់ខ្ពស់ ១១អង្គ នៅវត្តមុនីសុវណ្ណ (ហៅវត្តចំពុះក្អែក) ស្ថិតក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា គុណតម្លៃនៃការទូន្មានរបស់ព្រះតេជគុណគ្រប់ព្រះអង្គ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្ស។ ដើម្បីសម្រេចវត្ថុបំណងនេះបាន គឺតម្រូវឱ្យគ្រប់សាសនាទាំងអស់ ទាំងសាសនាព្រះពុទ្ធ សាសនាឥស្លាម សាសនាគ្រីស្ទ និងសាសនាដទៃទៀត មានគោលបំណងដូចៗគ្នា គឺការអប់រំមនុស្សឱ្យប្រតិបត្តិ ឱ្យមានផ្នត់គំនិត ស្មារតី និងសុចរិតភាព ប្រព្រឹត្តតែអំពើល្អ ចេះគោរពគ្នាទៅវិញទៅមក ដែលជាមូលដ្ឋានរស់នៅប្រកបដោយសីលធម៌ គុណធម៌ ការគោរពគ្នា និងសុខដុមរមនា។
សម្តេចមហាបវធិបតី បានលើកទ្បើងនូវទឡ្ហីករណ៍ ៣ ចំណុច ដែលឆ្លុះបញ្ចាំងឱ្យឃើញអំពីការរីកចម្រើន ក៏ដូចជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះព្រះពុទ្ធសាសនា និងភាពសុដុមរមនាជាមួយនឹងសាសនាដទៃទៀត ដែលមានដូចជា៖
(ទី១) យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានផ្តោតសំខាន់ទៅលើមនុស្ស ជាមុំមួយក្នុងចំណោមមុំនៃបញ្ចកោណទាំង៥ គឺការពង្រឹងភាពជាពលរដ្ឋក្នុងសង្គម ដែលមានអារ្យធម៌ខ្ពស់ប្រកបដោយសីលធម៌, សមធម៌ និងបរិយាបន្ន ព្រមទាំងការទទួលខុសត្រូវខ្ពស់ប្រកបដោយមនសិការស្នេហាជាតិ និងភក្តីភាពចំពោះអត្តសញ្ញាណនៃភាពជាខ្មែរ ។ កិច្ចការដ៏សំខាន់នេះអាចសម្រេចទៅបាន លុះត្រាតែមានការអប់រំទូន្មានតាមបែបសាសនា ជាពិសេស ការជំរុញការរស់នៅតាមពុទ្ធោវាទនៃព្រះពុទ្ធសាសនា។ នៅក្នុងបរិបទដែលសង្គមកម្ពុជាកាន់តែអភិវឌ្ឍ និងកាន់តែទំនើប, ការលើកកម្ពស់វិធាននៃការរស់នៅស្របតាមដំបូន្មាន នៃសាសនា គឺពិតជាសំខាន់ និងចាំបាច់ ហើយគុណតម្លៃនៃការទូន្មានរបស់ព្រះសង្ឃ នឹងរួមចំណែកដ៏សំខាន់ចំពោះការសម្រេចវត្ថុបំណងនេះ ។
ទី២) ការចូលរួមយ៉ាងកុះកររបស់ប្រជាជនកម្ពុជា ក្នុងការលើកស្ទួយព្រះពុទ្ធសាសនា និងសាសនាដទៃទៀត ជាតឹកតាងមិនអាចខ្វះបាននៃការបន្តគោរពជំនឿសាសនាយ៉ាងមោះមុតរបស់ប្រជាជនកម្ពុជា បើទោះជាសាសនាធ្លាប់ត្រូវបានលុបបំបាត់ ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពតក៏ដោយ ។ ជាក់ស្តែង, បើប្រៀបធៀបជាមួយនឹងពេលរបបប៉ុលពត ដែលពេលនោះវត្តអារាមត្រូវបានបិទទាំងស្រុងនៅទូទាំងប្រទេស, បច្ចុប្បន្ន យើងមានវត្តអារាមសរុបចំនួន ៥១៣៣ វត្ត, មានព្រះសង្ឃចំនួន ៦៨ ៩៦៧ អង្គ, និងថែមទាំងមានវិហារនៃសាសនាឥស្លាម និងសាសនាគ្រិស្ត ជាច្រើនទៀត នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ។ សមិទ្ធផលទាំងនេះ ដែលភាគច្រើនបានមកពីការរួមជាវិភាគទាន របស់ប្រជាជនកម្ពុជាផ្ទាល់ ហើយទាំងនេះ គឺបានបង្ហាញយ៉ាងច្បាស់អំពីទំនាក់ទំនងមិនអាចកាត់ផ្តាច់បានរវាងផ្នែកអាណាចក្រ និងសាសនាចក្រ ។
(ទី៣) ទោះបីជាព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ, សិទ្ធិសេរីភាពនៃការគោរពជំនឿសាសនាត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ ហើយប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិពេញលេញ ក្នុងការគោរពប្រតិបត្តិសាសនាផ្សេងៗ ដោយគ្មានការរើសអើងឡើយ ។ រហូតមកដល់ពេលនេះ, នៅក្នុងប្រទេសកម្ពុជាយើង គ្មានប្រជាពលរដ្ឋណាម្នាក់ ត្រូវបានធ្វើទុក្ខបុកម្នេញដោយសារតែការគោរពជំនឿសាសនារបស់ពួកគេនោះទេ ។ ផ្ទុយទៅវិញ, ការគោរព និងការប្រតិបត្តិជំនឿសាសនាផ្សេងៗគ្នារបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់ៗរូប ត្រូវបានធានាការពារនៅក្នុងលក្ខខណ្ឌដែលមិនធ្វើឱ្យប៉ះពាល់ដល់ជំនឿ ឬសាសនាដទៃ ក៏ដូចជាដល់សណ្តាប់ធ្នាប់សង្គម និងសន្តិសុខសាធារណៈ ។ យើងអាចនិយាយបានថា មិនមានជម្លោះសាសនានៅកម្ពុជាទេ ។ នេះជាតថភាពមួយដែលយើងគួរមានមោទនភាព ព្រោះមានប្រទេសជាច្រើន ដែលមិនអាចធានាបាននូវសុខដុមនីយកម្មសាសនាបាន ដែលពេលខ្លះបានបង្កជាជម្លោះបែកបាក់រវាងប្រជាជន នៅក្នុងសហគមន៍សាសនាខុសៗគ្នាទៀតផង ៕
ដោយ ៖ សហការី