ព័ត៌មានទាន់ហេតុការណ៍៖

ប្រកាសចូលកាន់មុខតំណែងលោកឧត្តមសេនីយ៍ត្រី​ ថុល​ សុធី ជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង ៖ នៅព្រឹកថ្ងៃទី១៧​ ខែវិច្ឆិកា​ ឆ្នាំ២០២៣នេះ​ លោក ប៉េង​ ពោធិ៍សា​ អភិបាលខេត្តស្វាយរៀង​ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត​ លោក​ ឧត្តមសេនីយ៍ទោ​ ប៉ែន​ សារ៉ុន​ អនុរដ្ឋលេខាធិការក្រសួងការពារជាតិ​ និងលោក ឧត្តមសេនីយ៍ទោ​ កៅ​ តឹក​ មេបញ្ជាការងយោធភូមិភាគទី២​ តំណាងលោក ឧត្តមសេនីយ៍ឯក ជឿន សុវណ្ណថា មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី២ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងលោកឧត្តមសេនីយ៍ត្រី​ ថុល​ សុធី ជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តស្វាយរៀង។ 

ថ្លែងក្នុងឱកាសនោះ លោក​អភិបាលខេត្ត បានសម្តែងនូវការកោតសសេីនូវស្នាដៃនិងសមិទ្ធផលល្អៗជាច្រេីនក្នុងអាណត្តិដឹកនាំរបស់ លោក ឧត្តមសេនីយ៍ទោ ប៉ែន​ សារ៉ុន អតីតមេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងស្វាយរៀង​ ក្នុងនោះក៏សូមចូលរួមអបអរសាទរ លោក ដែលត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំងជា អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ​ ព្រមទាំងសូមអបអរសាទរជាមួយលោកមញ្ជាការថ្មី ដែលត្រូវបានតែងតាំងមុខតំណែង និងប្រកាសនាពេលនេះ​ ដែលនេះជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ដោយឈរលើការពិនិត្យ និងវាយតម្លៃយ៉ាងល្អិតល្អន់ ពិសេសវាយតម្លៃអំពីឆន្ទៈ សមត្ថភាព អតីតភាពការងារ ចំណេះដឹង បទពិសោធន៍ និងលក្ខណៈសម្បត្តិជាច្រើនទៀត។ 

 លោកឧត្តមសេនីយ៍ទោ​ កៅ​ តឹក​ មេបញ្ជាការងយោធភូមិភាគបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្តដឹកនាំនាវាកម្ពុជា ធានាបាននិរន្តរភាពជាតិ សន្តិភាព ស្ថិរភាពយូរអង្វែង ដែលជាមូលដ្ឋានគ្រឹះ ក្នុងការអភិវឌ្ឍប្រទេសជាតិ ក៏ដូចជាលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

លោកឧត្តមសេនីយ៍ទោ​ក៏បានផ្តាំផ្ញើដល់គ្រប់កងឯកភាពនៃតំបន់ប្រតិបត្តិការសឹករងខេត្តត្រូវយកចិត្តទុកដាក់កសាងធនធានមនុស្សគ្រប់ជំនាញ ឲ្យសមស្របទៅនឹងផែនការយុទ្ធសាស្ត្រកំណែទម្រង់កងយោធពលខេមរភូមិន្ទ ដោយធ្វើការបណ្តុះបណ្តាលនាយទាហានវ័យក្មេងមានសមត្ថភាពឱ្យចូលក្នុងជួរថ្នាក់ដឹកនាំ៕

ដោយ ៖ សហការី


ចែករំលែក៖