ព័ត៌មានទាន់ហេតុការណ៍៖

មិនទាន់មានកិច្ចព្រមព្រៀងរវាងអ៉ីស្រាអែលនឹងក្រុមហាម៉ាស់នៅឡើយទេ

ចែករំលែក៖

សារព័ត៌មាន AFP បានផ្សាយថា សេតវិមាន នៅថ្ងៃសៅរ៍ទី១៨ ខែវិច្ឆិកានេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានបដិសេធការចុះផ្សាយព័ត៌មានដែលថាប្រទេសកាតារបានជួយសម្របសម្រួលឱ្យមានកិច្ចព្រមព្រៀងមួយរវាងអ៉ីស្រាអែលនឹងក្រុមហាម៉ាស់ គាំទ្រដោយសហរដ្ឋអាមេរិកលើបទឈប់បាញ់រយៈពេល៥ថ្ងៃ ជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំងរាប់សិបនាក់។
ការបដិសេធរបស់សេតវិមាន ធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយកាសែតអាមេរិក Washington Post បានរាយការណ៍ថា អ៉ីស្រាអែលនិងក្រុមហាម៉ាស់បានឈានដល់កិច្ចព្រមព្រៀងបឋមមួយគាំទ្រដោយសហរដ្ឋអាមេរិក ដើម្បីដោះលែងចំណាប់ខ្មាំងរាប់សិបនាក់ជាថ្នូរនឹង បទឈប់បាញ់រយៈពេល ៥ថ្ងៃ។
កាសែតអាមេរិក Washington Post ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើក្រុមមន្ត្រីអាមេរិកដែលបានដឹងពីកិច្ចព្រមព្រៀងខាងលើ។ តាមកិច្ចព្រមព្រៀងមានកម្រាស់៦ទំព័រនេះដដែល ភាគីទាំងអស់នឹងផ្អាកការប្រយុទ្ធរយៈពេល ៥ថ្ងៃ ខណៈដែលចំណាប់ខ្មាំង៥០នាក់ ឬអាចច្រើនជាងនេះ នឹងត្រូវបានដោះលែងជាក្រុមតូចៗក្នុងរយៈពេលរៀងរាល់២៤ម៉ោង។ បន្ថែមពីលើនេះ កិច្ចព្រមព្រៀងក៏មានបំណងអនុញ្ញាតដល់ការផ្ដល់ជំនួយមនុស្សធម៌សម្រាប់ប្រជាជនស៊ីវិលផងដែរ។ Washington Post បានបន្ថែមទៀតថាចំណាប់ខ្មាំងអាចនឹងត្រូវបានដោះលែងនៅប៉ុន្មានថ្ងៃខាងមុខនេះ។
យ៉ាងណាក៏ដោយ ក្នុងសារមួយលើបណ្ដាញទំនាក់ទំនងសង្គម X អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន លោកស្រី Adrienne Watson បានច្រានចោលការចុះផ្សាយបែបនេះ ដោយគូសបញ្ជាក់ដូច្នេះថា «យើងមិនទាន់ឈានដល់កិច្ចព្រមព្រៀងណាមួយនៅឡើយទេ ប៉ុន្តែយើងនឹង ប្រឹងប្រែងធ្វើការដើម្បីសម្រេចឱ្យបានកិច្ចព្រមព្រៀង»។
នៅក្នុងការវាយប្រហារលើភាគខាងត្បូងប្រទេសអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ក្រុមហាម៉ាស់បានចាប់មនុស្សជាង ២៤០នាក់ជាចំណាប់ខ្មាំង និងសម្លាប់ជនជាតិអ៉ីស្រាអែល ១២០០នាក់ ក្នុងនោះភាគច្រើនជាជនស៊ីវិល។ ចំណែកក្រុមមន្ត្រីហាម៉ាស់ក៏បានអះអាងដែរថា ការវាយប្រហារសងសឹករបស់អ៉ីស្រាអែលដែលបានឈានចូលដល់សប្ដាហ៍ទី៧ បានសម្លាប់មនុស្សជាង ១២,៣០០នាក់ ក្នុងនោះមានកុមារ ៥,០០០នាក់៕

ដោយ៖ ធីរីណា(រូបថត៖ Reuters)


ចែករំលែក៖