ភ្នំពេញ៖ ក្រោយពីមានកិច្ចសន្យាផលិតកម្មកសិកម្ម ស្តីពីការផ្គត់ផ្គង់ផលិតផលកាហ្វេស្រស់ រវាងអ្នកក្រុមផលិតជាមួយក្រុមហ៊ុនប្រមូលទិញ ផលិតផលគ្រាប់កាហ្វេស្រស់ ឬគ្រាប់កាហ្វេឆៅចម្រុះ នៅខេត្តមណ្ឌលគិរី មានការកើនឡើងជាអតិបរមាចន្លោះពី២០០រៀល ទៅ៣០០រៀលក្នុង១គីឡូក្រាម សម្រាប់ឆ្នាំ២០២៣នេះ។
បេីតាមប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី លោកបណ្ឌិត សុង ឃាង បានបញ្ជាក់ថា «តម្លៃគ្រាប់កាហ្វេស្រស់ ឬ គ្រាប់កាហ្វេឆៅ ចម្រុះមានតម្លៃចន្លោះ ១៣៥០រៀល ទៅ១៥០០រៀល នៅក្នុងឆ្នាំ២០២៣នេះ ដែលកើនឡើងពី២០០រៀល ទៅ៣០០រៀល ហើយរំពឹងថាតម្លៃគ្រាប់កាហ្វេស្រស់ ឬគ្រាប់កាហ្វេឆៅចម្រុះ នៅតែអាចបន្តកើនដល់ចន្លោះពី១៤០០រៀល ទៅ១៦០០រៀល ក្នុង១គីឡូក្រាម សម្រាប់ឆ្នាំបន្តបន្ទាប់ទៀត»។
លោកប្រធានមន្ទីរូបនេះ បន្តថា កត្តាដែលធ្វើឲ្យតម្លៃគ្រាប់កាហ្វេស្រស់ ឬកាហ្វេឆៅ មានការកើនឡើង ដោយសារតែមានការសហការជាមួយគ្នា រវាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី ជាមួយក្រុមហ៊ុន ខូហ្វី ក្នុងរយៈពេល២ឆ្នាំ ដើម្បីប្រមូលទិញយកគ្រាប់កាហ្វេស្រស់ ក្នុងតម្លៃខ្ពស់នៅលើទីផ្សារ។ មិនត្រឹមតែប៉ុណ្ណោះ ការរក្សាតម្លៃទីផ្សារ ផលិតផលកាហ្វេស្រស់ ឬគ្រាប់កាហ្វេឆៅ បានចូលរួមចំណែកលើកកម្ពស់ ជីវភាពរស់នៅកសិករ កាន់តែប្រសើរឡើង និងមានភាពធន់ជាងមុន និងអាចពង្រឹងទៅលើការដាំដុះ ដើម្បីធានានូវខ្សែចង្វាក់ផ្គត់ផ្គង់ត្រឹមត្រូវតាមស្តង់ដារ និងនិរន្តរភាព។
លោកប្រធានមន្ទីរូបនេះ បានគូសបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២៣ មានកសិករប្រមាណចំនួន ៣៦៥គ្រួសារ និងក្រុមហ៊ុនចំនួន១ ដែលមានផ្ទៃដីសរុបចំនួន ៥២៥ហិកតា បានធ្វើការដាំដុះកាហ្វេ បើទោះបីជាចំនួនគ្រួសារ មានការកើនឡើងបន្តិចបន្តួច តែមានការពង្រីកផ្ទៃដីដាំដុះជាងមុន៕
ដោយ៖ សហការី