ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីចិននិងជប៉ុនជួបពិភក្សាគ្នាពង្រឹងទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធ

ចែករំលែក៖

នៅរសៀលថ្ងៃទី ១៦ ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុននៅទីក្រុង San Francisco សហរដ្ឋអាមេរិក។
ថ្លែងក្នុងកិច្ចជំនួប លោក Xi Jinping បានលើកឡើងថា បច្ចុប្បន្នស្ថានការណ៍អន្តរជាតិមានបម្រែបម្រួលនិងភាពរង្គោះរង្គើក្នុងពេលតែមួយ ហានិភ័យនិងបញ្ហាប្រឈមលេចចេញឥតឈប់ឈរ។ ការរួមរស់ដោយសន្តិសហវិជ្ជមាន រាប់អានគ្នាគ្រប់ជំនាន់ ផ្តល់ផលប្រយោជន៍ដល់គ្នានិងធ្វើកិច្ចសហប្រតិបត្តិការ គឹសមស្របនឹងទិសដៅដ៏ត្រឹមត្រូវនៃផលប្រយោជន៍ជាមូលរដ្ឋរបស់ប្រជាជននៃប្រទេសទាំងពីរចិននិងជប៉ុន។ ភាគីទាំងពីរគួរក្តាប់ជាប់និន្នាការប្រវត្តិសាស្ត្រ សម្របទៅនឹងចរន្តយុគសម័យ ផ្តោតលើផលប្រយោជន៍រួម ដោះស្រាយឱ្យសមរម្យនូវការខ្វែងគំនិតគ្នា គោរពយ៉ាងម៉ឺងម៉ាត់នូវរាល់គោលការណ៍ដែលបានកំណត់ដោយឯកសារនយោបាយទាំងបួនរវាងចិននឹងជប៉ុន ហើយបញ្ជាក់ច្បាស់ជាថ្មីនូវទំនាក់ទំនងផ្តល់ការអនុគ្រោះទៅវិញទៅមកជាយុទ្ធសាស្រ្ត ធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីកសាងទំនាក់ទំនងរវាងចិននឹងជប៉ុនដែលបន្ស៊ីនឹងតម្រូវការនៃយុគសម័យថ្មី។
លោក Xi Jinping បានគូសបញ្ជាក់ថា បញ្ហាធំនិងសំខាន់ដែលជាគោលការណ៍ដូចជា ប្រវត្តិសាស្រ្តនិងតៃវ៉ាន់ជាដើមគឺពាក់ព័ន្ធនឹងមូលដ្ឋានគ្រឹះនយោបាយនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ភាគីជប៉ុនត្រូវគោរពពាក្យសន្យា ដើម្បីធានាជាក់លាក់ថាមូលដ្ឋានគ្រឹះនៃទំនាក់ទំនងចិន-ជប៉ុនមិនរងការខូចខាតនិងមិនរង្គោះរង្គើ។
ភាគីទាំងពីរគួរពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការនិងជួយគ្នាទៅវិញទៅមក ដោយគាំពារប្រព័ន្ធពាណិជ្ជកម្មសេរីសកលយ៉ាងប្រាកដប្រជា ដើម្បីសម្រេចបាននូវការផ្តល់ផលប្រយោជន៍ដល់គ្នានិងឈ្នះ=ឈ្នះក្នុងកម្រិតកាន់តែខ្ពស់។ ប្រទេសទាំងពីរគួរផ្សព្វផ្សាយគុណតម្លៃអាស៊ីដែលចាត់ទុកសន្តិភាព កិច្ចសហប្រតិបត្តិការ បរិយាបន្ននិងការរួមបញ្ចូលគ្នាជាស្នូល អនុវត្តពហុភាគីនិយមដ៏ពិតប្រាកដ និងជំរុញដំណើរសមាហរណកម្មក្នុងតំបន់ដើម្បីរួមគ្នាឆ្លើយតបនឹងបញ្ហាប្រឈមសកល៕ ដោយ៖ ធីរីណា

រូប​ថត​៖ AP


ចែករំលែក៖